
ភ្នំពេញ ៖ បក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានចំអកឲ្យលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) ដែលមុននេះធ្លាប់បានវាយប្រហារលោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ថាជាជនផ្តាច់ការ ប្រជាភិថុតិ តែឥឡូវនេះបានរត់ទៅឱបជើងលោកត្រាំ នៅអាមេរិក។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក “យុវជន៧មករា” នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ថា “បើមិនចង់ឲ្យគេប្រើអំណាចផ្តាច់ការ មានតែកុំធ្វើអីឲ្យខុសច្បាប់ ។ បើគ្មានប្រព្រឹត្តអំពើល្មើសច្បាប់ទេ និងមិនរំលោភសិទ្ធិអ្នកដទៃទេ និងក៏គ្មានការចាត់វិធានការច្បាប់ដែរ។ តើលោកត្រាំ ដែលចុះហត្ថលេខាបញ្ជាប្រតិបត្តិរាប់សិបច្បាប់ តែក្នុងរយៈពេលខ្លី តើគាត់មានជំងឺផ្លូវចិត្តដែរទេ? វិទ្យុវីអូអេ វិទ្យុអាស៊ីសេរី និងវិទ្យុអឺរ៉ុបសេរី សុទ្ធតែជាប្រព័ន្ធផ្សព្វផ្សាយប្រជាធិបតេយ្យ មូលហេតុអីបានជាត្រូវលោកត្រាំ បិទចោល? ប៉ុន្មានថ្ងៃនេះ គ្រាន់តែមានអំពើលួចឆក់អីវ៉ាន់ភ្ញៀវបរទេសមួយចំនួន ឥឡូវជះឥទ្ធិពលមិនល្អដល់បណ្តាប្រទេស ហាមពលរដ្ឋគេ មិនឲ្យចូលមកកម្ពុជា ។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ចំណាយក្នុងមួយឆ្នាំៗ អស់លុយប្រមាណ ១០០០លានដុល្លារ អ៊ីចឹងហើយទើបបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយទាំងនោះ បានដៃជាខ្លាំង ។ ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ ធ្លាប់និយាយវាយប្រហារលោកត្រាំ ឥឡូវធ្វើឯងស្នេហាលោកត្រាំ ខ្លាំងណាស់ រត់ទៅឱបជើងលោកត្រាំ ឯសហរដ្ឋអាមេរិក ។ ចេតនាអាក្រក់របស់ខ្មែរនៅក្រៅស្រុកមួយចំនួន ចង់ឲ្យសម្តេចតេជោ លាចាកលោកទៅ តែវាមិនដូចចិត្តរបស់ពួកគេទេ ព្រោះសម្តេច នៅមានសុខភាពល្អមាំមួន អាចទៅវាយកូនគោលបាន ចូលរួមជាអធិបតីក្នុងពិធីធំៗបាន អញ្ជើញជួបភ្ញៀវបរទេសបានជាហូរហែ ក្នុងនាមសម្តេចជាប្រមុខរដ្ឋស្តីទី សម្តេច អាចអញ្ជើញចូលរួមក្នុងពិធីរៀបអាពាហ៍ពិពាហ៍មន្ត្រីជាន់ខ្ពស់កម្ពុជា។ មានអ្នកខ្លះ មកចេះឈឺក្បាលជំនួសគេ ពីរឿងគេមានសុខភាពល្អ បន្តធ្វើការងារជូនរដ្ឋ អួតថាខ្លួនជាអ្នកប្រជាធិបតេយ្យ តែកំពុងរំលោភសិទ្ធិអ្នកដទៃ។ មនុស្សអាក្រក់ និយាយផ្សេង តែក្នុងចិត្តផ្សឹង ចិត្តជាទេវទត្ត មាត់ជាទេវតា ។ វិទ្យុអាស៊ីសេរី ថាខ្លួនជាវិទ្យុប្រជាធិបតេយ្យ ឥឡូវត្រូវលោកត្រាំ លុបចោល តើលោកត្រាំ មិនមែនប្រជាធិបតេយ្យឬ បានជាលុបចោលវិទ្យុអាស៊ីសេរី លែងឲ្យផ្សាយ?“ ។
បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកសុខ ឥសាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ថា កន្លងមក ទណ្ឌិតសម រង្ស៊ី និងក្រុមឧទ្ទាមក្រៅច្បាប់ នៅក្រៅប្រទេស សុទ្ធតែនិយាយថា លោកត្រាំ ជាមនុស្សផ្ដាច់ការ ឬជាជនផ្ដាច់ការ ឥឡូវបែរជាទៅឱនក្បាលដាក់់បាតជើងជនផ្ដាច់ការ ប៉ុន្តែអ្វីដែលទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ និងខ្មែរនៅក្រៅប្រទេស រត់ទៅពឹងពាក់សហរដ្ឋអាមេរិក បានត្រឹមតែសមាជិកព្រឹទ្ធសភា និងតំណាងរាស្រ្តម្នាក់ពីរនាក់តែប៉ុណ្ណោះ ។ ចំណែកលោកដូណាល់ ត្រាំ អត់មានមើលមុខទណ្ឌិតសម រង្ស៊ី ទេ ឬលោកត្រាំ មិនរាប់អាន ពីព្រោះមនុស្សនេះ ជាអ្នកប្រជាធិបតេយ្យក្លែងក្លាយ បើអាមេរិកគាំទ្រ វានាំឲ្យខូចឈ្មោះមុខមាត់អាមេរិក ។

លោកសុខ ឥសាន បានមានប្រសាសន៍ថា “ដោយអស់ផ្លូវ រត់ពីប្រទេសមួយ ទៅប្រទេសមួយ គឺមានតែចង់រត់ទៅរកពឹងអំណាចរបស់សហរដ្ឋអាមេរិក ក៏ប៉ុន្តែទោះបីថា ទណ្ឌិតហ្នឹងមេឧទ្ទាមក្រៅច្បាប់ ខ្មែរនៅក្រៅប្រទេស រត់ទៅពឹងពាក់សហរដ្ឋអាមេរិកហ្នឹង វាបានត្រឹមតែសមាជិកព្រឹទ្ធសភា ម្នាក់ពីរនាក់ និងតំណាងរាស្រ្តម្នាក់ពីរនាក់តែប៉ុណ្ណោះ ។ ចំណែកលោកដូណាល់ ត្រាំ អត់មានមើលមុខទណ្ឌិតសម រង្ស៊ី ហ្នឹងទេ ពីព្រោះម្នាក់ហ្នឹង មិនមែនជាអ្នកប្រជាធិបតេយ្យទេ តែលោកត្រាំ មិនរាប់អានហើយ ដោយសារមនុស្សហ្នឹង ជាអ្នកប្រជាធិបតេយ្យក្លែងក្លាយ ហើយបើអាមេរិក គាំទ្រពួកហ្នឹងទៅ វានាំឲ្យខូចឈ្មោះមុខមាត់អាមេរិក ទៅទៀត ។ អ៊ីចឹងទេ ការដែលទណ្ឌិរូបនេះមានមុខចេញមកនិយាយវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា យ៉ាងណាក្ដី ក៏ប៉ុន្តែមិនមែនជាគោលការណ៍របស់លោកត្រាំ ទេ ជាគោលការណ៍របស់អាមេខ្លោងដែលគ្រប់គ្រងវិទ្យុអាស៊ីសេរីហ្នឹង ដែលមាននិន្នាការនយោបាយទៅរកក្រុមឧទ្ទាមក្រៅច្បាប់ ដោយសង្ឃឹមថា នៅពេលណាមួយដែលក្រុមឧទ្ទាមក្រៅច្បាប់ បានកាន់អំណាចនោះ ពួកគេនឹងបានធ្វើជាឧត្ដមមន្រ្តីនៅក្នុងជួររាជរដ្ឋាភិបាល អាហ្នឹងវាជាគំនិត ។ ក៏ប៉ុន្តែការដែលរង់ចាំរបស់គេ រង់ចាំហើយរង់ចាំទៀត រង់ចាំរហូតទៅដល់វិទ្យុអាស៊ីសេរី ត្រូវក្ស័យជីវិតតែម្ដង ។ អាហ្នឹងហើយ គឺថាប្រជាជន ពលរដ្ឋខ្មែរ ដែលមានសញ្ជាតិអាមេរិកហ្នឹង បានវាយតម្លៃរួចហើយថា នយោបាយដែលក្រុមឧទ្ទាមក្រៅច្បាប់ ដឹកនាំដោយទណ្ឌិតសម រង្ស៊ី ដែលអាចឈានជើងទៅសហរដ្ឋអាមេរិក ឬមួយក៏មានមុខនៅក្នុងវេទិកាវិទ្យុអាស៊ីសេរីនេះ មិនមែនជានយោបាយរបស់រដ្ឋាភិបាលអាមេរិកទេ ក៏ប៉ុន្តែធាតុពិត គឺគ្រាន់តែជាការគប់គិតជាមួយនឹងអាតួដែលដឹកនាំវិទ្យុអាស៊ីសេរីហ្នឹងឯង“ ។
លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “ចំពោះការវាយប្រហារនោះ អាហ្នឹងវាសុទ្ធតែនិយាយថា លោកត្រាំ ជាមនុស្សផ្ដាច់ការ ជាជនផ្ដាច់ការ ឥឡូវទៅឱនក្បាលដាក់់បាតជើងជនផ្ដាច់ការ ហើយក្នុងហ្នឹងក៏មិនមែនតែពួកឧទ្ទាមក្រៅច្បាប់ មេឧទ្ទាមក្រៅច្បាប់ហ្នឹងទេ គ្រាន់តែបុគ្គលិកវិទ្យុអាស៊ីសេរីហ្នឹង ក៏ថាពេលដែលវិទ្យុអាស៊ីសេរី ត្រូវបិទ វិទ្យុប្រព័ន្ធផ្សព្វផ្សាយប្រតិកិរិយាទាំងឡាយរបស់អាមេរិកហ្នឹង ត្រូវបិទដោយសារស្នាដៃហត្ថលេខារបស់លោកត្រាំ ហ្នឹង ក៏វាវាយតម្លៃថា មានអ្នកត្រេកអរ មានអ្នកយំ ក៏ប៉ុន្តែអ្នកត្រេកអរហ្នឹង គឺថា គ្រាន់តែជាអ្នកដែលផ្ដាច់ការ ជាជនសាហាវព្រៃផ្សៃ និងអ្នកផ្ដាច់ការតែប៉ុណ្ណោះ ។ អ៊ីចឹងសរុបមកវិញ គឺថា អាវិទ្យុ ប្រព័ន្ធផ្សព្វផ្សាយប្រតិកិរិយារបស់អាមេរិក ដែលត្រូវបិទហ្នឹង ដោយសារហត្ថលេខារបស់លោកត្រាំ ។ បើនិយាយយ៉ាងដូច្នោះ ដូចខ្ញុំរំលឹកខាងដើមនេះ វាមានតែពួកហ្នឹងវាយប្រហារទៅលើលោកត្រាំ ថាជាជនផ្ដាច់ការ ជាជនព្រៃផ្សៃ “ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តទៀតថា “ប៉ុន្តែអ្វីដែលរំលេចពាក្យថា មនុស្សអាក្រក់និយាយផ្សេង តែក្នុងចិត្តផ្សឹង ចិត្តជាទេវទត្ត មាត់ជាទេវតានោះ គឺថាពួកវានេះ ទាំងក្រុមឧទ្ទាមក្រៅច្បាប់ ដឹកនាំដោយទណ្ឌិតសម រង្ស៊ី ទាំងអាបុគ្គលិកអាស៊ីសេរី រាល់ថ្ងៃនេះ គឺថាធ្វើការងារ គឺថាបង្កើតតែព័ត៌មានក្លែងក្លាយ ដើម្បីវ៉ៃប្រហារបង្អាប់បន្តុះមកលើរាជរដ្ឋាភិបាលកម្ពុជា និងបណ្ដាប្រទេសមួយចំនួន ដូចជា ប្រទេសចិន ជាដើម ដែលមាននិន្នាការមនោគមន៍វិជ្ជាផ្ទុយអំពីសហរដ្ឋអាមេរិក ក៏ប៉ុន្តែវាលើកតម្កើងខ្លួនវាថា ជាអ្នកប្រជាធិបតេយ្យ ។ ឥឡូវអ្នកប្រជាធិបតេយ្យហ្នឹង វ៉ៃប្រហារប្រជាធិបតេយ្យ ហើយខ្ញុំក៏រំលេចពាក្យមួយទៀតដែរថា ចេតនាអាក្រក់របស់ខ្មែរនៅក្រៅស្រុកមួយចំនួន ចង់ឲ្យសម្តេចតេជោ លាចាកលោកទៅ តែវាមិនដូចចិត្តរបស់ពួកគេទេ ព្រោះសម្តេច នៅមានសុខភាពល្អមាំមួន អាចទៅវាយកូនគោលបាន ចូលរួមជាអធិបតីក្នុងពិធីធំៗបាន អញ្ជើញជួបភ្ញៀវបរទេសបានជាហូរហែ ក្នុងនាមសម្តេច ជាប្រមុខរដ្ឋស្តីទី សម្តេច អាចអញ្ជើញចូលរួមក្នុងពិធីរៀបអាពាហ៍ពិពាហ៍មន្ត្រីជាន់ខ្ពស់កម្ពុជានោះ គឺអាហ្នឹងអ្នកណាក៏ឃើញដែរ សុខភាពសម្ដេច នៅរឹងមាំ គាត់អញ្ជើញទៅកម្សាន្តវ៉ៃកូនគោលផង គាត់អញ្ជើញហាត់ប្រាណផង ហើយនិងគាត់ទៅចូលរួមជាអធិបតីរបស់ពិធីធំៗរបស់រដ្ឋ របស់ជាតិ ។ ដូចថ្ងៃមុនអ៊ីចឹង គឺគាត់ទទួលភ្ញៀវអន្តរជាតិ ទទួលសារតាំង ក្នុងនាមជាប្រមុខរដ្ឋស្ដីទី ពីបណ្ដាប្រទេសដែលដាក់ទូតមកកម្ពុជា ហើយនិងចូលរួមជាអធិបតីនៅក្នុងកម្មវិធីធំៗរបស់ជាតិ ។ បានសេចក្ដីថា លោកនៅមានសុខភាពមាំមួយ មានកម្លាំងពលំខ្លាំងក្លាដើម្បីដឹកនាំប្រទេសតទៅទៀត ក៏ប៉ុន្តែពួកវាចេះតែបំផុសព័ត៌មានថា សុខភាពសម្ដេច ទ្រុឌទ្រោម ឬមួយរហូតទៅដល់ប្រមាថសម្ដេច ថាសម្ដេច បានលាចាកលោកទៅហើយទៀតផង ។ អានេះហើយជាការប្រមាថដ៏ធ្ងន់ធ្ងរ ដែលពួកវាយកវិទ្យុអាស៊ីសេរីហ្នឹង ធ្វើជាមូលដ្ឋានដើម្បីបម្រើនយោបាយអគតិរបស់ពួកវា“ ។
ជាមួយគ្នានោះដែរ លោកបណ្ឌិត សូ ណារ៉ូ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានលើកឡើងថា បន្ទាប់ពីបិទវិទ្យុអាស៊ីសេរី មិនឱ្យបន្តផ្សាយសម្ដីសម រង្ស៊ី ឃោសនាភូតភរបោកប្រាស់ ញុះញង់បំបែកបំបាក់ជាតិខ្មែរ រួចមក លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (Donald Trump) អាចនឹងបិទមិនឱ្យជនជាតិបារាំង ឈ្មោះសម រង្ស៊ី មកជាន់ទឹកដីអាមេរិក ទៀត ។
លោកបណ្ឌិត សូ ណារ៉ូ បានបង្ហោះឃ្លីបវីដេអូដែលលោកសម រង្ស៊ី បានថ្លែងវាយប្រហារលោកដូណាល់ ត្រាំ នាពេលកន្លងមក នៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ភ្ជាប់ជាមួយសំណួរថា “សួរមើល តើលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump នឹងគាំទ្រសម្តេចតេជោ ហ៊ុន សែន ដែលមានទំនាក់ទំនងល្អប្រពៃ និងគាំទ្រលោកត្រាំ នាពេលកន្លងមក ឬមួយលោកត្រាំ នឹងគាំទ្រជនក្បត់ជាតិ សម រង្ស៊ី ដែលតែងតែវាយប្រហារ រិះគន់ឥតសំចៃមាត់មកលើលោកត្រាំ? បន្ទាប់ពីបិទវិទ្យុអាស៊ីសេរី មិនឱ្យបន្តផ្សាយសម្ដីសម រង្ស៊ី ឃោសនាភូតភរបោកប្រាស់ ញុះញង់បំបែកបំបាក់ជាតិខ្មែរ រួចមក លោកប្រធានាធិបតីអាមេរិក Donald Trump អាចនឹងបិទមិនឱ្យជនជាតិបារាំង ឈ្មោះ សម រង្ស៊ី មកជាន់ទឹកដីអាមេរិក ទៀត ប្រសិនលោកត្រាំ បានមើលឃ្លីបវីដេអូដែលជនបរទេសរូបនេះ ហ៊ានប្រថុយឃោសនាអំពាវនាវឱ្យប្រជាពលរដ្ឋអាមេរិក កុំឱ្យបោះឆ្នោតឱ្យលោកត្រាំ ក្នុងរដូវឃោសនាបោះឆ្នោត នៅសហរដ្ឋអាមេរិក ។ ទង្វើនេះ ជាបទល្មើសដែលជនបរទេសជ្រៀតជ្រែកចូលកិច្ចការបោះឆ្នោតនៅសហរដ្ឋអាមេរិក ដែលជាបទល្មើសព្រហ្មទណ្ឌ នៅប្រទេសអាមេរិក។ សូមជួយចែករំលែកឃ្លីបនេះ ឱ្យដល់ដៃលោកត្រាំ បានមើលផង“ ។

នៅក្នុងឃ្លីបវីដេអូដែលលោកបណ្ឌិត សូ ណារ៉ូ យកមកបង្ហាញ ចែករំលែកតគ្នានោះ លោកសម រង្ស៊ី បាននិយាយជាសារអំពាវនាវដល់ពលរដ្ឋអាមេរិក កុំឲ្យបោះឆ្នោតគាំទ្រលោកដូណាល់ ត្រាំ មុនការបោះឆ្នោតសហរដ្ឋអាមេរិក កាលពីពេលកន្លងទៅនេះ ព្រោះថាលោកត្រាំ ចូលចិត្តធ្វើប្រជាភិថុតិ យករឿងដែលគាត់បំប៉ោងប្រឌិត មកនិយាយឲ្យគេជឿ ។
លោកសម រង្ស៊ី បានថ្លែងនៅពេលនោះថា “សូមឲ្យពួកគាត់ធ្វើសេចក្ដីសម្រេចដោយឈរលើការពិត ។ ខ្ញុំកត់សម្គាល់ ហើយមិនមែនតែខ្ញុំទេ ថាលោកត្រាំ គាត់មិនសូវនិយាយការពិតទេ គាត់និយាយបំផ្លើស ហើយគាត់ធ្វើប្រជាភិថុតិ យករឿងដែលគាត់បំប៉ោង ឬមួយជារឿងគាត់ប្រឌិត យកមកនិយាយ រួចទៅអ្នកខ្លះហ្នឹង ជឿគាត់ងាយពេក ។ បើប្រជាពលរដ្ឋយកមកគិតពិចារណាមែនទែនទៅ គួរតែជ្រើសរើសអ្នកដឹកនាំដែលធ្វើអី ដែលនិយាយអីឈរលើការពិត កុំផ្លើស កុំបំប៉ោងដូចលោកត្រាំ ដែលជាទម្លាប់របស់គាត់“ ។
