
ភ្នំពេញៈ លោកគង់ វន ស្ថាបនិកអង្គការមូលនិធិខ្មែរជំនួយការសិក្សា និងជាស្ថាបនិកអនុនិងវិទ្យាល័យមិត្តភាពខ្មែរ- ជប៉ុន បានសម្ពោធសៀវភៅថ្មី របស់ខ្លួន ចំនួន៣ចំណងជើង ជា៣ភាសា គឺភាសាខ្មែរ ភាសាអង់គ្លេស និងសភាជប៉ុន ក្នុងនោះភាសាខ្មែរ មានចំណងជើងថា “គង់ វន ធ្វើពលិកម្មដើម្បីជាតិខ្មែរ” ។ ក្នុងការសរសេរសៀវភៅនេះ លោកគង់ វន បញ្ជាក់ថា មិនមែនដើម្បីលោភលន់ខ្លួនឯងទេ តែធ្វើដើម្បីជួយទ្រទ្រង់សាលាដែលលោកបានបង្កើតបន្តទៀត ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ នៅភោជនីយដ្ឋានទន្លេបាសាក់ អគារលេខ៥៣៤ ផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ លោកគង់ វន ប្រធានក្រុមប្រឹក្សាភិបាលនៃអនុនិងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន និងជាប្រធានអង្គការមូលនិធិខ្មែរជំនួយការសិក្សា បានធ្វើពិធីសម្ពោធស្នាដៃនិពន្ធសៀវភៅរបស់លោក ចំនួន៣សៀវភៅ គឺសៀវភៅទី១ មានចំណងជើងថា “ គង់ វន ធ្វើពលិកម្មដើម្បីជាតិខ្មែរ “ ជាភាសាខ្មែរ ។ សៀវភៅទី២ មានចំណងជើងថា “គេចផុតពីវាលពិឃាត” ជាភាសាជប៉ុន និងសៀវភៅទី៣ មានជើងថា “ប្រលោមលោកជីវប្រវត្តិរបស់ខ្ញុំ គង់ វន “ ជាភាសាអង់គ្លេស ។ ការសម្ពោធសៀវភៅដ៏ថ្លៃថ្លានេះ មានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសជាង១០០នាក់ និងមានការអញ្ជើញជាគណៈអធិបតីមកពីតំណាងក្រសួងអប់ររំ យុវជន និងកីឡា និងតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងតំណាងស្ថាប័នជាច្រើនទៀត ព្រមទាំងថ្នាក់ដឹកនាំស្ថានទូតជប៉ុន ប្រចាំកម្ពុជា ផងដែរ ។

ឡើងថ្លែងចំណាប់អារម្មណ៍នៅក្នុងពិធីនោះ លោកកេង សុជាតិ អតីតសិស្សជំនាន់ទី១ នៃអនុនិងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន និងជាសមាជិកក្រុមប្រឹក្សាភិបាលមូលនិធិខ្មែរជំនួយការសិក្សា បច្ចុប្បន្នជាមេធាវីម្នាក់ បានលោករំលឹកថា អនុនិងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន ដែលបង្កើតឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់វរស្ថាបនិកគង់ វន បាននិងកំពុងផ្លាស់ប្ដូរជោគវាសនាអនាគតសិស្សានុសិស្សនៃទីជនបទខេត្តព្រៃវែង យ៉ាងត្រចះត្រចង់ មកទល់នឹងពេលនេះ មានចំនួនរាប់ពាន់នាក់ ដែលនៅក្នុងនោះសុទ្ធតែបានបញ្ចប់ការសិក្សាថ្នាក់ទី១២ សរុបតាំងពីជំនាន់ទី១ មកដល់ឆ្នាំ២០២៥ មាន២០ជំនាន់ ហើយក្នុងចំណោមសិស្សទាំងនោះសុទ្ធតែបានបំពេញការងារបម្រើសង្គមស្ទើរគ្រប់វិស័យ និងរាជការសាធារណៈ ។

