Wednesday, March 26, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួចកាច់កម៉ូតូ ម្ចាស់គេទាន់ សង្សាររត់ចោល

លួចកាច់កម៉ូតូ ម្ចាស់គេទាន់ សង្សាររត់ចោល

ខេត្តកណ្តាល ៖ ជនសង្ស័យជាគូស្នេហ៍ ២នាក់ បានជិះម៉ូតូ ១គ្រឿង ដឹកគ្នាដើរធ្វើសកម្មភាពលួចម៉ូតូ លុះខាងប្រុសចូលទៅកាច់កម៉ូតូ ១គ្រឿង នៅមុខបន្ទប់ជួល១កន្លែង ចំណែកខាងស្រីបញ្ឆេះម៉ូតូចាំ ស្រាប់តែគាប់ជួនត្រូវជនរងគ្រោះជាម្ចាស់ម៉ូតូ ចេញមកទាន់ ស្រែកឆោឡោ ផ្អើលដល់អ្នកជិតខាងដេញចាប់ក្របួចជាប់ម្នាក់ ខណៈដែលខាងស្រី បានបើកម៉ូតូរត់គេចចោលប្រុសស្នេហ៍បាត់។

ករណីនេះ បានកើតទ្បើងកាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅចំណុច មុខបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសុខ ឌី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបឹងទំពន់១ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ។ ចំណែកបក្ខពួកម្នាក់ទៀត ដែលជាសង្សារ មានឈ្មោះស្រីតា ភេទស្រី អាយុ២០ឆ្នាំ បានរត់គេចខ្លួនបាត់។ ក្នុងនោះសមត្ថកិច្ចដកហូតបានសម្ភារៈពីជនសង្ស័យ រួមមាន ដែកសំប៉ែតចុងស្រួច ចំនួន១ និងសោកាច់កម៉ូតូ ចំនួន១។

តាមប្រភពជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ ជនគ្រោះបានទុកម៉ូតូ មុខបន្ទប់ដូចសព្វរាល់ដង។ ស្របពេលនោះ លេចមុខជនសង្ស័យប្រុសស្រី២នាក់ បានជិះម៉ូតូគ្នាមកឈប់ នៅខាងមុខបន្ទប់ជួលរបស់ជនរងគ្រោះ ហើយជនសង្ស័យឈ្មោះសុខ ឌី បានចុះពីម៉ូតូ រួចយកឧបករណ៍សម្រាប់កាច់កម៉ូតូ លួចកាច់កម៉ូតូរបស់ជនរងគ្រោះ ម៉ាកហុងដា ប៊ីត ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 1LH-8566 ស្របពេលនោះ ជនរងគ្រោះបានចេញពីបន្ទប់ មកឃើញទាន់ ក៏បានស្រែក “ចោរ!ៗ” ទើបបង្កឱ្យការភ្ញាក់ទៅដល់ប្រជាពលរដ្ឋនៅជិតនោះ នាំគ្នាចេញមកជួយដេញចាប់។

ភ្លាមៗជនសង្ស័យភ័យស្លន់ស្លោពេក បានបោះឧបករណ៍កាច់សោម៉ូតូ ចោលក្បែរកន្លែងកើតហេតុ ហើយរត់ទៅជិះម៉ូតូដែលមានបក្សពួកម្នាក់ទៀតឈ្មោះស្រីតា កំពុងបញ្ឆេះចាំ តែរត់មិនទាន់ ព្រោះត្រូវប្រជាពលរដ្ឋចាប់ខ្លួនបាន ចំណែកនារីសង្ស័យ ឃើញបែបនេះ បានបើកម៉ូតូគេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍កំពង់សំណាញ់ សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចុះទៅធ្វើការឃាត់ខ្លួនជនសង្ស័យ យកមកសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES