Thursday, April 24, 2025
Homeសង្គម និងជីវិតក្មេងស្រី៤ឆ្នាំ លក់ផ្កា ជួយគ្រួសារ

ក្មេងស្រី៤ឆ្នាំ លក់ផ្កា ជួយគ្រួសារ

ភ្នំពេញ ៖ ក្មេងស្រីតូច អាយុ ៤ឆ្នាំម្នាក់ ចេះជួយគ្រួសារ លក់ផ្កា បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ខ្លាំង ជាពិសេសសូម្បីសម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក៏ចាប់អារម្មណ៍ ចង់ជួបក្មេងស្រីដ៏គួរឲ្យអាណិតស្រឡាញ់រូបនេះ បន្ទាប់ពីបានឃើញនិងបានស្តាប់សម្តីពពាយនាយលក់ផ្កា របស់ក្មេងស្រីតូចរូបនេះ តាមបណ្តាញសង្គម ដែលធ្វើឲ្យអ្នកដែលបានឃើញហើយ មិនអាចដាច់ចិត្តមិនជួយទិញផ្កានាងបាន។

បន្ទាប់ពីបានប្រកាសចង់ជួបក្មេងស្រីលក់ផ្កានេះ មកដល់ល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥សម្តេចហ៊ុន សែនា​បានប្រកាសថា សម្តេច បានរកឃើញអត្តសញ្ញាណក្មេងស្រីតូចនោះ ហើយ នាងឈ្មោះស៊ុន ស្រីតី អាយុ ៤ឆ្នាំ ហើយសម្តេច នឹងទទួលជួបគ្រួសារក្មេងស្រីលក់ផ្កានេះ នៅភូមិគ្រឹះសម្តេច នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥។

សម្តេចហ៊ុន សែន បានសរសេរក្នុងទំព័រហ្វេសប៊ុក របស់សម្តេច នៅព្រឹកថ្ងៃទី២៣ ខែមេសា​ ឆ្នាំ២០២៥ ថា «ពិតជាគួរឲ្យអាណិតនិងស្រឡាញ់ចៅណាស់ តែក៏ចង់ដឹងពីរឿងចាត់ចែងរបស់ឪពុកម្តាយផងដែរ។ ពេលនេះខ្ញុំកំពុងស្វែងរកចៅស្រីដែលគួរឲ្យស្រឡាញ់នេះ សូមមេត្តាជួយប្រាប់ផង»។

បន្ទាប់មក នៅល្ងាចថ្ងៃដដែល សម្តេចហ៊ុន សែន បានសរសេរក្នុងទំព័រហ្វេសប៊ុក ដដែលថា «ខ្ញុំសូមអរគុណចំពោះបងប្អូន ក៏ដូចជាជំនួយការខ្ញុំ ដែលបានរកឃើញកុមារី ស៊ុន ស្រីតី អាយុ៤ឆ្នាំ។ ខ្ញុំនឹងទទួលឪពុកម្តាយនិងកូនៗទាំងអស់ នៅព្រឹកថ្ងៃអាទិត្យ ទី២៧ មេសា ឆ្នាំ២០២៥នៅផ្ទះរបស់ខ្ញុំ។ ពេលនោះខ្ញុំនឹងពិភាក្សាអំពីការរៀបចំគ្រួសារមួយនេះ ដែលមានទាំងចៅ ស៊ុន ស្រីតី គួរឲ្យអាណិតស្រឡាញ់ផងដែរ»។

សម្តចហ៊ុន សែន សរសេរបន្តថា «ខ្ញុំសូមអរគុណចំពោះបងប្អូនដែលចូលមកខមិន (comment) លើកពីសិទ្ធិកុមារ តែខ្ញុំសូមអង្វរករ សូមកុំទៅលឿនហួសពីសិទ្ធិរស់រានមានជីវិត ដែលវាផ្តើមចេញពីក្រពះ និងសូមកុំប្រញាប់វិនិច្ឆ័យ មុនពេលយើងដឹងរឿងពិតដែលវាជាការវាយប្រហារលើឪពុកម្តាយចៅស្រីដ៏កម្សត់នេះថែម ទៀត។ ខ្ញុំនៅចាំបានថា កាលខ្ញុំនៅមានអាយុ ៥ឬ៦ឆ្នាំ ខ្ញុំក៏ធ្លាប់ចុះទឹក រកខ្យង ចាប់ត្រី​ ចាប់ក្តាម ឲ្យម៉ែស្ល ទទួលទានដែរនោះ វាលំបាកជាងចៅលក់ផ្កា ទៅទៀត»។

សម្តេចហ៊ុន សែន សរសេរបន្តទៀតថា «រឿងបែបនេះ មិនអាចនិយាយថា ពលកម្មកុមារ សិទ្ធិកុមារ ដោយបំភ្លេចចោលសិទ្ធិមានចំណីអាហារបានទេ ព្រោះគ្មានជម្រើស ព្រោះពុក និងបងៗ មិននៅផ្ទះ ម៉ែខ្លាចឈ្លើង មិនហ៊ានចុះទឹក ចំណែកប្អូនស្រីៗ នៅតូចៗ មិនចេះហែលទឹក តម្រូវឲ្យខ្ញុំ ត្រូវធ្វើ ដើម្បីក្រពះ ទាំងម្តាយនិងកូន៤នាក់។ សិទ្ធិរស់រានមានជីវិត ត្រូវតែមានមុនគេ បើស្លាប់ទៅហើយ សូមកុំនិយាយពីសិទ្ធិផ្សេងទៀតធ្វើអ្វី»៕ ខៀវទុំ

RELATED ARTICLES