ខេត្តកណ្តាល ៖ បុរសម្នាក់ បានឈរឈ្មោះជំនួសមិត្តភក្តិ ខ្ចីប្រាក់អង្គការ នៅក្នុងរោងចក្រ ចំនួន៥៨០ដុល្លារ ហើយមិត្តភក្តិមិនសងអង្គការ បានគេចខ្លួនទៅរស់នៅប្រទេសថៃ វ័ណ្ឌកឯងជាអ្នកធានា តែគ្មានប្រាក់សងបំណុល ក៏យកខ្សែក និងចិញ្ចៀន លក់នៅក្នុងផ្សារតាខ្មៅ យកលុយទៅសងបំណុលអស់ ស្រាប់តែប្រឌិតរឿងថា ត្រូវចោរយកកាំបិតភ្ជង់ប្លន់ ទីបំផុតត្រូវបានកម្លាំងជំនាញនិងសមត្ថកិច្ចមូលដ្ឋាន ធ្វើការស្រាវជ្រាវដឹងការពិត ក៏ឃាត់ខ្លួន ចាត់ការតាមច្បាប់។

យោងតាមសេចបំភ្លឺព័ត៌មាន របស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ថា ឆ្លើយតបជូនសាធារណជនទៅនឹងករណីបុរសម្នាក់ថា ត្រូវបានជនសង្ស័យមួយក្រុម ប្លន់យកប្រាក់ដុល្លារ ចំនួន៦០០ដុល្លារ ប្រាក់រៀល ចំនួន១៦ម៉ឺនរៀល ខ្សែក និងចិញ្ចៀន នៅតាមបណ្តោយផ្លូវក្រវាត់ក្រុងទី៣ ស្ថិតក្នុងភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ បន្ទាប់មក ត្រូវបានបណ្តាញសារព័ត៌មានយកមកចុះផ្សាយជាបន្តបន្ទាប់។

ក្រោយពីទទួលព័ត៌មានខាងលើភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត បានបញ្ជាកម្លាំងជំនាញ និងសមត្ថកិច្ចមូលដ្ឋាន ធ្វើការស្រាវជ្រាវករណីនេះ។ បន្ទាប់ពីធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ បានឱ្យដឹងថា បុរសឈ្មោះ សុខ មករា បានប្រឌិតរឿងថា មានករណីចោរប្លន់លើខ្លួន ហើយមូលហេតុនៃការប្រឌិតរឿងនេះ តាមការបំភ្លឺរបស់ឈ្មោះ សុខ មករា បានឱ្យដឹងថា មូលហេតុដោយសារខ្លួនបានឈរឈ្មោះជំនួសមិត្តភក្តិបានខ្ចីប្រាក់អង្គការ នៅក្នុងរោងចក្រ ចំនួន៥៨០ដុល្លារ ហើយមិត្តភក្តិមិនសងអង្គការ គេចខ្លួនទៅរស់នៅប្រទេសថៃ ទើបខ្លួនគ្មានប្រាក់ ក៏យកខ្សែក ចិញ្ចៀន លក់នៅក្នុងផ្សារតាខ្មៅ បានប្រាក់ចំនួន ៤០០ដុល្លារ បូកជាមួយប្រាក់បងស្រី ចំនួន២០០ដុល្លារ ផ្ញើឱ្យយកទៅបង់ធនាគារ យកទៅសងអង្គការ រួចនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ម៉ោង១៣និង០០នាទី ខ្លូនបានជិះម៉ូតូមករកទិញអីហូប នៅក្រុងតាខ្មៅ រហូតដល់ម៉ោង ១៨និង៥០នាទី ទើបជិះម៉ូតូតាមផ្លូវក្រវាត់ក្រុង ឆ្ពោះទៅផ្ទះជួល នៅភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ វិញ ក៏ប្រឌិតរឿងភូតកុហកអ្នកសារព័ត៌មានថា មានជនសង្ស័យមួយក្រុម មានគ្នាចំនួន ០៦នាក់ ភេទប្រុស ជិះម៉ូតូចំនួន ០៣ គ្រឿង និងអ្នកជិះពីក្រោយ បានយកកាំបិតចុងស្រួច មកភ្ជង់ចំក្បាលពោះរបស់ខ្លួន ហើយគំរាមឱ្យដកប្រាក់ចេញពីក្នុងកាបូប ប្រាក់ដុល្លារ ចំនួន៦០០ដុល្លា ប្រាក់រៀល ចំនួន១៦ម៉ឺនរៀល ដោះខ្សែក និងដោះចិញ្ចៀន ទៅឱ្យក្រុមជនសង្ស័យទាំងនោះ រួចនាំគ្នាជិះម៉ូតូគេចខ្លួនអស់ ប្រាកដមែន។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕
