ខេត្តកំពត ៖ ស្ត្រីមេម៉ាយវ័យចំណាស់ម្នាក់ រស់នៅក្នុងជីវភាពក្រីក្រតោកយ៉ាក ខ្វះមុខខ្វះក្រោយ និងត្រូវរ៉ាប់រងចិញ្ចឹមចៅតូច ដល់ទៅ ៥នាក់ ស្រាប់តែអកុសល កើតមានករណីអគ្គិភ័យឆាបឆេះផ្ទះលោកយាយ បណ្តាលឱ្យខូចខាតអស់ ដោយសមត្ថកិច្ចសង្ស័យថា អាចបណ្តាលមកពីចៅតូចៗ លេងភ្លើង។

ករណីអគ្គិភ័យឆេះផ្ទះនេះ បានកើតឡើង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នៅចំណុចភូមិកណ្តាល ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស។
ផ្ទះដែលត្រូវភ្លើងឆេះបំផ្លាញ មានទំហំ ៥ម៉ែត្រ គុណនឹង ៦ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងដោយធាងដូង ជាកម្មសិទ្ធិរបស់ស្ត្រីចំណាស់ម្នាក់ អាយុប្រមាណ៧០ឆ្នាំប្លាយ និងរស់នៅជុំចៅតូចៗ ចំនួន៥នាក់ទៀត។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានឱ្យដឹងថា នៅវេលាម៉ោង ១០ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ មានករណីឆ្លងចរន្តអគ្គិសនីមួយ បានកើតឡើងនៅ ភូមិកណ្តាល ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស។ ករណីនេះរថយន្តពន្លត់អគ្គិភ័យរបស់អធិការស្រុក មិនអាចសង្គ្រោះបាន ដោយសារផ្លូវតូច រថយន្តមិនអាចចូលបាន។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ថា ករណីនេះ លោកពិនិត្យឃើញថា លោកយាយចិញ្ចឹមចៅ ចំនួន៥នាក់ ក្នុងបន្ទុក ហើយមានជីវភាពខ្វះខាតទៀត ដូច្នេះលោករួមនិងលោកអធិការស្រុកបន្ទាយមាស នឹងសហការគ្នាធ្វើផ្ទះជូនលោកយាយ ដើម្បីបានស្នាក់នៅ សមរម្យឡើងវិញឆាប់ៗនេះ។
គួរបញ្ជាក់ថា តាមការចុះពិនិត្យនិងសន្និដ្ឋានរបស់សមត្ថកិច្ច ករណីអគ្គិភ័យឆាបឆេះផ្ទះខាងលើនេះ អាចបណ្តាលមកពីចៅម្នាក់ ក្នុងចំណោមចៅទាំង៥នាក់ ដែលលោកយាយចិញ្ចឹមនោះ លេងភ្លើង ពេលជីដូនមិននៅ ទើបធ្វើឱ្យកើតមានការឆាបឆេះផ្ទះ។

ក្រោយកើតហេតុ លោកនូរ ច័ន្ទដា អភិបាលស្រុកបន្ទាយមាស បានដឹកនាំមកន្ត្រី ចុះមកដល់ភ្លាមៗ និងជួយជាថវិកាមួយចំនួន ហើយបញ្ជាក់ថា មន្ត្រីអនុសាខាកាកបាទក្រហមស្រុក នឹងនាំយកអំណោយមកផ្តល់ជូន ដើម្បីដោះស្រាយក្នុងគ្រាបន្ទាន់មួយរយៈសិន៕