ខេត្តបន្ទាយមានជ័យ ៖ ភ្លៀង ១មេធំ លាយខ្យល់កន្ត្រាក់ បានបោកបក់ ធ្វើឱ្យប៉ះពាល់ដល់ផ្ទះសម្បែងប្រជា ពលរដ្ឋ សរុប ចំនួន៦ខ្នង ដោយខ្លះប៉ើងដំបូល ខ្លះខូចខាតជញ្ជាំង និងត្រូវបានកម្លាំងសមត្ថកិច្ច ចុះជួយអន្ត រាគមន៍ នាំយកស័ង្កសី ទៅជួយធ្វើការជួសជុលភ្លាមៗ។

ហេតុការណ៍គ្រោះធម្មជាតិនេះ បានកើតឡើងកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ នៅភូមិព្រៃគប់ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ប្រាប់ថា ក្រោយមានភ្លៀងលាយដោយខ្យល់កន្ត្រាក់ បានប៉ះពាល់ផ្ទះសម្បែងប្រជាពលរដ្ឋ ចំនួន៦ខ្នង បណ្តាលប៉ើងដំបូលនិងជញ្ជាំង រងការខូចខាតមក កម្លាំងអធិការដ្ឋាននគរបាលក្រុង បានចុះ ជួយអន្តរាគមន៍ ដោយនាំយកស័ង្កសី ជិត១០០សន្លឹក ដើម្បីជួយជួសជុលផ្ទះសំប្បែងប្រជាពលរដ្ឋ។

លោកអធិការ បន្តថា ខ្យល់កន្ត្រាក់ដែលបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ បណ្តាលរងការខូចខាត តែមិនប៉ះ ពាល់ដល់អាយុជីវិត ឬធ្វើឱ្យប្រជាពលរដ្ឋណាម្នាក់រងរបួសនោះឡើយ។

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ បានបញ្ជាក់ថា នៅពេលកម្លាំងចុះជួយអន្តរាគមន៍ជួសជុលផ្ទះសម្បែងប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ក៏បាននាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ផងដែរ ដោយបាននាំយកអំណោយចែកជូន ក្នុង១គ្រួសារ ទទួលបានស័ង្កសី ឈើចំនួន ៤០សន្លឹម និងអង្ករ ២៥គីឡូក្រាម ថវិកា ៦សែនរៀល៕

