ខេត្តព្រៃវែង ៖ ក្រុមជញ្ជីងចល័តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន សហាការជាមួយ ស្ថានីយថ្លឹងទម្ងន់ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រៃវែង បានឆ្មក់ចុះចាប់រថយន្តយីឌុបដឹកស្រូវ ចំនួន៩គ្រឿង ដឹកលើសទម្ងន់ដែលច្បាប់អនុញ្ញាត យកធ្វើការអប់រំ និងផាកពិន័យ តាមច្បាប់។

ការចាប់ឃាត់រថយន្តដឹកស្រូវនេះ បានធ្វើឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៣១០ ក្នុងភូមិសាស្ត្រឃុំព្រែកក្របៅ ស្រុកពាមជរ ខេត្តព្រៃវែង។

មន្ត្រីជំនាញដែលចុះក្នុងប្រតិបត្តិការ បានឱ្យដឹងថា រថយន្តយីឌុបដឹកស្រូវ ដែលត្រូវបានចាប់ឃាត់ទាំងអស់ មានចំនួន ៩គ្រឿង ក្នុងនោះក្រោយពីបានថ្លឹងរួច រកឃើញថា រថយន្ត៣គ្រឿង បានដឹកលើសទម្ងន់ក្រោមកម្រិត ៥ភាគរយ និងបានធ្វើការផាកពិន័យជាទឹកប្រាក់ ទៅតាមច្បាប់ រួចអនុញ្ញាតឱ្យបន្តដំណើរទៅមុខទៀតបាន។ ចំណែករថយន្តចំនួន ៦គ្រឿងផ្សេងទៀត បានផ្ទុកទម្ងន់លើសកម្រិត ២០ភាគរយ មន្ត្រីជំនាញបានធ្វើការផាក ពិន័យជាទឹកប្រាក់ ទៅតាមច្បាប់ ហើយឃាត់រថយន្តទុក រយៈពេល១ឆ្នាំ ដោយឱ្យឈ្មួញជាម្ចាស់រថយន្ត យកស្រូវទៅលក់នៅព្រំដែនសិន រួចទើបនាំយករថយន្តមករក្សាទុកនៅស្ថានីយថ្លឹងទម្ងន់ ដែលនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងស្រុកព្រះស្តេច។

មន្ត្រីជំនាញ បានបញ្ជាក់ថា ការឆ្មក់ចុះចាប់ឃាត់រថយន្តយីឌុបដឹកលើសទម្ងន់ នៅតាមដងផ្លូវនេះ គឺធ្វើឡើងដើម្បីការពារផ្លូវឱ្យគង់វង្ស ប្រើប្រាស់បានយូរ ហើយក៏ជាប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋទូទៅផងដែរ៕

