Sunday, April 27, 2025
Homeសង្គម និងជីវិតម៉ែមានប្តីថ្មី ឪឡានបុ.../កស្លា---/ប់ កូនស្រីកំព្រា២នាក់ អត់លុយរៀនបន្ត

ម៉ែមានប្តីថ្មី ឪឡានបុ…/កស្លា—/ប់ កូនស្រីកំព្រា២នាក់ អត់លុយរៀនបន្ត

ខេត្តប៉ៃលិន ៖ ក្មេងស្រីជំទង់ ២នាក់បងប្អូន បានក្លាយទៅជាកូនកំព្រា ទាំងឪពុក និងម្តាយ ខណៈពេលដែលម្តាយ រស់នៅមិនចុះសម្រុង បានលែងលះជាមួយឪពុក ទៅរកស៊ីនៅប្រទេសថៃ ហើយមានប្តីថ្មីទៀត ចំណែកបុរសជាឪពុកជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ចោលកូនទៀយត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅលើដងផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

បុរសរងគ្រោះ មានឈ្មោះឱក សុភា អាយុ៣៧ឆ្នាំ ជាបុគ្គលិកកាស៊ីណូ អនឡាញ មានលំនៅភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ជាបុរសពោះម៉ាយ លែងលះប្រពន្ធ និងមានកូនស្រី២នាក់ក្នុងបន្ទុក ដោយកូនច្បង ឈ្មោះស៊ុយ សៀកម៉ី អាយុ១៨ឆ្នាំ ជានិស្សិតឆ្នាំទី២ ចំណែកកូនស្រីពៅ មានឈ្មោះស៊ុយ សៀកមួយ អាយុ១៧ឆ្នាំ រៀនថ្នាក់ទី១០ ទាំង២នាក់បងប្អូនសព្វថ្ងៃ ស្នាក់នៅរៀនសូត្រនៅឯរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីស្ត្រីចំណាស់ឈ្មោះញឹម សារ៉ន អាយុ៥៦ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់បុរសរងគ្រោះ បានរៀបរាប់ប្រាប់ថា កូនប្រុសគាត់ ឈ្មោះឱក សុភា បានរៀបការប្រពន្ធ ជាង២០ឆ្នាំមកហើយ និងបានរួមរស់បង្កើតបានកូនស្រី ២នាក់ ជាចំណងដៃ តែក្រោយមក ដោយសារតែការរស់នៅមិនចុះសម្រុងនឹងគ្នា ទើបឈានដល់ការលែងលះគ្នា តាំងពីកូនស្រីទាំង២ នៅតូចៗម៉្លេះ ហើយក្រោយលែងលះគ្នាមក ស្ត្រីជាប្រពន្ធ បានចេញទៅធ្វើការនៅប្រទេសថៃ និងមានប្តីថ្មីទៀត ដោយទុកកូនស្រីទាំង២នាក់ ឱ្យរូបគាត់ជាជីដូន ចិញ្ចឹមមើលថែ ក្រោមការទំនុកបម្រុងឱ្យរៀនសូត្រទាំងស្រុងពីឪពុក។

ស្ត្រីជាម្តាយជនរងគ្រោះ បានបន្តថា កាលពីព្រឹកថ្ងៃកើតហេតុ កូនប្រុសរបស់គាត់ បានជិះម៉ូតូក្នុងសដៅពីកើត ទៅលិច ដោយចេញទៅធ្វើការកាស៊ីណូ ដូចសព្វដង ប៉ុន្តែទីដល់ត្រង់ចំណុចផ្លូវកោង ១កន្លែង ស្ថិតនៅក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ស្រាប់តែមានម៉ូតូរ៉ឺម៉ក ១គ្រឿង បើកបរក្នុងទិសដៅពីកើត ទៅលិច ក្នុងល្បឿនលឿន វ៉ាម៉ូតូកូនប្រុសរបស់គាត់ ត្រង់ចំណុចផ្លូវកោង ហើយស្របពេលដែលរថយន្តជនជាតិចិន បើកបរក្នុងទិសដៅពីលិច ទៅកើត ក៏បុកជាមួយនឹងម៉ូតូរ៉ឺម៉កខាងលើ ពេញទំហឹង បណ្តាលឱ្យម៉ូតូរ៉ឺម៉កខ្ទាតទៅបុកម៉ូតូកូនប្រុសរបស់គាត់ ដួលបោកទៅនឹងចិញ្ចើមផ្លូវជាតិ បាក់កស្លាប់ភ្លាមៗតែម្តង។ រីឯអ្នកបើកបរម៉ូតូរ៉ឺម៉ក រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង។

ស្ត្រីខាងលើ បានបន្តថា នៅពេលនេះ ចៅស្រីរបស់គាត់ទាំង២នាក់ កំព្រាឪពុកម្តាយ គ្មានថវិកាសម្រាប់បន្តការសិក្សាទៀតឡើយ។  ចំណែកគាត់ជាជីដូន ពិតជារន្ធត់ក្នុងចិត្តយ៉ាងខ្លាំង ព្រមទាំងសោកស្តាយពន់ពេកចំពោះការបាត់បង់កូនប្រុសជាទីស្រឡាញ់ ពេលនេះមានតែដើរដេកអង្គុយយំ នឹកកូនរបស់ខ្លួន ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់យ៉ាងអាណោចអាធ័មប៉ុណ្ណោះ ។

រហូតមកដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ គាត់បានចូលទៅដោះស្រាយជាមួយភាគីម៉ូតូរ៉ឺម៉ក និងខាងភាគីរថយន្តជនជាតិចិន ដោយគេបានជូនថ្លៃធ្វើបុណ្យ ចំនួន៨លានរៀលប៉ុណ្ណោះ រីឯម្ចាស់រ៉ឺម៉ក កំពុងរងរបួសធ្ងន់ សម្រាកព្យាបាលនៅមន្ទីរពេទ្យ មិនទាន់ដោះស្រាយសំណងអ្វីជូនគាត់នោះទេ។ អ្វីដែលគាត់ព្រួយបារម្ភខ្លាំង គឺចៅស្រីទាំងពីរនាក់ ដែលកំពុងតែរៀនសូត្រ នៅភ្នំពេញ មិនដឹងជាបានអ្នកណាជួយឧបត្ថម្ភដើម្បីបានរៀនបន្តទៀតនោះឡើយ៕

RELATED ARTICLES