ខេត្តក្រចេះ ៖ ជនជាតិខ្មែរ ប្រុសស្រី ចំនួន៣នាក់ ជាបុគ្គលិកកាស៊ីណូមួយកន្លែង បានរួមគំនិតគ្នា រៀបគម្រោងធ្វើបៀឱ្យភ្ញៀវឈ្នះ ដើម្បីទទួលបានភាគរយពីភ្ញៀវ លុះក្រោយមករឿងរ៉ាវបានបែកធ្លាយ ត្រូវបានមេការជនជាតិចិន ចំនួន៤នាក់ ចាប់បុគ្គលិកទាំង៣នាក់នោះ បង្ខាំង ក្នុងបន្ទប់រដ្ឋបាល រួចវាយដំនិងជំរិតទារប្រាក់ ចំនួន១ម៉ឺន៥ពាន់ដុល្លារ ក្រោយមកត្រូវបានសមត្ថកិច្ចចុះអន្តរាគមន៍រំដោះជនរងគ្រោះទាំង៣នាក់ទាន់ពេល ខណៈដែលជនជាតិចិន ទាំង៤នាក់ បានរត់គេចខ្លួនបាត់អស់។

ករណីចាប់បង្ខាំងមនុស្សធ្វើទារុណកម្មនិងជំរិតទារប្រាក់នេះ បានកើតឡើង កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នៅចំណុចក្នុងបន្ទប់រដ្ឋបាល នៃអគារកាស៊ីណូ Gold City ក្នុងស្រុកស្នួល។

យោងតាមប្រភពអធិការដ្ឋាននគរបាលស្រុកស្នួល បានបញ្ជាក់ថា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ មានឈ្មោះ ខ.ស បានរាយការណ៍ប្តឹងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ករណីការចាប់បង្ខាំងមនុស្សនិងប្រើអំពើហិង្សា នៅចំណុចកាស៊ីណូ Gold City។

ក្រោយពីទទួលបានព័ត៌មាននេះ និងដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្ត បានបញ្ជាមកអធិការដ្ឋាននគរបាលស្រុកស្នួល ចុះស្រាវជ្រាវបន្ទាន់ ដោយសហការជាមួយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងស្រែ និងជាលទ្ធផល បានរកឃើញមានជនរងគ្រោះ ចំនួន៣នាក់ ដែលត្រូវបានមេការធ្វើការបង្ខាំងទុក។

តាមការឆ្លើយបំភ្លឺរបស់ជនរងគ្រោះទាំង៣នាក់ខាងលើ មុនពេលកើតហេតុ នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ពួកគេត្រូវបានឈ្មោះ ធ.ប បបួលធ្វើការរៀបចំគម្រោងធ្វើបៀឱ្យភ្ញៀវឈ្នះលុយពីខាងកាស៊ីណូ ហើយពេលដែលភ្ញៀវលេងឈ្នះ ពួកគេនឹងទទួលបានលុយភាគរយពីភ្ញៀវ ពេលនោះពួកគេទាំង៣នាក់ ក៏បានយល់ព្រមសហការ។ រហូតដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ឈ្មោះ ធ.ប បានធ្វើការចែកលុយភាគរយដែលភ្ញៀវបានឈ្នះពីកាស៊ីណូ មកឱ្យពួកគេទាំង៣នាក់ ដោយក្នុងម្នាក់ ទទួលបានលុយចំនួន ៨០០ដុល្លារ ហើយឈ្មោះ ធ.ប បានគេចខ្លួនមិនឃើញមកធ្វើការ។

លុះដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ គម្រោងដែលខ្លួនបានរៀបចំ ត្រូវបានបែកធ្លាយព័ត៌មានដល់ខាងកាស៊ីណូ និងមានជនជាតិចិន ចំនួន ៤នាក់ ដែលជាមេការ បានមកសាកសួរដល់បន្ទប់ជួលដោយប្រើហិង្សា និងបាននាំពួកគេទាំង ៣នាក់ មកឃាត់ទុកក្នុងបន្ទប់រដ្ឋបាលកាស៊ីណូ Gold City។
ចំពោះជនជាតិចិន ទាំង៤នាក់ ដែលជាមេការបានគេចខ្លួនបាត់។ បច្ចុប្បន្នសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្នួល កំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួន ដើម្បីអនុវត្តតាមនីតិវិធី៕