ខេត្តបាត់ដំបង ៖ ស្រុកចំនួន៦ នៃខេត្តបាត់ដំបង ត្រូវបានរងការវាយប្រហារដោយបាតុភូតគ្រោះធម្មជាតិ ភ្លៀងខ្យល់កន្ត្រាក់ និងរន្ទះបាញ់ បណ្តាលឱ្យមនុស្សម្នាក់ បាត់បង់ជីវិត និងរងបួសម្នាក់ ព្រមទាំងប៉ើងរបើកដំបូលផ្ទះ សរុបចំនួន៥៣ខ្នង។

ហេតុការណ៍គ្រោះធម្មជាតិនេះ បានកើតឡើង កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ នៅចំណុចស្រុកចំនួន៦ នៃខេត្តបាត់ដំបង រួមមាន ស្រុកបាណន់ ស្រុកសំឡូត ស្រុកសំពៅលូន ស្រុកបវេល ស្រុកសង្កែ និងស្រុកគាស់ក្រឡ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះនិងផ្ទះប្រជាពលរដ្ឋដែររងការខូចខាតរួមមាន ៖
១-ស្រុកបាណន់ ៖ នៅវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ នៅចំណុចភូមិស្លាបប៉ាងឃុំតាគ្រាម ស្រុកបាណន់ មានករណីរន្ទះបាញ់ប្រជាពលរដ្ឋ ឈ្មោះថ្លាន់ សុខាន ភេទប្រុស អាយុ២៨ឆ្នាំ បណ្តាលឱ្យស្លាប់នៅចំណុចដីថ្មីភូមិស្លាបប៉ាង ឃុំតាគ្រាម ស្រុកបាណន់។

២-ស្រុកសំឡូត ៖ នៅវេលាម៉ោង៧យប់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ នៅចំណុចក្រុមទី១ ភូមិដូនត្រឹត ឃុំតាសាញ ស្រុកសំឡូត មានករណីរន្ទះបាញ់ប្រជាពលរដ្ឋឈ្មោះហៀន ហាំ ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិភូមិដូនត្រឹត ឃុំតាសាញ ស្រុកសំឡូត បណ្តាលឱ្យរបួស និងត្រូវបានគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង។

៣-ស្រុកសំពៅលូន ៖ នៅវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ មានករណីខ្យល់កន្ត្រាក់ បណ្តាលឱ្យប៉ះពាល់ ផ្ទះប្រជាពលរដ្ឋនៅឃុំជ្រៃសីមា និងឃុំសិរីមានជ័យ ស្រុកសំពៅលូន ចំនួន២៥ខ្នងផ្ទះ។
៤-ស្រុកសង្កែ ៖ នៅវេលាម៉ោង ៣និង៥០នាទីរសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ មានករណីខ្យល់កន្ត្រាក់ បណ្តាលឱ្យប៉ះពាល់ ផ្ទះប្រជាពលរដ្ឋនៅឃុំកំពង់ព្រៀង ចំនួន៣ខ្នងផ្ទះ ។

៥-ស្រុកគាស់ក្រឡ ៖ នៅវេលាម៉ោង៤រសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ មានករណីខ្យល់កន្ត្រាក់ បណ្តាលឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋនៅភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ចំនួន១ខ្នងផ្ទះ។

៥-ស្រុកបវេល ៖ នៅវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ មានករណីខ្យល់កន្ត្រាក់ បណ្តាលឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋនៅភូមិបឹងអារក្ស ឃុំអម្ពិលប្រាំដើម ចំនួន២៤ខ្នងផ្ទះ។

បច្ចុប្បន្នកម្លាំងនគរបាលស្រុក បានចុះធ្វើការត្រួតពិនិត្យនិងធ្វើកំណត់ហេតុ រួចបានប្រគល់សពជនរងគ្រោះ ឲ្យក្រុមគ្រួសារ សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកផ្ទះប្រជាពលរដ្ឋដែររងការខូចខាត កម្លាំងនគរបាលស្រុកបានចុះធ្វើការត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ជូនម្ចាស់ផ្ទះឡើងវិញ៕


