ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃក្រសួង មហាផ្ទៃ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ កន្លងទៅ ហេតុការណ៍អគ្គិភ័យ បានកើតឡើងជាង ១ពាន់លើក ចំណែកមន្ត្រីជំនាញដែលចុះប្រតិបត្តិការជួយសង្គ្រោះ បាញ់ទឹកពន្លត់ បានរងរបួស ចំនួន៨នាក់ (របួសធ្ងន់៣ និងរបួសស្រាល ៥)។

លោកឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃក្រសួងម ហាផ្ទៃ បានបញ្ជាក់ឱ្យដឹងថា ក្នុងពេលកើតមានគ្រោះអគ្គិភ័យម្តងៗ មន្ត្រីនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ បានចាត់ទុកបេសកកម្មពន្លត់និងសង្គ្រោះអាយុជីវិត ប្រជាជនជាអាទិភាពបំផុត រហូតពេលខ្លះ ពួក គាត់ត្រូវប្រថុយគ្រោះថ្នាក់ ដើម្បីប្តូរមកវិញនូវសុវត្ថិភាពជនរងគ្រោះ ដែលកំពុងជាប់ខ្លួនក្រោម អំណាចភ្លើងឆេះសន្ធោសន្ធៅ។

លោកឧត្តមសេនីយ៍ឯក នេត វន្ថា បន្តថា នៅពេលមានកម្លាំងណាម្នាក់រងរបួស ទោះធ្ងន់ឬស្រាលក៏ដោយ ថ្នាក់ដឹកនាំនិងអង្គភាព បានគិតគូរយ៉ាងគ្រប់ជ្រុងជ្រោយ ទាំងការសង្គ្រោះ ព្យាបាល និងការឧបត្ថម្ភគាំទ្រដល់ក្រុមគ្រួសារ យ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីធានាផ្តល់ កក់ក្តៅ និងការលើកទឹកចិត្ត ខណៈមន្ត្រីដែលបានលះបង់សុវត្ថិភាពផ្ទាល់ខ្លួន ដើម្បីសេចក្តីសុខប្រជាជន និងមន្ត្រីដែលមានស្នាដៃល្អក្នុងការងារបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ ក៏ទទួលបានការលើកទឹកចិត្តជាបន្តបន្ទាប់ដូចគ្នាដែរ។
លោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ មានអគ្គិភ័យកើតឡើង ចំនួន១០៣៥ លើក បើធៀបនឹងឆ្នាំ២០២៣ មានចំនួន៧៦៦លើក កើនឡើង ២៦៩លើក។ ហេតុការណ៍អកុសលនេះ បានបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិជាអាទិ៍ ឆេះផ្ទះចំនួន ៦១៥ខ្នង តូបលក់ដូរ ៦៥៨តូប ឃ្លាំង ២៤ខ្នង រោងចក្រ ១១ខ្នង រថយន្ត ៤៦គ្រឿង ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀត។

បើតាមលោកឧត្តមសេនីយ៍ឯក នេត វន្ថា មូលហេតុបង្កឱ្យមានអគ្គិភ័យ រួមមាន ឆ្លងចរន្តអគ្គិសនី មាន៤៤៥លើក ស្មើនឹង ៤៥,៥៩ភាគរយ ប្រើប្រាស់ភ្លើង មាន៣១៧លើក ស្មើ៣២,៤៧ភាគរយ និងផ្ទុះឃ្លាំងគ្រាប់ ១លើក ស្មើនឹង ០,១០ភាគរយ។
គួរកត់សម្គាល់ថា ក្នុងពេលចេញប្រតិបត្តិការម្តង ក្រុមការងារស្ម័គ្រចិត្ត និងកងកម្លាំងនគរបាលពន្លត់អគ្គិភ័យ នៅទូទាំងប្រទេស តែងតែជួបបញ្ហាប្រឈមមួយចំនួន ដូចជា សំណង់មិនរៀបរយ ផ្លូវចង្អៀត អ្នកបើករយានយន្តគ្រប់មធ្យោបាយ មិនផ្តល់សិទ្ធិអាទិភាពដល់រថយន្តពន្លត់អគ្គិភ័យ និងបង្កឱ្យមានការស្ទះចរាចរណ៍ ទឹកមិនគ្រប់គ្រាន់ ហើយមានចម្ងាយឆ្ងាយពីកន្លែងអគ្គិភ័យ ខណៈការយល់ដឹងរបស់ប្រជាពលរដ្ឋចំពោះ វិធានការពន្លត់អគ្គិភ័យបឋម នៅមានកម្រិតនៅឡើយ។

លោកឧត្តមសេនីយ៍ឯក បានសំណូមពរដល់ប្រជាពលរដ្ឋទូទៅ បង្កើនការប្រុងប្រយ័ត្ន និងត្រូវត្រៀមឧបករណ៍ សម្ភារៈពន្លត់អគ្គិភ័យបឋម មានដូចជា បំពង់ពន្លត់អគ្គិភ័យ ធុងទឹក ដីខ្សាច់ ភួយ បាវ ប៉ែល ត្រសេះ ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ត្រូវទុកដាក់សារធាតុងាយឆេះ ឬងាយផ្ទុះគ្រប់ប្រភេទ រួមមាន ប្រេងឥន្ធនៈ ហ្គាស់ ឬ ឧស្ម័ន ឱ្យបានត្រឹមត្រូវ ឬដាក់ឱ្យឆ្ងាយពីប្រភពភ្លើង ឬប្រភពកម្តៅ ហើយមុនពេលចេញពីផ្ទះ ត្រូវតែបិទប្រព័ន្ធអគ្គិសនី និងពន្លត់ភ្លើងចង្ក្រាន ចង្ក្រានហ្គាស់ ឬឧស្ម័ន ទៀន ធូប ឱ្យបានត្រឹមត្រូវ៕