លោកកេង សុជាតិ បញ្ជាក់ថា លោកគង់ វន មិនត្រឹមតែបានផ្ដួចផ្ដើមបង្កើតអនុនិងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន តែប៉ុណ្ណោះទេ តែលោកគង់ វន បានធ្វើសកម្មភាពជាច្រើនក្នុងការអំពាវនាវរៃអង្គាសថវិកាកសាងសាលារៀនជាច្រើនកន្លែងទៀត។ វីរភាពនិងការលះបង់ទាំងកម្លាំងកាយចិត្ត និងទ្រព្យធនរបស់លោកគង់ វន គឺជាគំរូដ៏ល្អបំផុតសម្រាប់យើងទាំងអស់គ្នារៀនសូត្រ និងប្រតិបត្តិ ជាពិសេសមនសិការស្នេហាជាតិ ដែលលោកគង់ វន បានរំលេចយ៉ាងលម្អិតអំពីជីវប្រវត្តិតស៊ូយ៉ាងជូរចត់ក្នុងស្នាដៃនិពន្ធសៀវភៅទាំង៣ភាសានេះ ។ ស្នាដៃនិពន្ធសៀរភៅទាំងនេះ គឺមានតម្លៃមិនអាចកាត់ថ្លៃបាន និងជាទ្រព្យសម្បត្តិសម្រាប់យើងទាំងអស់គ្នាត្រូវតែមាននៅក្នុងដៃ ដើម្បីរៀនសូត្រ និងស្វែងយល់លម្អិតអំពីដំណើរជីវិតតស៊ូរបស់លោកគង់ វន ដែលបានលះបង់ស្ទើរតែពេញមួយជីវិតជូនជាតិមាតុភូមិ ។ លោកសង្ឃឹមថា អ្នកដែលមានវត្តមាននៅទីនេះ នឹងជួយគាំទ្រនិងផ្សព្វផ្សាយស្នាដៃនិពន្ធសៀវភៅដ៏ថ្លៃថ្លានេះជាក់ជាមិនខាន ។

ជាមួយគ្នានោះដែរ លោកខាន់ កុសល ប្រធានសមាគមអតីតសិស្សនៃអនុនិងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន បានលើកឡើងថា ក្នុងនាមជាអ្នកចូលចិត្តអាន ចូលចិត្តប្រវត្តិសាស្រ្ត និងចូលចិត្តផ្នែកសង្គម សៀវភៅរបស់លោកគង់ វន បានទាញអារម្មណ៍ឲ្យលោកអានចប់រហូតដល់ទៅ២ដង ព្រោះវាដូចជាការមើលខ្សែភាពយន្តខ្នាតធំមួយ មានគ្រប់រសជាតិ វាជាវណ្ណកម្មមួយដ៏អស្ចារ្យ ធ្វើឲ្យអ្នកបានអានហើយជក់ចិត្ត ហើយបានស្វែងយល់ពីជីវិតអ្នកតស៊ូផង និងស្វែងយល់ពីប្រវត្តិសាស្រ្តផង ជាពិសេសការលះបង់របស់លោកគង់ វន នៅក្នុងសៀវភៅនេះ គឺជាមេរៀនដ៏មានតម្លៃសម្រាប់សិស្សានុសិស្ស ។ ដូច្នេះលោកសុំអំពាវនាវទៅដល់អតីតសិស្ស ក៏ដូចជាអ្នកដែលស្រលាញ់ការអាន ចូលចិត្តការងារសង្គម សូមជាវសៀវភៅរបស់លោកគង់ វន ទៅអានទាំងអស់គ្នា និងជួយផ្សាយអំពីសកម្មភាពរបស់គាត់ តាមលទ្ធភាពដែលធ្វើបាន ដើម្បីឲ្យយុវជន ក៏ដូចសាធារណជនទូទៅ ផ្ដល់តម្លៃ លើកទឹកចិត្តដល់អ្នកដែលបានលះបង់ជួយការងារសង្គម ក៏ដូចបណ្ដុះនូវទម្លាប់នៃការអាន និងពង្រីកសកម្មភាពល្អៗឲ្យបានកាន់តែច្រើននៅក្នុងសង្គម ។

