Tuesday, December 24, 2024
Homeតារាខ្មែរមហាហង្ស ចាយទុន៨ម៉ឺនដុល្លារ ផលិតរឿងខ្នាតធំត្រៀមប្រកួតមហោស្របភាពយន្តប្រចាំឆ្នាំ២០១៧

មហាហង្ស ចាយទុន៨ម៉ឺនដុល្លារ ផលិតរឿងខ្នាតធំត្រៀមប្រកួតមហោស្របភាពយន្តប្រចាំឆ្នាំ២០១៧

នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ នេះ ផលិតកម្មមហាហង្ស បានក្រុងពលីចេញ ថតរឿងថ្មីមួយ មានចំណងជើងថា “សួស្ដី! លោកគ្រូកម្លោះ” ដែលមានតារាកំប្លែង តារាសម្ដែងល្បីៗ ចូលរួមសម្ដែង ហើយនឹងគ្រោងចាយទុន ផលិតរហូតដល់៨ម៉ឺនដុល្លារ ដើម្បីត្រៀមយកទៅប្រជែងនៅក្នុង មហោស្របភាពយន្តប្រចាំឆ្នាំ២០១៧ ខាងមុខនេះ។

លោកអុិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស បានថ្លែងឲ្យដឹងនៅក្នុងពិធីក្រុងពាលីរឿង “សួស្ដី! លោកគ្រូកម្លោះ” ថា “រឿងនេះជាប្រភេទរឿងកំប្លែង សើចសប្បាយ តាំងពីដើមរហូតដល់ចប់ លាយឡំនឹងឈុតឆាកស្នេហា កាច់កុង ឌឺដង ព្រមជាមួយនឹងឈុតអប់រំជាច្រើនផងដែរ”។
ចាងហ្វាងផលិតកម្មរូបនេះបន្ថែមថា “ភាពយន្តនេះ បានសម្រិតសម្រាំងឡើងយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីឲ្យមានគុណភាព ខ្លាំងជាងរឿងមុនៗ។ ពោលគឺផ្តោតទាំងសាច់រឿង បច្ចេកទេសថត ប្លង់ និងគុណភាពរូបភាពជាដើម។ រីឯអ្នកដឹកនាំសម្ដែង ក៏ជាអ្នកដែលមាន បទពិសោធ និងស្នាដៃទទួលបាន ជោគជ័យជាច្រើនរឿង គឺលោកទិត ធារិទ្ធ ដែលធ្លាប់ដឹកនាំសម្ដែងរឿង “អ្នកនាងម្ចាស់ឡឺកឺ”។ ជាពិសេសទៀតនោះ តួអង្គសម្ដែងសុទ្ធតែ ជាតារាកំប្លែង តួសម្ដែងល្បីៗ។

លោកអុិន សុភិន បញ្ជាក់ថារឿងនេះ លោកគ្រោងចំណាយ៨ម៉ឺនដុល្លារដើម្បីផលិតឲ្យភាពយន្តនេះ មានគុណភាព ដើម្បីត្រៀមដាក់ប្រកួតក្នុងមហោស្របភាពយន្តប្រចាំឆ្នាំ២០១៧ខាងមុខនេះ។ លោកសុភិនថ្លែងថា “មូលហេតុដែល ខ្ញុំសម្រេចជ្រើសរើសរឿងនេះ ត្រៀមប្រកួតប្រជែងនៅមហោស្របភាពយន្តឆ្នាំ២០១៧ ក៏ព្រោះតែរឿងនេះ មានសាច់រឿងល្អជាងរឿងមុនៗ មានការអប់រំច្រើន ។ជាពិសេសនោះ ប្រមូលផ្ដុំដោយអ្នកដឹកនាំ និងអ្នកនិពន្ធ ដែលមានស្នាដៃល្អៗ។ ដូច្នេះធ្វើឲ្យខ្ញុំមានការរំពឹងខ្ពស់”។

គួរបញ្ជាក់ថា រឿង “សួស្ដី! លោកគ្រូកម្លោះ” មានការចូលរួមសម្ដែងដោយអ្នកនាងសុខ សោម៉ាវត្តី, លោកជា សុវណ្ណនរាហ៍, នាយពែកមី, អ្នកនាងខ្ញុង, នាយគ្រឿន, កញ្ញានីឡា, នាងប៉េងប៉ោង, លោកអូន ឧស្សាហ៍, លោកលឹម រដ្ឋា, កញ្ញាផាន់ ផាភួង, កញ្ញាយ៉ែម ស្រីពេជ្រ និងតារាកិត្តិយសជាច្រើនរូបទៀត៕ សុខ ស៊ីឡាង

DSC_0621

DSC_0703

DSC_0715

RELATED ARTICLES