Wednesday, April 16, 2025
Homeសង្គម និងជីវិត ម៉ែមកលេងផ្ទះកូន ទៅផ្សារទិញម្ហូប វង្វេ.../ងផ្លូវ

 ម៉ែមកលេងផ្ទះកូន ទៅផ្សារទិញម្ហូប វង្វេ…/ងផ្លូវ

ភ្នំពេញ ៖ ស្ត្រីវ័យចំណាស់ម្នាក់ បានឡើងមកពីស្រុកកំណើតឯខេត្តព្រៃវែង  មកស្នាក់នៅផ្ទះជួលជាមួយកូនប្រុសពៅ ដែលជាកម្មកររោងចក្រ នៅរាជធានីភ្នំពេញ បានរយៈពេលជាង ១ខែមកហើយ ប៉ុន្តែមិនធ្លាប់បានដើរចេញឆ្ងាយពីតំបន់ផ្ទះជួលនោះទេ លុះចុងក្រោយ ខណៈកូនចេញទៅធ្វើការបាត់ ស្ត្រីចំណាស់បានដើរទៅកទិញម្ហូបនៅផ្សារ ស្រាប់តែវង្វេង រកផ្លូវទៅផ្ទះជួលវិញមិនឃើញ ចេះតែដើររសាត់អណ្តែត ដល់ពាក់កណ្តាលយប់ ទើបត្រូវបានសមត្ថកិច្ច នាំទៅសម្រាកនៅសាលាសង្កាត់ចោមចៅទី២ មួយយប់សិន ដើម្បីស្រាវជ្រាវរកកូន ឱ្យមកទទួល។

ករណីប្រទះឃើញស្ត្រីចំណាស់វង្វេងផ្លូវនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីវង្វេងផ្ទះ មានឈ្មោះកែម សៀន អាយុ៧៦ឆ្នាំ មានស្រុកកំណើតនៅភូមិបេង ឃុំពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង សព្វថ្ងៃស្នាក់នៅផ្ទះជួលជាមួយកូនប្រុសពៅ ស្ថិតនៅខាងលិចផ្សារទួលពង្រ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមសម្តីស្ត្រីចំណាស់ បានរៀបរាប់ប្រាប់ថា គាត់មានកូន ចំនួន៧នាក់ (ប្រុស៣ ស្រី៤) សព្វថ្ងៃគាត់ស្នាក់នៅឯស្រុកកំណើត ខេត្តព្រៃវែងឯណោះ ទើបតែឡើងមកនៅជាមួយកូនប្រុសពៅម្នាក់ ឈ្មោះលី ឡឹង អាយុ៣២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្ថិតនៅខាងលិចផ្សារទួលពង្រ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បានរយៈពេលប្រមាណជាង ១ខែប៉ុណ្ណោះ។ តែអំឡុងពេលស្នាក់នៅជាមួយកូនប្រុសពៅ ជាង១ខែមកនេះ គាត់មិនដែលបានដើរចេញឆ្ងាយពីតំបន់ផ្ទះជួលនោះទេ ព្រោះខ្លាចវង្វេងផ្លូវ។

ស្ត្រីចំណាស់ បានបន្តថា រហូតមកដល់ល្ងាចថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ខណៈដែលកូនប្រុសពៅរបស់គាត់មិនទាន់ត្រឡប់មកពីធ្វើការវិញនៅឡើយ គាត់បានដើរចេញពីផ្ទះជួល បំណងទៅរកទិញបន្លែសាច់ នៅផ្សារ ដើម្បីយកមកធ្វើម្ហូប ទុកឱ្យកូនប្រុសគាត់ហូប ក្រោយពេល ចេញពីធ្វើការវិញ។ លុះទិញម្ហូបបានហើយ ស្រាប់តែវង្វេង រកផ្លូវទៅផ្ទះជួលនោះវិញអត់ឃើញសោះ មិនដឹងថាត្រូវទៅតាមផ្លូវណាផ្លូវណីឡើយ គាត់ក៏បានព្យាយាមខំដើររក ប៉ុន្តែកាន់តែរក គឺកាន់តែវង្វេង ជាហេតុធ្វើឱ្យគាត់អស់សង្ឃឹមខ្លាំងណាស់ និងចេះតែដើររករហូតដល់ពាក់កណ្តាលអធ្រាត្រ នៅតែរកផ្លូវទៅផ្ទះជួលរបស់កូនប្រុសវិញ អត់ឃើញដដែល ហើយក៏ត្រូវបានអ្នកភូមិឃើញគាត់ដើរទៅដើរមក ឃាត់សួរនាំ ដឹងរឿង រួចបានដឹកយកទៅប្រគល់ឱ្យនគរបាលប៉ុស្តិ៍ចោមចៅទី២ ដើម្បីជួយស្រាវជ្រាវរកផ្ទះជួលនិងរកកូនប្រុសគាត់។

ស្ត្រីចំណាស់ខាងលើ បានបន្តថា ក្រោយមក មានសមត្ថកិច្ចបានដឹកគាត់ទៅឱ្យសម្រាកនៅឯសាលាសង្កាត់ចោមចៅទី២ មួយយប់សិន និងរង់ចាំកូនប្រុសពៅឈ្មោះលី ឡឹង មកយកត្រឡប់ទៅផ្ទះវិញ។ គាត់ថា នេះគឺជាលើកទី២ហើយដែលគាត់វង្វេងផ្ទះបែបនេះ ដោយកាលពី ប៉ុន្មានខែមុន ពេលមកលេងកូននៅផ្ទះជួលខាងលើនេះ គាត់បានចេញទិញម្ហូបដែរ ហើយក៏វង្វេង រកផ្លូវទៅផ្ទះវិញអត់ឃើញ ម្តងរួចមកហើយ ពេលនោះគាត់បានដើររហូតដល់ស្ទឹងព្រែកត្នោត ចម្ងាយប្រមាណ២០គីឡូម៉ែត្រ ពីផ្ទះជួល។

ជុំវិញករណីនេះ អាជ្ញាធរសង្កាត់ចោមចៅទី២ បានប្រាប់ថា រហូតមកដល់វេលាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅមិនទាន់ស្វែងរកផ្ទះជួលដែលស្ត្រីខាងលើស្នាក់នៅឃើញទេ ហើយក៏មិនទាន់ឃើញកូនប្រុសរបស់គាត់មកទទួលយកម្តាយត្រលប់ទៅវិញនៅឡើយ។ ពេលនេះ អាជ្ញាធរ និងសមត្ថកិច្ច បានទិញបាយឱ្យគាត់ហូប និងកំពុងធ្វើការស្រាវជ្រាវរកផ្ទះជួលដែលគាត់ស្នាក់នៅនោះ៕

RELATED ARTICLES