ជាការឲ្យតម្លៃទៅលើការលះបង់លោកគង់ វន និងការធ្វើការផ្នែកសប្បុរសធម៌ក្នុងវិស័យអប់រំ និងវិស័យការងារ ជាមួយជនជាតិជប៉ុនបានល្អកន្លងមក លោកយ៉ុស៊ី អាបេ លេខាទី១ និងជាប្រធានផ្នែកសេដ្ឋកិច្ច នៃស្ថានទូតជប៉ុន ប្រចាំកម្ពុជា បានលើកឡើងថា ក្នុងនាមជាតំណាងស្ថានទូតជប៉ុន លោកសូមថ្លែងចំណាប់អារម្មណ៍នៅក្នុងពីធីសម្ពោធសៀវភៅនេះ ហើយលោកក៏សូមចូលរួមអបអរសាទរដោយស្មោះអស់ពីដួងចិត្ត ចំពោះការលះបង់ជាច្រើនរបស់លោកគង់ វន និងសូមជូនពរលោកគង់ វន មានសុខភាពល្អ បន្តជួយសង្គមកម្ពុជាបន្តទៀត ។

ចំណែកលោកបណ្ឌិតអ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា តាមរយៈសៀវភៅរបស់លោក គង់ វន នេះ បានឲ្យយើងទាំងអស់គ្នាយល់អំពីសម័យដ៏លំបាក ដែលជីវិតមនុស្សម្នាក់ៗត្រូវតស៊ូ ដើម្បីជាមេរៀនមួយយកទៅពិចារណា ។ ដូច្នេះយើងទាំងអស់គ្នាត្រូវប្រឹងប្រែងអាន ខំត្រិះរិះពិចារណា ខំរៀនសិក្សាគំរូ បង្កើតស្នាដៃ ផ្ទេរចំណេះដឹងរបស់ខ្លួនទៅអន្តរជំនាន់ ពីជំនាន់មួយទៅមួយជំនាន់ ។ និយាយទៅ សៀវភៅរបស់លោកគង់ វន បង្ហាញពីការមានទឹកចិត្តស្រលាញ់ប្រជាជន បានបំផុសគំនិតលើកទឺកចិត្តឲ្យអ្នកអានមានឆន្ទៈក្នុងការកសាងអនាគតភ្លឺស្វាងសម្រាប់ខ្លួនឯង សម្រាប់សិស្សានុសិស្ស និងសហគមន៍ ឲ្យផ្ដោតទៅលើកិច្ចសហការដើម្បីគុណភាពអប់រំ ។

លោកបណ្ឌិតអ៊ឹម កុច សូមវាយតម្លៃសៀវភៅនេះថា ជាបទពិសោធន៍មួយ៏សំខាន់សម្រាប់សតិអារម្មណ៍របស់យើងឲ្យយល់ដឹងអំពីអតីតកាល ដែលសូម្បីតែយើងមិនបានរស់នៅសម័យនោះផង តែតាមរយៈការអានសៀវភៅនេះ យើងមើលឃើញថាល្អ ហើយយើងត្រូវតែធ្វើអំពើល្អ ដែលជាគុណប្រយោជន៍ដល់យុវជនបន្តវេន មានស្មារតីទទួលខុសត្រូវ កសាងមូលធនមនុស្ស អប់រំមនុស្សឲ្យមានចំណេះដឹង មានបំណិន មានគុណវុឌ្ឍ មានការស្រលាញ់រាប់អានគ្នា គំនិតស្នេហាជាតិ អាណិតអាសូរមនុស្សជាតិ មានសាមគ្គីភាពជាតិ សាមគ្គីអន្តរជាតិ ខិតខំជួយគ្នា ដើម្បីកសាងពិភពលោកមួយមានសុខសន្តិភាពជារៀងរហូត ។
ក្នុងសុន្ទរកថាសង្ខេបខ្លី លោកគង់ វន ក្នុងជន្មាយុ៨៨ឆ្នាំ (ចំថ្ងៃខួបកំណើតក្នុងថ្ងៃសម្ពោធសៀវភៅ) បានបញ្ជាក់ថា ជាបឋម លោកសូមគោរពភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធសៀវភៅថ្មី ដែលជាស្នាដៃនិពន្ធរបស់លោក ទាំង៣ភាសានេះ ដែលគឺជាប្រវត្តិរឿងរ៉ាវជីវិតពិតរបស់លោក មានទាំងការតស៊ូ ស្នេហា ការងារ និងការជួយសង្គមជាតិ ។ ដូច្នេះជាមួយនឹងសេចក្តីរីករាយនិងមានកិត្តិយសនៅក្នុងពិធីនេះ លោកសូមយកឱកាសនេះ រំលឹកថា នៅឆ្នាំ១៩៩៣ លោកបានបង្កើតអង្គការមួយឈ្មោះថា “មូលនិធិខ្មែរជំនួយការសិក្សា” ។ មូលនិធិនេះ ចាប់ផ្ដើមរៃអង្គាសប្រាក់ពីប្រជាជនជប៉ុន នៅយូកូហាម៉ា (Yokohama) កាណាហ្គាវ៉ា ( kanagawa prefecture) ដោយក្នុងរយៈពេល៣ខែ ប្រមូលប្រាក់មូលនិធិបាន ៤០.០០០ដុល្លារ នៅឆ្នាំ១៩៩៣ យកទៅសង់អគារប្រធាតុ នៅឆ្នាំ១៩៩៤ យកទៅសង់សាលាបឋមសិក្សាសំពោង នៅឆ្នាំ១៩៩៥ ។ ដោយសារជួបការលំបាកក្នុងការរកជំនួយ លោកក៏សរសេរសៀវភៅ ដែលមានលោក Schu Sakawara មកពីកាសែត Yomiuri Shimbun ជួយកែសម្រួលជាភាសាជប៉ុន ។ ទោះបីជួបការលំបាកយ៉ាងណា លោកខិតខំសរសេរសៀវភៅ មានឈ្មោះថា “គេចផុតពីវាលពិឃាត “ (Survival From the killing Field) ដោយចំណាយពេលអស់មួយឆ្នាំ ។ ក្រោយពីសៀវភៅនេះចេញផ្សាយលក់បានតែ៣ខែ អាចរកជំនួយបានដល់ទៅ ៥០ ០០០ដុល្លារ យកទៅសង់អគារ ធ្វើរបងនិងខ្លោងទ្វារសាលាព្រៃទ័ព ហើយរួចរាល់ជាស្ថាពរ ។

