Wednesday, May 7, 2025
Homeព័ត៌មានជាតិអ្នកស្នងរូបសម រង្ស៊ី មេបក្សសន្តិភាពជាតិថា អ្នកនយោបាយចង្រៃវ័ណ្ឌក

អ្នកស្នងរូបសម រង្ស៊ី មេបក្សសន្តិភាពជាតិថា អ្នកនយោបាយចង្រៃវ័ណ្ឌក

ភ្នំពេញ ៖ មេបក្សសន្តិភាពជាតិ លោក រស់ សារ៉ុម បានលើកឡើងថា យុវជនដែលតាំងខ្លួនជាអ្នកស្នេហាជាតិ ចង់ដើរតាមគន្លងលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) ដែលបច្ចុប្បន្នបានតែងតាំងខ្លួនឯងជាប្រធានក្រុមប្រឹក្សាជាតិតស៊ូ គួរតែមានការប្រុងប្រយ័ត្នរងគ្រោះចង្រៃនៅក្នុងជីវិតនយោបាយ ព្រោះតាមការកត់សម្គាល់កន្លងទៅ អ្នកនយោបាយដែលដើរតាមគន្លង ឬស្នងរូបលោកសម រង្ស៊ី តែងតែជួបគ្រោះចង្រៃវ័ណ្ឌក ។

លោក រស់ សារ៉ុម ប្រធានគណបក្សសន្តិភាពជាតិ បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ថា “លោកសម រង្ស៊ី ឲ្យតែគាត់ចង់ស្នងរូបអ្នកណា គឺអ្នកនោះចង្រៃវ័ណ្ឌកហើយ ។ ខ្ញុំសូមលើកឧទាហរណ៍ជាក់ស្ដែងថា អ្នកណាខ្លះ ដែលកន្លងមក ចង់ស្នងលោកសម រង្ស៊ី? ទី១ ដែលខ្ញុំមើលឃើញថា ចង់ស្នងលោកសម រង្ស៊ី គឺ គង់ គាំ ។ អ៊ីចឹងសួរថា ជីវិតនយោបាយលោក គង់ គាំ មកដល់ពេលនេះ យ៉ាងម៉េចហើយ? សូម្បីតែដីនៅ៧១ នៅជិតទូតរុស្ស៊ី នោះ ក៏ត្រូវរដ្ឋរឹបអូសយកទៅវិញ កូនរបស់លោក គង់ គាំ រប៉ាត់រប៉ាយនយោបាយពាសវាលពាសកាល ហើយលោក គង់ គាំ ខ្លួនឯង គឺធ្លាក់ខ្លួននៅផ្ទះជួល នេះចំណុចទី១ លោក គង់ គាំ ។ ចំណុចទី២ លោកកឹម សុខា ដែលស្នងលោកសម រង្ស៊ី ពេលដែលសម រង្ស៊ី លាលែងទៅនោះ អ៊ីចឹងមកដល់ពេលនេះ យើងដឹងទាំងអស់គ្នាហើយ ក្រៅពីជាប់គុកពេញមួយជីវិតនោះ កឹម សុខា គឺក្រញង់នៅក្នុងផ្ទះ នៅទួលគោក ធ្វើអីមិនកើតទេ។ អ៊ីចឹងវាចង្រៃ គឺអ្នកណាក៏ដោយ ឲ្យតែគន្លងលោកសម រង្ស៊ី គឺចង្រៃពេញទីតែម្ដង នេះចំណុចទី២ គឺលោកកឹម សុខា“ ។

លោក រស់ សារ៉ុម បានមានប្រសាសន៍បន្តថា “ចំណុចទី៣ អ្នកណាខ្លះដែលចង់ស្នងលោកសម រង្ស៊ី បន្ត? អ៊ីចឹងខ្ញុំមើលឃើញថា លោកទាវ វណ្ណុល ស្នងភ្លើងទៀន ហ្នឹង ទីបំផុតទៅ ឥឡូវគឺចែកចានចែកឆ្នាំង ហើយជីវិតលោកទាវ វណ្ណុល ឥឡូវលាងឈាមរហូត ។ អ៊ីចឹងវាជារឿងមួយដែលវាមិនល្អ វាមានតែរឿងចង្រៃ សូម្បីឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភា ក៏អត់ជាប់ផង មេបក្ស ។ អ៊ីចឹងគឺជារឿងមួយស៊យផុតលេខ អាហ្នឹងទី៣ ។ ហើយទី៤ បក្សកម្លាំងជាតិ ដែលប្រឹងយកគំរូតាមសម រង្ស៊ី នយោបាយដុតរោលជាតិសាសន៍នោះ ទី១ អ្នកដែលស្នងរូបមុនគេ គឺស៊ុន ចន្ធី ។ អ៊ីចឹងស៊ុន ចន្ធី មកដល់ពេលនេះ គឺជាប់គុក ២ឆ្នាំ ហើយតំណែងមេបក្សហ្នឹង គេយកបាត់ទៀត ប្រពន្ធកើតកូននោះ ព្រីកព្រាកទៀត អ៊ីចឹងវាជារឿងចង្រៃ“ ។

