ខេត្តមណ្ឌលគិរី ៖ ជនជាតិបរទេស ២៥៨នាក់ រួមមាន ចិន មីយ៉ាន់ម៉ា វៀតណាម និងម៉ាឡេស៊ី ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងនគរបាលខេត្តមណ្ឌលគិរី បើកប្រតិបត្តិការបង្ក្រាប ពាក់ព័ន្ធករណីបទល្មើសអនឡាញខុសច្បាប់។

ប្រតិបត្តិការបង្ក្រាបបទល្មើសអនឡាញនេះ បានធ្វើឡើង កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ នៅត្រង់ចំណុចសណ្ឋាគារ មេគង្គ៧៤ ក្នុងសង្កាត់មនោរម្យ ក្រុងសែនមនោរម្យ។
យោងតាមសេចក្តីរាយការណ៍ បានឱ្យដឹងកាលពីព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ ថា ប្រតិបត្តិការបង្ក្រាបបទ ល្មើសអនឡាញទ្រង់ទ្រាយនេះ បានធ្វើឡើងកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ក្រោយទទួលព័ត៌មាន និងសេចក្តីរាយការណ៍ដែលផ្ញើចូលផេកហ្វេសប៊ុក របស់ក្រសួងមហាផ្ទៃ។

លទ្ធផលនៃការបង្ក្រាប សមត្ថកិច្ចបានរកឃើញជនបរទេសកំពុងស្នាក់នៅនិងធ្វើការ សរុប២៥៨នាក់ ក្នុងនោះ មាន៤សញ្ជាតិ (ចិន ២៤៧នាក់ មីយ៉ាន់ម៉ា ៩នាក់ ម៉ាឡេស៊ី ម្នាក់ និងវៀតណាម ម្នាក់)។
ក្រោយការចុះបង្ក្រាប កម្លាំងនគរបាលជំនាញបានជនសង្ស័យ១៤នាក់ (ចិន ៧នាក់ មីយ៉ាន់ម៉ា ៧នាក់) ដែលមានសញ្ញាណពាក់ព័ន្ធប្រព្រឹត្តសកម្មភាពប្រើអំពើហិង្សា និងបង្ខំឱ្យធ្វើការ។

សម្រាប់វិធានការបន្ត កម្លាំងនគរបាលបានបញ្ជូនជនសង្ស័យ១៤នាក់ (ចិន ៧នាក់ មីយ៉ាន់ម៉ា ៧នាក់) និងជនរងគ្រោះជនជាតិចិនម្នាក់ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីសាកសួរបន្ត។

ដោយឡែក ជនបរទេសចំនួន២៤៣នាក់ទៀត (ចិន ២៣៩នាក់ មីយ៉ាន់ម៉ា ២នាក់ ម៉ាឡេស៊ី ១នាក់ វៀតណាម ១នាក់) ត្រូវបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តនីតិវិធី៕