ខេត្តបាត់ដំបង ៖ មន្ត្រីនគរបាលអង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨២៣ ដែលបានយករថយន្តរបស់អង្គភាព ពាក់ស្លាកលេខ នគរបាល ទៅការពាររថយន្តដឹកបទល្មើសព្រៃឈើ ចេញពីស្រុកសំឡូត ទាំងកណ្តាលអធ្រាត្រ រួមទាំងមេអង្គភាពផង ត្រូវបានដកបញ្ឈរជើង និងដាក់ទណ្ឌកម្មវិន័យរបស់កងកម្លាំង។

លោកដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ថា ក្រោយពីផ្ទុះរឿងនេះឡើង លោកបានបញ្ជាឱ្យមន្ត្រីការិយាល័យជំនាញ អញ្ជើញមេអង្គភាពវរសេនាតូច នគរបាលការពារព្រំដែនគោក លេខ ៨២៣ និងមន្ត្រីក្រោមឱវាទ ដែលបានយករថយន្តរបស់អង្គភាព ទៅប្រើប្រាស់បើកការពាររថយន្តដឹកឈើ ទាំងកណ្តាលយប់នោះ មកសាកសួររួចហើយ និងថែមទាំងបានបញ្ជាឱ្យដកយកមកបញ្ឈរជើង និងដាក់ទណ្ឌកម្មវិន័យកងកម្លាំង ទៅលើពួកគេទៀតផង ដើម្បីធ្វើការស៊ើបអង្កេតបន្ត។

គួររំលឹកថា សំណុំរឿងរថយន្តពាក់ស្លាកលេខ នគរបាល ដែលមានបិទឡោហ្គោ អគ្គស្នងការនគរបាលជាតិ លើទ្វារខាងមុខផងនោះ ត្រូវបានក្រុមអ្នកសារព័ត៌មានអនឡាញ មួយក្រុមតាមប្រមាញ់រូបភាពបានជាក់ស្តែង ពេលកំពុងបើកការពាររថយន្តដឹកបទល្មើសព្រៃ ១គ្រឿង ប្រភេទសាំងយ៉ុង កាលពីយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ។

តាមរយៈការធ្វើអត្ថាធិប្បាយក្នុងទូរទស្សន៍អនឡាញនោះ រថយន្តដឹកបទល្មើសព្រៃឈើ ដែលរុំគ្របជិតឈឹង បានធ្វើដំណើរចេញពីព្រំដែនខ្មែរ-ថៃ ពីស្រុកសំឡូត ឆ្លងកាត់ទឹកដីឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ រួចសំដៅ ឡើងលើផ្លូវជាតិលេខ៥ ឆ្លងកាត់ស្រុកមោងឫស្សី ឆ្ពោះទៅទិសខាតកើត។

រថយន្តដឹកឈើដែលបើកការពារសុវត្ថិភាព ដោយរថយន្តពាក់ស្លាក នគរបាលនោះ បានឆ្លងកាត់ស្រុកមោង ឫស្សី តាមផ្លូវជាតិលេខ៥ រហូតដល់ព្រំប្រទល់ស្រុកបាកាន ខេត្តពោធិ៍សាត់ ទើបគេឃើញរថយន្តស្លាកលេខ នគរបាល២-៣០៥៥ នោះ បើកត្រឡប់ក្រោយ ឆ្ពោះទៅកាន់ ស្រុកសំឡូតវិញ ដែលមានមនុស្សជិះក្នុងរថយន្តនោះ ប្រមាណពី៥ទៅ៦នាក់។

ក្រោយពីមានការបែកធ្លាយតាមបណ្តាញសង្គមនានាមក នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោកស្នងការខេត្តនគរបាលខេត្តបាត់ដំបង បានប្រតិកម្មចំពោះរឿងនេះ និងបានចេញបញ្ជាភ្លាមៗដល់មន្ត្រីជំនាញ ឱ្យធ្វើការស្រាវជ្រាវរកអត្តសញ្ញាណរថយន្តពាក់ស្លាកលេខនគរបាល បើកការពាររថយន្តដឹកឈើនោះ។ មិនបានប៉ុន្មាននាទីផង ស្រាប់តែបែកធ្លាយដំណឹងថា រថយន្តនោះ ម៉ាក Mazda ពណ៌ស ពាក់ស្លាកលេខ នគរបាល ២-៣០៥៥ និងមានបិទឡោហ្គោ អគ្គស្នងការនគរបាលជាតិ លើទ្វារសងខាងទៀតផង។ រថយន្តនេះបម្រើការនៅអង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨២៣ ដែលមានលោកសូត្រ សំអុល ជាមេបញ្ជាការ និងមានទីតាំងនៅបណ្តោយផ្លូវទៅច្រកតំបន់ “៤០០” ក្នុងស្រុកសំឡូត ។

លោកវេ គឹមស៊ីម នាយការិយាល័យបុគ្គលិក នៃស្នងការខេត្ត បានទទួលបទបញ្ជាពីលោកស្នងការ ឱ្យកោះហៅមន្ត្រីពាក់ព័ន្ធក្នុងសំណុំរឿងនេះ រាប់ទាំងលោកសូត្រ សំអុល មេអង្គភាពនេះផងមកសួរនាំរឿងយកឡានអង្គភាព ទៅការពារឡានដឹកឈើ និងត្រូវបានគេបកស្រាយថា “តាមពិតរឿងនេះ ពិតជាមានមែន តែឈើនោះជាឈើចាស់ៗ ដែលរើផ្ទះចាស់នៅចំណុចទឹកសុខ ក្នុងស្រុកសំឡូត ដឹកយកទៅទុកនៅស្រុកមោងឫស្សី”។
លោកបាននិយាយទៀតថា ឈើនោះជារបស់មន្ត្រីនគរបាលម្នាក់ ដែលនៅអង្គភាពការពារព្រំដែនគោក លេខ៨២៣នោះ ហើយក៏ជាអ្នកយករថយន្តអង្គភាព ទៅបើកជូនដំណើររថយន្តដឹកឈើនោះដែរ។ មន្ត្រីរូបនេះ បានរុះរើផ្ទះចាស់របស់ខ្លួន នៅម្តុំទឹកសុខ ក្នុងស្រុកសំឡូត រួចប្រមូលដឹកយកទៅទុកនៅផ្ទះគាត់ នៅស្រុកមោង ឫស្សី។

ជុំវិញករណីខាងលើនេះ អ្នកសារព័ត៌មាន មិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោកសូត្រ សំអុល មេបញ្ជាកាវរសេនាតូច នគរបាលការពារព្រំដែនគោកលេខ៨២៣ បាននៅឡើយទេ កាលពីម្សិលមិញ៕