លោកគង់ វន បន្តថា ក្រោយរស់នៅប្រទេសជប៉ុន អស់រយៈពេលជិត២០ឆ្នាំ ពេលត្រលប់មកកម្ពុជាវិញ នៅឆ្នាំ១៩៩៨ លោកនៅតែបន្តធ្វើសកម្មភាពជួយសាលា ។ នៅឆ្នាំ១៩៩៩ ប្រកាសបើកជាផ្លូវការ រួមទាំងបង្កើតអនុនិងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន (Cambodia Japan Friendship middle and high school) លើដីដែលលោកទិញដោយខ្លួនឯង ។ អង្គការ CEAF បានរៃអង្គាសរកជំនួយជួយគ្រូថ្នាក់អនុវិទ្យាល័យ ៦៩ដុល្លារ គ្រូថ្នាក់វិទ្យាល័យ ៧៥ដុល្លារ នាយករង ៨៧ដុល្លារ និងនាយក ១១៦ដុល្លារ បន្តជួយរហូតដល់២០១៩ ទើបលែងជួយ… ។
ភ្ជាប់ជាមួយចំណុចនេះ លោកគង់ វន បញ្ជាក់ថា លោកសរសេរសៀវភៅនេះ មិនមែនដើម្បីលោភលន់សម្រាប់ខ្លួនលោកទេ ពីព្រោះលោកអាយុ៨៨ឆ្នាំហើយ គ្មានចង់បានអ្វីទៀតក្រៅពីចង់ផ្សព្វផ្សាយសៀវភៅនេះ ដើម្បីរកអំណោយជួយជនក្រីក្រនៅជនបទ ដែលពួកគាត់ត្រូវការឲ្យកូនៗរបស់ពួកគាត់បានរៀនថ្នាក់ខ្ពស់ប៉ុណ្ណោះ ។
លោកគង់ វន បានមានប្រសាសន៍ថា “ដោយហេតុតែអំណោយពីជនជាតិជប៉ុនចុះថយ ខ្ញុំសម្រេចចិត្តសរសេរសៀវភៅជាភាសាខ្មែរមួយទៀត មានចំណងជើងថា “គង់ វន៖ ធ្វើពលិកម្មដើម្បីជាតិខ្មែរ” ដោយសង្ឃឹមថាលក់ដាច់ តែនៅពេលលក់មិនដាច់ ខ្ញុំក៏សម្រេចជួលក្មួយប្រុសម្នាក់បកប្រែពីភាសាខ្មែរ ទៅជាភាសាអង់គ្លេស ដើម្បីរកអំណោយជួយសិស្សក្រីក្រនៅជនបទ ។ សៀវភៅនេះ មានចំណងជើងថា “ប្រលោមលោកជីវប្រវត្តិពិតរបស់ខ្ញុំគង់ វន” ។ និយាយតាមត្រង់ទៅ ខ្ញុំសរសេរសៀវភៅនេះ មិនមែនដើម្បីលោភលន់សម្រាប់ខ្លួនខ្ញុំទេ ពីព្រោះខ្ញុំអាយុ៨៨ឆ្នាំហើយ គ្មានចង់បានអ្វីទៀតក្រៅពីចង់ផ្សព្វផ្សាយសៀវភៅនេះ ដើម្បីរកអំណោយជួយជនក្រីក្រនៅជនបទរបស់ខ្ញុំ ដែលពួកគាត់ត្រូវការឲ្យកូនៗរបស់គាត់បានរៀនថ្នាក់ខ្ពស់ប៉ុណ្ណោះ ។ អ្វីដែលសំខាន់ជាងទៅទៀត ខ្ញុំសរសេរសៀវភៅទាំងបីក្បាលនេះ បំណងធំបំផុត គឺពេលខ្ញុំលាចាកលោកទៅ សាលាអាចមានសិទ្ធិលក់ ឬឱ្យសៀវភៅទៅអ្នកណាក៏បាន ដើម្បីអាន ហើយគាត់អាចមានលទ្ធភាពជួយដល់សាលា “ ។

ជាទីបញ្ចប់ លោកគង់ វន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភ្ញៀវជាតិនិងអន្តរជាតិ ដែលចូលរួមនៅក្នុងពិធីសម្ពោធសៀវភៅនេះ នឹងសូមថ្លែងអំណរគុណដល់លោកយ៉ុស៊ី អាបេ លេខាទី១ និងជាប្រធានផ្នែកសេដ្ឋកិច្ច នៃស្ថានទូតជប៉ុន ដែលលះបង់ពេលវេលាចូលរួមក្នុងពិធីនេះៗ ។ ជាមួយនេះ លោកក៏សូមអរគុណដល់អតីតសិស្ស CJFS និងសមាគមអតីតសិស្ស CJFS ដែលឆ្លៀតពេលចូលរួមក្នុងពិធីសម្ពោធសៀវភៅរបស់លោក នៅថ្ងៃនេះ ។
គួរបញ្ជាក់ដែរថា នៅក្នុងពិធីសម្ពោធសៀវភៅថ្មីនោះ ក៏មានកិច្ចពិភាក្សា និងសំណួរ-ចម្លើយ អំពីខ្លឹមសារ និងការលំបាកក្នុងដំណើរការសរសេរភៅ មុននឹងបោះពុម្ពចេញជាសៀវភៅសម្រាប់អ្នកអាន ដោយមានលោកគង់ វន ជាអ្នកនិពន្ធ ជាអ្នកចាំឆ្លើយសំណួរនិងជម្រាបជូនព័ត៌មានបន្ថែមអំពីសៀវភៅ និងមានការចូលរួមពីលោកង៉ែត ជិនបុត្រ និពន្ធនាយកសារព័ត៌មាន “នគរធំ” លោកង៉ែត សោភ័ណ ទីប្រឹក្សាសារព័ត៌មាន “នគរធំ” អ្នករៀបរៀងសៀវភៅ “គង់ វន ធ្វើពលិកម្មដើម្បីជាតិខ្មែរ” និងលោកពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា ជាវាគ្មិន ។

នៅចុងបញ្ចប់នៃកម្មវិធី ក៏មានការថតរូបអនុស្សាវវីយ៍ ការធ្វើពិធីខួបកំណើតគម្រប់៨៧ឆ្នាំ ឈានចូល៨៨ឆ្នាំ ជូនលោកគង់ វន ។ អ្វីដែលវិសេសវិសាល លោក កែវ សុផាណ្ណារ៉ា នាយករដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់របស់លោកហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តភ្នំពេញ បានយកថវិកាឧបត្តម្ភគ្រាំទ្រ ចំនួន១០លានរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកអគ្គនាយក ជូនដល់លោកគង់ វន និងមានការជាវសៀវភៅពីអ្នកចូលរួមផងដែរ មុននឹងបរិភាគអាហារថ្ងៃត្រង់ទាំងអស់គ្នា ៕


