Thursday, March 13, 2025
Homeសេដ្ឋកិច្ចជាតិស្ពានខ្ពស់ជាងគេនៅកម្ពុជា គ្រោងដាក់ឱ្យឆ្លង មុនចូលឆ្នាំខ្មែរ

ស្ពានខ្ពស់ជាងគេនៅកម្ពុជា គ្រោងដាក់ឱ្យឆ្លង មុនចូលឆ្នាំខ្មែរ

ខេត្តពោធិ៍សាត់ ៖ ស្ពានដែលកំពុងល្បីខ្ពស់ជាងគេនៅកម្ពុជា បានស្ថាបនាជិតរួចរាល់ជាស្ថាពរហើយ និងគ្រោងដាក់ឱ្យដំណើរការសាកល្បងជាបណ្តោះអាសន្ន នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ២០២៥ ខាងមុខ នេះ។

ស្ពាននេះមានប្រវែងសរុប ៥៣៧ម៉ែត្រ កម្ពស់៩០ម៉ែត្រ ទទឹង១០ម៉ែត្រ សណ្តូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រំ ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ លើកំណាត់ផ្លូវជាតិលេខ១០ តភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទៅកាន់ខេត្តកោះកុង។

ទាំងផ្លូវជាតិលេខ១០ និងស្ពានទី២៨នេះ សម្រេចបានប្រមាណ ៩៦ភាគរយហើយ ដោយកាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ បានដំឡើធ្នឹមបណ្តោយស្ពាន ទាំង៩ប្រឡោះ ដែលមួយប្រឡោះ មាន៤ធ្នឹម រួចរាល់ហើយ។ ការងារបន្ទាប់ គឺជាដំណើរការរុះរើរន្ទា ដំឡើងធ្នឹមកាត់ទទឹង ចាក់បេតុង ចាក់កម្រាល និងចាក់ AC។

សូមបញ្ជាក់ថា ផ្លូវជាតិលេខ១០ ចាប់ផ្តើមកសាងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ មានប្រវែង១៩៨,៥១៨គីឡូម៉ែត្រ តភ្ជាប់ខេត្តចំនួន៣ គឺខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកោះកុង។ ជាប្រភេទផ្លូវ Grad3 ក្រាលកៅស៊ូពីរស្រទាប់ គ្រោងនឹងបញ្ចប់ជាស្ថាពរនៅខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។

ពេលដែលផ្លូវជាតិលេខ១០នេះ បើកឱ្យធ្វើចរាចរណ៍ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ដូចជាចំណេញពេលវេលា ចំណេញថវិកា កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ងាយស្រួលក្នុងការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ ពិសេសមានភ្ញៀវទេសចរជាតិ អន្តរជាតិ មកលេងកម្សន្តនៅ ស្ពានខ្ពស់ជាងគេ តំបន់ទេសចរណ៍នៅឃុំអូរសោម និងភ្នំ១៥០០ ផ្លូវអន្ទង់អាំង ជាដើម៕

RELATED ARTICLES