ខេត្តប៉ៃលិន ៖ បុរសជាអ្នកបើកបររថយន្តតាក់ស៊ីម្នាក់ ដោយសារតែរថយន្តរបស់ខ្លួនបាត់ស្លាកលេខ មិនអាចរង់ចាំធ្វើស្លាកលេខថ្មី ខ្លាចបាត់បង់ចំណូល ក៏បែកគំនិតយកស្លាកលេខខេមរភូមិន្ទ មកបំពាក់ ដើម្បីចេញរត់តាក់ស៊ីបណ្តោះអាសន្ន។

លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានបង្ហោះរូបភាព ចំនួន២សន្លឹក កាលពីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ដោយភ្ជាប់ជាមួយសំណេរថា “ការយល់ដឹងអំពីច្បាប់ប្រើប្រាស់ផ្លាកលេខរថយន្ត កន្លងទៅ អ៊ំពូ បងប្អូន ជាមន្ត្រី ឬជាអ្នកបើកបររថយន្ត បម្រើសេវាដឹកជញ្ជូនវិស័យឯកជន ទូទាំងខេត្ត មានការយល់ដឹង គោរពបានល្អ ហើយការគ្រប់គ្រងក៏មិនដែលឃើញមានប្រើប្រាស់ស្លាកលេខល្មើសបែបនេះ នៅភូមិសាស្ត្រខេត្តឡើយ…”។

លោកស្រី បាន ស្រីមុំ បានបន្តថា “ខ្ញុំពិតជាមានការភ្ញាក់ផ្អើល និងសោកស្តាយចំពោះទង្វើខុសច្បាប់របស់បង ប្រុសអ្នករត់តាក់ស៊ី ឈ្មោះ ម៉ន រស់នៅភូមិផ្សារព្រំ ដោយសារបាត់ស្លាកឡាន មួយថ្ងៃ មិនអាចរង់ចាំធ្វើស្លាក លេខថ្មី ខ្លាចបាត់បង់ប្រាក់ចំណូល ទើបបង្ខំយកផ្លាកលេខ ខ.ម មកចាប់ រត់បណ្តោះអាសន្ន យប់មិញនេះ សូមអ៊ំពូ បងប្អូនដទៃទៀត កុំយកគំរូផ្ទុយពីច្បាប់បែបនេះ មកអនុវត្តតាម ជាទង្វើខុសច្បាប់ទាំងស្រុង”៕