ទោះយ៉ាងណា ផ្ទុយពីការលើកឡើងខាងលើនេះ ក្នុងអំឡុងពេលកំពុងបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក លោក សម រង្ស៊ី បានជួបជាមួយមន្ត្រីជាន់ខ្ពស់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ សហរដ្ឋអាមេរិក ដើម្បីស្តារឡើងវិញនូវលិទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្សនៅកម្ពុជា និងប្រឆាំងនឹងការជួញដូរឧក្រិដ្ឋកម្មឆបោករបស់ចិន នៅកម្ពុជា ។

លោកសម រង្ស៊ី បានបញ្ជាក់តាមរយៈទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ថា “ជម្រាបសួរ! គឹមហ៊ុន សូមូរ៉ា និងខ្ញុំ សម រង្ស៊ី ទើបតែបានជួបជាមួយអ្នកមុខអ្នកការ ថ្នាក់ដឹកនាំសហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីងតោន ។ អ្វីដែលខ្ញុំអាចជម្រាបបាន គឺសហរដ្ឋអាមេរិក មិនភ្លេចប្រទេសកម្ពុជា មិនភ្លេចពីប្រជារាស្រ្តខ្មែរ ដែលតស៊ូដើម្បីសេរីភាព យុត្តិធម៌ និងសហរដ្ឋអាមេរិក ។ ដូច្នេះយើងមានសម្ព័ន្ធមិត្តដ៏រឹងមាំដដែល ដែលនឹងការពារ និងជួយប្រជារាស្រ្តខ្មែរ ក្នុងការទាមទារសេរីភាពនិងយុត្តិធម៌ ។ អ្វីដែលខ្ញុំអាចជម្រាបបានផងដែរ គឺសហរដ្ឋអាមេរិក បារម្ភពីបញ្ហាពីរយ៉ាងនៅប្រទេសកម្ពុជា បញ្ហាដែលរបបហ៊ុន សែន ត្រកូលហ៊ុន បានបង្កើត ធ្វើឲ្យសហរដ្ឋអាមេរិក មានក្ដីបារម្ភ ។ បញ្ហាទី១ គឺបើកដៃឲ្យចិនកម្មុយនីស្ត មកសាងសង់មូលដ្ឋានសឹកនៅប្រទេសកម្ពុជា មានកំពង់ផែយោធានៅរាម ហើយមានមូលដ្ឋានសឹកនៅតារាសាគរ នៅខេត្តកោះកុង ហើយគេអត់ជឿថា ហ៊ុន សែន នេះធ្វើមិនមែនសម្រាប់ប្រទេសចិន ទេ គឺធ្វើសម្រាប់ការពារប្រទេសកម្ពុជា ប៉ុន្តែប្រទេសកម្ពុជា មានសត្រូវណា? ចាំបាច់ធ្វើមូលដ្ឋានសឹក ដើម្បីមកការពារខ្លួន? យើងមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ការពារប្រទេសកម្ពុជា ឯករាជ្យភាពប្រទេសកម្ពុជា បូរណភាពទឹកដីប្រទេសកម្ពុជា វាគ្រប់គ្រាន់ហើយ ។ ដូច្នេះអ្វីដែលសហរដ្ឋអាមេរិក បារម្ភហ្នឹង គឺត្រឹមត្រូវណាស់ មិនត្រូវបើកដៃឲ្យចិនកុម្មុយនីស្ត យកប្រទេសកម្ពុជា