Saturday, April 19, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមតារាចម្រៀងស្រីរូបស្រស់ ប្រុសរោគចិត្ត បន្លំឱ.../បថើប

តារាចម្រៀងស្រីរូបស្រស់ ប្រុសរោគចិត្ត បន្លំឱ…/បថើប

ភ្នំពេញ ៖ តារាចម្រៀងស្រីរូបស្រស់ម្នាក់ បានចូលរួមច្រៀងនិងសម្តែងនៅក្នុងកម្មវិធីសង្ក្រាន្តវិទ្យាល័យមួយ លុះក្រោយពេលចុះពីលើឆាក សម្រាកហូបបាយទឹកជុំក្រុមការងារ ស្រាប់តែមានបុរសរោគចិត្តម្នាក់ ស្ថិតក្នុងសភាពស្រវឹងស្រាជោក បានដើរមកចាប់ឱបនាងពីក្រោយ និងឱនថើបនាង តែត្រូវនារីរងគ្រោះច្រានចេញ ហើយត្រូវបានក្រុមការងារឃាត់ខ្លួនបុរសរូបនោះសាកសួរ ទើបបុរសរោគចិត្តនោះភ្ញាក់ខ្លួន ទទួលកំហុស លុតជង្គង់សុំ ទោសតារាចម្រៀងស្រីរងគ្រោះ។

 ករណីបុរសប្រមឹករោគចិត្ត បៀតបៀនរាងកាយតារាចម្រៀងស្រីនេះ បានកើតឡើងកាលពីវេលាម៉ោង ៨យប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ នៅចំណុចកម្មវិធីសង្ក្រាន្តវិទ្យាល័យមួយកន្លែង ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

នារីរងគ្រោះដែលរងការបៀបបៀនពីបុរសរោគចិត្តខាងលើ មានឈ្មោះ ចោម ច័ន្ទវលក្ខណ៍ អាយុ២៩ឆ្នាំ ជាអតីតបេក្ខភាព Cambodian Idol មួយរូប សព្វថ្ងៃមានមុខរបរជាតារាចម្រៀង និងបង្ហាញម៉ូដ។

តាមសម្តីតារាចម្រៀងរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កាលពីវេលាម៉ោងប្រមាណ ៥ល្ងាច ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ នាងនិងក្រុមការងារ បានចូលរួមមកសម្តែង និងច្រៀងនៅក្នុងកម្មវិធីសង្ក្រាន្ត ស្ថិតនៅវិទ្យាល័យ ដោយនាងបានឡើងឆាកច្រៀងតាំងពីក្បាលព្រលប់ រហូតដល់វេលាម៉ោង៧ ទៅ៨យប់ ទៅហើយ ទើបចុះពីលើឆាក មកសម្រាកនៅខាងក្រោម ដោយជួបជុំក្រុមការងារ និងក្រុមរាំ ហូបបាយទឹក ដើម្បីយកកម្លាំងសម្តែង រាំច្រៀងបន្តទៀត។

នារីរងគ្រោះ បន្តថា លុះពេលនាងកំពុងតែឈ្ងោកហូបបាយ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ ស្រវាឱបនាងពីក្រោយ និងឱនមុខថើបនាង ជិតដល់ថ្ពាល់ទៅហើយ តែត្រូវនាងស្រែកឆោឡោ និងច្រានចេញ ហើយភ្លាមនោះ ជនសង្ស័យមិនត្រឹមតែមិនមានការភ័យខ្លាចនោះទេ បែរជាខឹងសម្បា និងបម្រុងយកដបស្រាវាយនាងទៀតផង ខណៈដែលដៃទាំងសងខាងរបស់ ជនសង្ស័យ មានកាន់ដបស្រា ដល់ទៅ២ដប ជាហេតុធ្វើឱ្យនាងមានការតក់ស្លុត និងភ័យខ្លាចយ៉ាងខ្លាំង តែសំណាងល្អ ភ្លាមៗនេះ ប្រធានក្រុមរបស់នាង (មេ) បានស្ទុះមកឃាត់ ទើបជន សង្ស័យនោះ បានដើរចេញទៅវិញបាត់។

នារីរងគ្រោះ បានឱ្យដឹងទៀតថា ដំបូងឡើយ ដោយសារតែនាងខ្លាចខ្មាសគេផង និងតក់ស្លុត ភ័យខ្លាចផង ទើបមិនចង់មានរឿងវែងឆ្ងាយយ ដោយឡើងទៅលើឆាកច្រៀង និងសម្តែងបន្ត ទាំងអារម្មណ៍មិនមូលឡើយ តែប្រធានក្រុមរបស់នាង មិនសុខចិត្ត ក៏បានផ្តល់ដំណឹងនេះប្រាប់ទៅខាងសាលាភ្លាមៗ ហើយខាងសាលា ក៏រាយការណ៍ទៅសមត្ថកិច្ច ស្វែងរកបុរសខាងលើ នាំយកមកសាកសួរ។ ប៉ុន្តែពេលមកដល់ សាកសួរដំបូង ជន សង្ស័យបានព្យាយាមប្រកែកថា រូបគេមិនបានធ្វើអ្វីមកលើនាងនោះទេ លុះក្រោយពីក្រុមការងាររបស់នាង បញ្ជាក់ប្រាប់ថា មានភ័ស្តុតាង និងវីដេអូ ទើបជនសង្ស័យភ័យខ្លួន ក៏បានលុតជង្គង់សុំទោសនាង និងសន្យាថាលែងហ៊ានប្រព្រឹត្តទង្វើបែបនេះទៀតហើយ។

នារីរងគ្រោះខាងលើ បានបញ្ជាក់ថា សម្រាប់រូបនាង ដោយគិតថា មិនទាន់ខូចខាត ឬមានផលប៉ះពាល់អ្វីធ្ងន់ ណាមួយមិនចង់មានរឿងអ្វីវែងឆ្ងាយផង ទើបព្រមលើកលែងទោសឱ្យជនសង្ស័យខាងលើ និងអនុញ្ញាតឱ្យជនសង្ស័យរូបនោះត្រឡប់ទៅវិញបាត់ទៅ។ យ៉ាងណា តារាចម្រៀងស្រីរូបនេះ បានអំពាវនាវដល់បុរសមួយ ចំនួនតូច ដែលតែងមានចិត្តមាក់ងាយ បំពានលើមនុស្សស្រីភេទទន់ខ្សោយ គួរបញ្ឈប់សកម្មភាព និងទង្វើមិនសមរម្យទាំងនោះ និងសូមផ្តល់តម្លៃចំពោះមនុស្សស្រីទូទៅ ហើយចំពោះរូបនាងផ្ទាល់ ទោះបីជាតារាចម្រៀង និងពេលខ្លះត្រូវស្លៀកពាក់សិចស៊ីតិចតួច តែនេះជាអាជីព និងការងាររបស់នាង ដោយសុចរិតថ្លៃថ្នូរ មិនមែនសម្រាប់ឱ្យមនុស្សប្រុសមួយចំនួនប្រមាថមើលងាយ មកបំពារបំពានរាងកាយបានឡើយ៕

RELATED ARTICLES