ភ្នំពេញៈ មន្ទីរពេទ្យគន្ធបុប្ផា បានប្រកាសពីជោគជ័យជួយសង្គ្រោះស្ត្រីម្នាក់ សម្រាលកូនទម្ងន់រហូតដល់ទៅជិត៦គីឡូក្រាម ដែលជារឿងដ៏កម្រ។
មន្ទីរពេទ្យគន្ធបុប្ផា បានបញ្ជាក់ថា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ មន្ទីរពេទ្យគន្ធបុប្ផា បានប្រកាសពីជោគជ័យក្នុងការជួយសង្គ្រោះស្ត្រីម្នាក់ដែលសម្រាលកូនមានទម្ងន់កំណើតលើសប្រក្រតី ៥,៦គីឡូក្រាម (Macrosomia or Large for gestational age)។

មន្ទីរពេទ្យគន្ធបុប្ជា បានឱ្យដឹងថា ស្ត្រីជាម្តាយ និងទារក ត្រូវបានក្រុមវេជ្ជបណ្ឌិតឯកទេសសម្ភព នៃមន្ទីរពេទ្យជយវរ្ម័នទី៧ ឬគន្ធបុប្ផាសៀមរាប ជួយសង្គ្រោះ ដោយធ្វើការវះកាត់ (Cesarean section) បានដោយជោគជ័យ នៅវេលាម៉ោង៩ៈ៣៨នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥។
បច្ចុប្បន្នទារកភេទប្រុសនេះ កំពុងទទួលអន្តរាគមន៍ ពិនិត្យ ព្យាបាល និងថែទាំបន្តដោយវេជ្ជបណ្ឌិតឯកទេសទារក រួចបានបញ្ជូនទៅព្យាបាលបន្តនៅសាលសង្គ្រោះទារក នៃមន្ទីរពេទ្យជយវរ្ម័នទី៧។
ចំណែកស្ត្រីជាម្តាយ ដែលមានអាយុ៣៤ឆ្នាំ មានលំនៅ ភូមិ២ ឃុំកំពង់ស្វាយ ស្រុកសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ មានស្ថានភាពសុខភាពល្អប្រសើរ ក្រោយការវះកាត់ និងបានទទួលការយកចិត្តទុកដាក់ថែទាំពីសំណាក់គិលានុបដ្ឋាក។
ក្រុមវេជ្ជបណ្ឌិតឯកទេសសម្ភពនិងទារក នៃមន្ទីរពេទ្យជយវរ្ម័នទី៧ បានពន្យល់ថា ការធ្វើអន្តរាគមន៍វះកាត់សម្រាលនេះ គឺមានគោល បំណងដើម្បីកាត់បន្ថយនិងទប់ស្កាត់នូវកត្តាហានិភ័យជាច្រើន ដែលអាចកើតមាននៅលើស្ត្រីជាម្តាយ ដូចជាការហូរឈាមច្រើនក្រោយសម្រាល ព្រមទាំងកត្តាហានិភ័យដែលអាចកើតមាននៅលើទារក ដូចជាការពិបាកសម្រាល ជាប់ស្មា ឬក្បាល របួសបាក់ឆ្អឹងដងកាំបិត វិបត្តិសរសៃប្រសាទ នៃដៃទារក ខ្វះជាតិស្ករ វិបត្តិដង្ហើម និងការសន្លប់ (Birth asphyxia) ជាដើម។
សូមជម្រាបជូនថា រាល់ការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា គឺធ្វើឡើងដោយមិនគិតថ្លៃ ប្រកបដោយវិជ្ជាជីវៈ និងមិនមានការរើសអើងឡើយ៕