Tuesday, March 18, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ទុស្សេខ្សែភ្លើង ឆេះរោងចក្រផលិតពូក

 ទុស្សេខ្សែភ្លើង ឆេះរោងចក្រផលិតពូក

ខេត្តកំពង់ស្ពឺ ៖ រោងចក្រផលិតពូក ១កន្លែង ត្រូវបានអគ្គភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច ជំនាញបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចំនួន១៨គ្រឿង ចុះជួយអន្តរាគមន៍ភ្លាមៗ។ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង១០ព្រឹក ថ្ងៃទី១៦ ខែមីនា នៅត្រង់ចំណុចរោងចក្រផលិតពូក យីហោ MOVEFAST ដែលមានទីតាំងស្ថិតនៅភូមិបាញ់កង្កែប ឃុំត្រពាំងគង ស្រុកសំរោងទង។

យោងតាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ក្រោយទទួលបានព័ត៌មានថា មានករណីអគ្គិភ័យកើតឡើងភ្លាម កងកម្លាំងនគរបាលខេត្ត ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំ ពង់ស្ពឺ បានបញ្ជាកម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យ និង សង្គ្រោះខេត្ត  កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង និងរថយន្តពន្លត់អគ្គិភ័យ មកពីបណ្តាអង្គភាពអធិការដ្ឋានចំណុះស្នងការដ្ឋាន អង្គភាពពាក់ព័ន្ធមួយចំនួន រថយន្តអគ្គិភ័យរបស់អាវុធហត្ថខេត្តកំពង់ស្ពឺ រថយន្តអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ស្នងការដ្ឋាននគរ បាល ខេត្តកណ្តាល ពិសេសកងសង្គ្រោះអង្គភាព៧១១ នៃកងពលតូចលេខ៧០ បានចូលរួមក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យដែលឆាបឆេះអគារ ១ខ្នង មានផ្ទុកសម្ភារៈសម្រាប់ផលិតកម្រាលពូក ដោយអគារមានទំហំ ៦០ ម៉ែត្រ គុណ ១០០ម៉ែត្រ ក្នុងទីតាំងក្រុមហ៊ុន ម៊ូហ្វាស MOVEFAST ស្ថិតក្នុងភូមិបាញ់កង្កែប ឃុំត្រពាំងគង ស្រុកសំរោងទង។

ជាក់ស្តែងកិច្ចប្រតិបត្តិការអស់រយៈពេលជាច្រើនម៉ោង កម្លាំងជំនាញបានធ្វើការពន្លត់អគ្គិភ័យដែលឆាបឆេះខាងក្នុងអគារ បាន៨៥ភាគរយ និងបង្ការ ទប់ស្កាត់បានមិនឱ្យអគ្គិភ័យបន្តឆេះរាលឆ្លងទៅអគារផ្សេង និងបណ្តាលប៉ះពាល់ដល់លំនៅឋាន ឬសំណង់ផ្សេងទៀត នៅក្នុងទីតាំងក្រុមហ៊ុនឡើយ។

យោងតាមសេចក្តីរាយការណ៍ពីមន្ត្រីជំនាញ គ្រោះអគ្គិភ័យខាងលើ អាចកើតពីការឆ្លងចរន្តអគ្គិសនី ចេញពីម៉ាស៊ីនមូរក្រណាត់មួយ នៅក្នុងអគារខាងលើ រួចផ្ទុះឆេះបែកផ្កាភ្លើងខ្ទាតមកប៉ះក្រណាត់កម្រាលពួក ឆាបឆេះកាន់តែខ្លាំងតែម្តង។

ចំពោះការខូចខាត រួមមាន ឆេះអគារ ១ខ្នងទាំងស្រុង។ ម៉ាស៊ីនគ្រីប៣។ ម៉ាស៊ីនដេរធំ៦។ ម៉ាស៊ីនដេរតូច២៤។ ម៉ាស៊ីនចាក់២។ ម៉ាស៊ីនលើកទំនិញ១ រួមនិងសម្ភារប្រើប្រាស់មួយចំនួនធំ។

ជុំវិញកិច្ចប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើ កម្លាំងសមត្ថកិច្ច បានប្រើប្រាស់រថយន្តអគ្គិភ័យសរុបចំនួន១៨គ្រឿង រួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ  ចំនួន៨គ្រឿង។ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចំនួន១គ្រឿង។ រថយន្តពន្លត់អគ្គិភ័យរបស់អាវុធហត្ថខេត្តកំពង់ស្ពឺ ចំនួន២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់កងពលតូច ង៧០ ចំនួន៧គ្រឿង។ រហូតមកដល់ វេលាម៉ោង ១២ និង១៥នាទី ថ្ងៃត្រង់ ថ្ងៃដដែល កម្លាំងសមត្ថកិច្ចបានបាញ់ទឹកពន្លត់រលត់១០០ភាគរយ៕

RELATED ARTICLES