Saturday, April 19, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរលួច រត់ចោលរ៉ឺម៉ក ភ័យប៉ូលិសដេញចាប់

ចោរលួច រត់ចោលរ៉ឺម៉ក ភ័យប៉ូលិសដេញចាប់

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន៤នាក់ បានធ្វើសកម្មភាពលួចរ៉ឺម៉ក ១គ្រឿង បានសម្រេច រួចព្យាយាមជិះរត់គេច លុះម្ចាស់ប្តឹងសមត្ថកិច្ចដេញចាប់ ដោយមានរថយន្តដឹកដី ១គ្រឿង ចូលរួមសាហការកៀរឱ្យឈប់ ធ្វើឱ្យក្រុមជនសង្ស័យភ័យ នាំគ្នាលោតចោលរ៉ឺម៉ក រត់គេចខ្លួនអស់។

ករណីលួចរ៉ឺម៉កនេះ បានកើតឡើង កាលពីវេលាម៉ោង១០និង៣៥នាទីយប់ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ នៅចំណុចខាងក្រោយវត្តកំពែង ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ រហូតមកដល់វេលាម៉ោង ៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ទើបកម្លាំងសមត្ថកិច្ចប្រដេញតាមនិងដកហូតបានរ៉ឺម៉កមកវិញ នៅចំណុចម្តុំស្ពាន៧មករា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ម្ចាស់រ៉ឺម៉ក មានឈ្មោះជុន សុធី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបើករ៉ឺម៉កម៉ូតូដឹកកម្មករ មានលំនៅ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកក្រុមជនសង្ស័យ មានគ្នា៤នាក់ ក្រោយកើតហេតុ បានរត់ គេចខ្លួនបាត់អស់។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ១០និង៣៥នាទីយប់ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ ម្ចាស់រ៉ឺម៉ក បានទុករ៉ឺម៉ក នៅមុខផ្ទះ ដូចសព្វដង ហើយបានចាក់សោត្រឹមត្រូវ ស្រាប់តែក្រោយមក ត្រូវបានជនសង្ស័យ ១ក្រុម នាំគ្នាមកធ្វើសកម្ម ភាពកាត់សោ លួចម៉ូតូសណ្តោងរ៉ឺម៉ក និងរ៉ឺម៉ក បានសម្រេច ហើយបើកចេញទៅបាត់ស្រមោល។ លុះមកដល់វេលាម៉ោង ៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ ម្ចាស់រ៉ឺម៉ក បើកទ្វារផ្ទះមករៀបចំយករ៉ឺម៉ក ទៅដឹកកម្មកររោងចក្រទៅធ្វើការ មិនឃើញរ៉ឺម៉ក ទើបដឹងថាត្រូវបានចោរ លួច ហើយភ្លាមនោះ ជនរងគ្រោះបានរត់ទៅដាក់ពាក្យបណ្តឹងទៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ចោមចៅ១ ភ្លាមៗ ដើម្បីឱ្យខាងសមត្ថកិច្ចជួយអន្តរាគមន៍ ស្រាវជ្រាវរករ៉ឺម៉កដែលបាត់នោះ។

ប្រភពដដែល បន្តថា រហូតដល់វេលាម៉ោងកើតហេតុខាងលើ ខណៈពេលដែលកងកម្លាំងសមត្ថកិច្ចកំពុងតែចុះល្បាតពួនស្ទាក់បទល្មើសក្នុងភូមិសាស្ត្រ ប្រទះឃើញជនសង្ស័យ ចំនួន៤នាក់ កំពុងតែបើករ៉ឺម៉ករបស់ជនរងគ្រោះដែលបាត់ កាលពីយប់មិញ ដោយមានការសង្ស័យ សមត្ថកិច្ចក៏ហៅឱ្យឈប់សាកសួរ តែក្រុមជនសង្ស័យ មិនព្រមឈប់ បែរជាព្យាយាមបើកគេចខ្លួនចេញពីទីតាំងដែលប្រទះឃើញ ឡើងមកផ្លូវជាតិលេខ៣។ ពេលនោះកម្លាំងសមត្ថកិច្ច បានប្រដេញតាមប្រកិតពីក្រោយរហូត និងសុំជំនួយឱ្យខាងសមត្ថកិច្ចសង្កាត់ភ្លើងឆេះរទេះ និងកម្លាំងសមត្ថកិច្ចសង្កាត់ពងទឹក ជួយចូលរួមសហការជាមួយដេញតាមស្ទាក់ជនសង្ស័យទាំងនោះ លុះប្រដេញតាមផុតស្ពាន៧មករា ក្នុងភូមិសាស្ត្រស្រុកកណ្តាលស្ទឹង ក៏មានរថយន្តបែនដឹកដី ១គ្រឿង បានជួយបើកកៀររ៉ឺម៉ក បណ្តាលឱ្យបែកកង់ម្ខាង ទើបឃាត់បាន។ ចំណែកក្រុមជនសង្ស័យទាំងនោះ បានលោតចុះពីលើរ៉ឺម៉ក រត់គេចខ្លួនទៅបាត់ស្រមោលអស់។

បច្ចុប្បន្នរ៉ឺម៉កដែលជនសង្ស័យលួចខាងលើ ត្រូវបានសមត្ថកិច្ចសង្កាត់ចោមចៅ១ អូសយកទៅរក្សាទុកនៅប៉ុស្តិ៍បណ្តោះអាសន្ន រង់ចាំប្រគល់ឱ្យម្ចាស់វិញ៕

RELATED ARTICLES