Friday, March 14, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរលួចម៉ូតូ ភ័យគេដេញចាប់ រត់ចោលម៉ូតូឯង ជិះម៉ូតូគេ

ចោរលួចម៉ូតូ ភ័យគេដេញចាប់ រត់ចោលម៉ូតូឯង ជិះម៉ូតូគេ

ខេត្តស្វាយរៀង ៖ ជនសង្ស័យ ១ក្រុម មានគ្នា៥នាក់ បានជិះម៉ូតូ ២គ្រឿង បានធ្វើសកម្មភាពលួចកាច់កម៉ូតូ ១គ្រឿង បានសម្រេច លុះម្ចាស់ម៉ូតូបានដឹងភ្លាមៗ ក៏ឆែកមើលតាមប្រព័ន្ធ GPS រួចប្តឹងសមត្ថកិច្ចដេញតាមទាន់ ខណៈដែលក្រុមជនសង្ស័យ កំពុងឈប់ដោះប្រព័ន្ធ GPS ចេញ លុះឃើញម្ចាស់គេតាមទាន់ ក្រុមជនសង្ស័យភ័យក៏រត់ចោលម៉ូតូខ្លួនឯង (ម៉ូតូជិះធ្វើសកម្មភាព) ១គ្រឿង ហើយនាំគ្នាឡើងជិះម៉ូតូដែលលួចបាននោះ គេច ខ្លួនបាត់អស់។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង២ទៀបភ្លឺ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅចំណុច ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

តាមប្រភពម្ចាស់ម៉ូតូ បានរៀបរាប់ប្រាប់ថា ម៉ូតូរបស់គាត់ ដែលត្រូវចោរលួចនោះ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ពាក់ស្លាកលេខ ស្វាយរៀង 1T-3906 (មានបំពាក់ប្រព័ន្ធតាមដានសុវត្ថិភាព GPS) ហើយមុនពេលកើតហេតុ គាត់មកធ្វើការ រួចបានយកម៉ូតូដាក់នៅខាងមុខរបងផ្ទះ លើចិញ្ចើមថ្នល់ (មានម៉ូតូ៤ទៅ៥គ្រឿង) ដាក់នៅទីនោះដែរ និងរថយន្តផង ហើយកន្លងមក គឺដាក់ម៉ូតូ និងរថយន្ត នៅខាងមុខផ្ទះ កន្លែងធ្វើការដូចសព្វមួយដង ដោយមិននឹកស្មានថា មានក្រុមចោរ មកធ្វើសកម្មភាពលួចកាច់កម៉ូតូបែបនេះសោះ។

ប្រភពបន្តថា បើមើលតាមកាមេរ៉ាសុវត្ថិភាព ក្រុមចោរ មានគ្នា៥នាក់ ជិះម៉ូតូ ចំនួន២គ្រឿង មុនដំបូង ក្រុមចោរ ៣នាក់ ជិះម៉ូតូ ១គ្រឿង មកឈប់កន្លែងដាក់ម៉ូតូ មួយសន្ទុះក្រោយមក ក្រុមចោរ ២នាក់ទៀត ជិះម៉ូតូ ១គ្រឿង មកដល់ ទើបជនសង្ស័យម្នាក់ ក៏ដើរចូលទៅកាច់កម៉ូតូ បាន ១គ្រឿង ដោយម៉ូតូដាក់ក្បែររថយន្ត រួចអូសចេញទៅ និងជិះម៉ូតូដែលលួចបាននោះចេញទៅ។

ក្រោយមក ម្ចាស់ម៉ូតូ បានមើលទូរស័ព្ទបើកប្រព័ន្ធ GPS ក៏ឃើញក្រុមចោរលួចយកម៉ូតូ មកដល់ចំណុចផ្សារប្រសូតិ ស្រុកស្វាយទាប នៅម៉ោងប្រមាណ ៣ទៀបភ្លឺ ក៏ឆោឡោ រួចប្តឹងសមត្ថកិច្ច និងអ្នកសារព័ត៌មាន ឱ្យជួយអន្តរាគមន៍។ បន្ទាប់មកក្រុមប្រជាពលរដ្ឋ បាននាំគ្នាចេញម៉ូតូ ៣-៤គ្រឿង ប្រដេញតាមចំណុចទីតាំងរបស់ម៉ូតូជនរងគ្រោះ មើលតាម GPS ហើយនៅវេលាម៉ោងជាង៣ទៀបភ្លឺ ថ្ងៃដដែល ក្រុមចោរ បានយកម៉ូតូដល់ចំណុចច្រមុះជ្រូក ក្នុងភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។ ពេលនោះសមត្ថកិច្ច ចេញស្ទាក់ ប៉ុន្តែទំនងក្រុមជនសង្ស័ យបានដឹងថា ម៉ូតូជនរងគ្រោះ មានបំពាក់ GPS ក៏ពួកគេឈប់ដោះ GPS ចេញ និងដោះសំម្លៀកបំពាក់ចោល នៅវេលាប្រហែលជាម៉ោងជិត ៤ទៀបភ្លឺ នៅចំណុចស្រុកស្វាយជ្រំ ហើយបានជិះម៉ូតូគេចខ្លួន តែខណៈនោះ ប្រជាពលរដ្ឋអ្នកដេញតាម បានទៅទាន់នៅចំណុចស្រុកស្វាយជ្រំ ដោយមានដំបង និងកាំបិត ស្រែកឆោឡោ ធ្វើឱ្យក្រុមចោរភ័យស្លន់ស្លោ បានរត់ចោលម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ក្រហម ពាក់ស្លាក លេខ ក្រចេះ 1G-4351 និងកាបូបខោអាវ និងខោអាវ ដែលពួកគេស្លៀកពាក់ធ្វើសកម្មភាពនោះចោល ហើយនាំគ្នារត់ឡើងជិះម៉ូតូ ដែលពួកវាលួចបាននោះ គេចខ្លួនបាត់ស្រមោល។ ចំណែកម៉ូតូជនរងគ្រោះ ត្រូវបានចោរដោះ GPS ចេញ និងបោះចោលបាត់ ទើបបាត់ដានត្រឹមស្រុកស្វាយជ្រំ។

ក្រោយកើតហេតុ សមត្ថកិច្ចបានដកហូតវត្ថុតាង ម៉ូតូជនសង្ស័យ ដែលរត់ចោល យកទៅរក្សាទុកនៅអធិការ ដ្ឋាននគបាលស្រុកស្វាយជ្រំ ដើម្បីធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ ដើម្បីចាប់ខ្លួន យកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES