ភ្នំពេញ ៖ បន្ទាប់ពីស្ត្រីម្នាក់ឈ្មោះម៉ាក់ ប៊ូរី បង្ហោះវីដេអូលើបណ្តាញសង្គម ស្នើឱ្យអាជ្ញាធរចាត់វិធានការលើកូនគាត់ ដែលកំពុងប្រើប្រាស់គ្រឿងញៀន កាលពីពេលកន្លងទៅ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ បានចុះទៅពិនិត្យស្រាវជ្រាវ ដល់ទីតាំង ដែលស្ត្រីឈ្មោះម៉ាក់ ប៊ូរី បានលើកឡើងក្នុងវីដេអូ ដោយផ្ទាល់។

តាមការបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា កាលពី ព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ សមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវ និងចុះពិនិត្យជាក់ស្តែងលំនៅឋាន លេខ១៤៨៥ ផ្លូវលំ ក្រុម៣ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ឃើញថាទីតាំងនេះ ជាផ្ទះថ្មសង់សងមិនទាន់រួចរាល់ ដែលម្ចាស់ទុកចោលជាយូរមកហើយ មិនដូចការផ្សព្វផ្សាយរបស់ស្ត្រីម្ចាស់គណនីឈ្មោះម៉ាក់ ប៊ូរី នោះទេ។

សមត្ថកិច្ចបានស្រាវជ្រាវស្វែងរកស្ត្រីដែលជាម្ចាស់គណនី ម៉ាក់ ប៊ូរី ដើម្បីសាកសួរសហការផ្តល់ព័ត៌មាន ប៉ុន្តែនៅពេលសមត្ថកិច្ចទៅដល់ផ្ទះរបស់គាត់ ស្ត្រីរូបនោះមិនរស់នៅក្នុងផ្ទះនោះទេ គាត់បានទៅរស់នៅខេត្តព្រះ សីហនុ ជាងមួយឆ្នាំហើយ ឃើញនៅតែបុរសជាប្តី ឈ្មោះសេង សាន និងកូនប្រុសឈ្មោះសាន ពិសិដ្ឋ រស់នៅខេត្តព្រះសីហនុ ជាមួយម្តាយ ដែលទើបមកលេងឪពុក នៅមុនពេលចូលឆ្នាំខ្មែរ ហើយសមត្ថកិច្ចបានសួរនាំ និងមានការសហការពីបុរសជាប្តី ធ្វើតេស្តទឹកនោមរកសារធាតុញៀន ចំពោះកូនប្រុសរបស់គាត់ ឈ្មោះសាន ពិសិដ្ឋ ជាលទ្ធផល វិជ្ជមាន មានសារធាតុញៀន។

ជាមួយគ្នានេះដែរ បុរសជាឪពុក បានសំណូមពរឱ្យសមត្ថកិច្ចបញ្ជូនកូនប្រុសគាត់ទៅមណ្ឌលបន្សាបគ្រឿង ញៀនរ។ ចំណែកកូនរបស់គាត់ ៤នាក់ទៀត មានមុខរបរ រស់នៅតាមប្តី នៅតាមបណ្តាខេត្ត និងនៅខណ្ឌទួលគោក មិនរស់នៅជាមួយឪពុកស្ថិតនៅទីតាំងខាងលើ ដូចការផ្សព្វផ្សាយរបស់ស្ត្រីជាម្តាយនោះទេ កូនៗមកលេងឪពុកម្តងកាល។

ការផ្សព្វផ្សាយនោះ បើតាមបុរសជាប្តីអះអាងថា ស្ត្រីជាប្រពន្ធខឹងកូនប្រុសដែលតែងតែអុកឡុករករឿងសុំលុយគាត់ ទោះមករស់នៅជាមួយឪពុកនៅរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ជុំវិញការបង្ហោះវីដេអូខាងលើ ស្ត្រីម្ចាស់គណនីឈ្មោះម៉ាក់ ប៊ូរី បានបង្ហោះចេញពីខេត្តព្រះសីហនុ បន្ទាប់ពីបង្ហោះបានប៉ុន្មានម៉ោង ម្ចាស់គណនីខាងលើ បានលុបវីដេអូចេញពីហ្វេសប៊ុក វិញ៕