ធ្វើជាមូលដ្ឋានសឹក ដើម្បីគំរាមកំហែងប្រទេសជិតខាងប្រទេសកម្ពុជា ហើយគំរាមកំហែងដល់សេរីភាពក្នុងការធ្វើដំណើរ ក្នុងការឲ្យនាវាចរាចរណ៍ដោយសេរីនៅតំបន់អាស៊ីខាងកើត ហើយម្យ៉ាងទៀត សហរដ្ឋអាមេរិក បារម្ភអំពីសកម្មភាពពួកជនឧក្រិដ្ឋអន្តរជាតិ ដែលយើងហៅថា ម៉ាហ្វីយ៉ា ដែលបានមកបើកបនល្បែងស៊ីសង បន្តឆបោក បនគំរាមកំហែង បនលាងលុយកខ្វក់ បនដែលចាប់ពលរដ្ឋពីប្រទេសនានា បង្ខំឲ្យធ្វើការដូចទាសករ គឺសកម្មភាពជាឧក្រិដ្ឋនេះ គឺវាប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសទាំងអស់ក្នុងពិភពលោក ជាពិសេសផលប្រយោជន៍សហរដ្ឋអាមេរិក តែម្ដង ។ ដូច្នេះសហរដ្ឋអាមេរិក មិនព្រងើយកន្តើយទេ រឿងចិននេះ ដឹងថាហ៊ុន សែន ផុងខ្លួនជាមួយចិនកុម្មុយនីសផង ផុងខ្លួនជាមួយពួកម៉ាហ្វីយ៉ាផង» ។

លោកសម រង្ស៊ី បន្តថា «ដូច្នេះសហរដ្ឋអាមេរិក មិនអាចព្រងើយកន្តើយ អត់ទ្រាំឲ្យហ៊ុន សែន ធ្វើអ្វីតាមចិត្ត គីមិនមែនត្រឹមតែបំផ្លាញប្រទេសកម្ពុជា ធ្វើបាបប្រជារាស្រ្តខ្មែរទេ គឺប៉ះពាល់ដល់ផលប្រយោជន៍សហរដ្ឋអាមេរិក និងផលប្រយោជន៍លោកសេរី ហើយខ្ញុំជឿថា មានប្រតិកម្មជាច្រើនយ៉ាងថែមទៀត ពីប្រទេសផ្សេងៗថែមទៀត ដែលមិនបណ្ដោយឲ្យហ៊ុន សែន ធ្វើអ្វីបានតាមចិត្តទេ ដូចជីកព្រែកហ្វូណនតេជោ នេះឃើញថា វាគាំង គឺប្រទេសដែលគេមានផលប្រយោជន៍ ដែលហ៊ុន សែន និងចិន ប៉ះពាល់ផលប្រយោជន៍គេ គេបណ្ដោយទេ ។ អ៊ីចឹងហើយបានការដ្ឋានជីកព្រែកហ្វូណនតេជោ នេះ គឺវាជាប់គាំងទៅវិញទៅមក ជីកព្រែកតេជោ នេះ គម្រោងនេះបរាជ័យ គឺហ៊ុន សែន ធ្លាក់ទឹក ជីកព្រែកហ្វូណនតេជោ គឺហ៊ុន សែន អ្នកធ្លាក់ទឺក ពីព្រោះគេបានព្រមានហ៊ុន សែន ថាត្រូវបញ្ឈប់ជាបន្ទាន់ ។ ប្រទេសចិន ក៏ឈប់ផ្ដល់លុយឲ្យ ហើយមានសម្ពាធផ្សេងទៀត គឺព្រមានហ៊ុន សែន ឲ្យតែហ៊ានជីកព្រែកនេះ គឺហ៊ុន សែន នឹងត្រូវមានបញ្ហាធ្ងន់ធ្ងរមែនទែន ។ អ៊ីចឹងទស្សនកិច្ចរបស់យើង មករដ្ឋធានីវ៉ាស៊ីងតោន នេះ គឺប្រកបដោយជោគជ័យ ធ្វើឲ្យសហរដ្ឋអាមេរិកយល់ច្បាស់អំពីអំពើអាក្រក់ អ្វីដែលគ្រោះថ្នាក់ ដែលហ៊ុន សែន នាំមកសម្រាប់ពិភពលោកទាំងមូល ជាពិសេសសម្រាប់លោកសេរី និងសហរដ្ឋអាមេរិក តែម្ដង“ ៕ កុលបុត្រ