ភ្នំពេញ ៖ បុរសម្នាក់ ទើបទិញម៉ូតូ ១គ្រឿង ជិះបានតែ៤ថ្ងៃ ស្រាប់តែភ្លើងឆេះហ្មត់ សល់តែគ្រោងឆ្អឹងដែក។ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ នៅចំណុចផ្លូវបេតុង ស្ថិតនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

ម៉ូតូដែលរងការឆាបឆេះ ម៉ាក HONDA WINNER X មិនចាំពណ៌ និងស្លាកលេខ។

តាមប្រភពបុរសជាម្ចាស់ម៉ូតូ បានប្រាប់ថា ម៉ូតូរបស់គាត់ ដែលត្រូវភ្លើងឆេះខ្ទេចនេះ ទើបនឹងទិញបាន ៤ថ្ងៃប៉ុណ្ណោះ សូម្បីតែស្លាកលេខ ក៏គាត់មិនទាន់ចាំផង ហើយមុនកើតហេតុ កាលពីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ពូរបស់គាត់ បានហៅទៅហូបបាយជប់លៀងម៉ូតូថ្មី ដោយបានហូបចុកស្រាតិចតួចផងដែរ រហូតដល់ពាក់កណ្តាលអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ទើបគាត់បានជិះម៉ូតូត្រឡប់មកបន្ទប់ជួលវិញ លុះមកដល់ផ្លូវបេតុងកើតហេតុខាងលើ ជិះក្នុងទិសដៅពីកើតទៅលិច ឡើងទួលបេតុងខ្លាំង ស្រាប់តែធ្លាយសាំង ក៏ឆាបឆេះ ទើបសម្រេចចិត្តផ្តួលម៉ូតូចោល ខ្លាចគ្រោះថ្នាក់ដល់ខ្លួនឯង ភ្លាមនោះ មានប្រជាពលរដ្ឋ ជួយទាញម៉ូតូ ទៅរបងដីឡូត៍ទុកចោល ខ្លាចឆាបឆេះដល់ផ្ទះលក់ចាប់ហួយ ហើយភ្លើងក៏ឆាបឆេះម៉ូតូខ្ទេចទាំងស្រុង រហូតដល់ភ្លើងរលត់វិញខ្លួនឯង។

ក្រោយកើតហេតុ បុរសជាម្ចាស់ម៉ូតូ បានទូរស័ព្ទហៅសាច់ញាតិ ឱ្យយករ៉ឺម៉កម៉ូតូ មកដឹកគ្រោងឆ្អឹងម៉ូតូខាងលើ ទុកលក់អេតចាយ៕