លោក រស់ សារ៉ុម បានមានប្រសាសន៍បន្តថា “បន្ទាប់មកទៀត គឺរ៉ុង ឈុន ។ អ៊ីចឹងរ៉ុង ឈុន នៅពេលដែលយកគំរូតាមសម រង្ស៊ី កុំថាឡើយអ្វីផ្សេង សូម្បីតែផ្ទះនៅចាក់អង្រែក្រោមហ្នឹង លក់សងគេហ្នឹង ក៏សងមិនគ្រប់ផង ហើយកុំសង្ឃឹមគេរៃអង្គាសនោះ ជួយតែអាត្មាឯងមិនបានផង ហើយទៅរៃអង្គាសជួយអ្នកណា? ហើយបើចាំសម រង្ស៊ី ជួយទិញផ្ទះថ្មីឲ្យនោះ សម រង្ស៊ី ជុះអាចម៍ចងមុង ហើយឥឡូវ រ៉ុង ឈុន ត្រូវបានតុលាការផ្តន្ទាទោស ដាក់គុក ៤ឆ្នាំ  និងដកសិទ្ធិធ្វើនយោបាយជាអចិន្ត្រៃយ៍ទៀត។ អានេះខ្ញុំចង់បញ្ជាក់អ៊ីចេះ រឿងឲ្យសម រង្ស៊ី បេះពីហៅប៉ៅមិនងាយទេ អ៊ីចឹងបានឃើញអ្នកខ្លះស្នេហាជាតិ ដើរតាមសម រង្ស៊ី ផ្ទះគ្រាន់តែយកចង្អុលដៃចង្អុល ក៏វារំលំដែរ ហើយបើមនុស្សវិញ រកតែលុយទិញឡាមកោរពុកមាត់ មិនបានផង អាហ្នឹងដើរតាមសម រង្ស៊ី អ៊ីចឹងវាចង្រៃផុតលេខ ។ បន្ទាប់មកទៀត ឥឡូវឃើញដល់ជា មុនី ប្អូនជា វិជ្ជា ដែលក៏ជាអ្នកត្រៀមស្នងរូបលោកសម រង្ស៊ី ដែរ ។ អ៊ីចឹងរឿងបន្តមកទៀតនោះ មិនដឹងថាស្អីខ្លះទេ ប៉ុន្តែគ្រាន់តែថា បណ្ដឹងជាប់នៅតុលាការនោះ វាស្អេកស្កះណាស់ អ៊ីចឹងវាជារឿងមួយដែលលំបាក ។ អ៊ីចឹងអ្នកណាដែលមានបំណងដើរតាមគន្លងលោកសម រង្ស៊ី គឺដឹងតែចង្រៃវ័ណ្ឌកហើយ ដូចមនុស្សមួយចំនួនកំពុងតែដង្ហែសម រង្ស៊ី ហ្នឹង គឺបន្តិចទៀតគេនិរទេសមកស្រុកខ្មែរ វិញហើយ អ៊ីចឹងវាសុទ្ធតែរឿងចង្រៃ“ ។

លោក រស់ សារ៉ុម បានមានប្រសាសន៍បន្តទៀតថា “ខ្ញុំសូមផ្ញើសារទៅអ្នកនយោបាយទាំងអស់ គួរតែមានគំរូនយោបាយមួយខ្លួនឯង បើសិនជាចង់ធ្វើនយោបាយ គឺត្រូវរៀបចំការធ្វើនយោបាយមួយដែលមានវិជ្ជាជីវៈច្បាស់លាស់ មិនមែនធ្វើនយោបាយរបៀបសម រង្ស៊ី ទេ ។ ធ្វើនយោបាយរបៀបសម រង្ស៊ី មានតែសម រង្ស៊ី ហ្នឹងឯង សព្វថ្ងៃ វីឡាក៏មាន ចម្ការក៏មាន ដីបារាំង សញ្ជាតិបារាំង នៅអាមេរិក ដីនៅកែប សមុទ្រយើងហ្នឹងក៏មានដែរ ខេត្តជាប់សមុទ្រហ្នឹង ក៏មានដីសម រង្ស៊ី ដែរ មានតែសម រង្ស៊ី តែអ្នកដើរតាមសម រង្ស៊ី រហាម ។ អ៊ីចឹងយុវជនដែលតាំងខ្លួនជាអ្នកស្នេហាជាតិហ្នឹង គួរតែសិក្សាឲ្យបានច្បាស់ថា តើអ្វីជានយោបាយពិតប្រាកដ? ចៀសវាងចាញ់បោកអ្នកនយោបាយបោកតរហូត ។ ដើរនយោបាយរបៀបសម រង្ស៊ី គឺបោកអាចាស់អស់ហើយ ជម្រុះចោល បោកអាថ្មីតទៀត អ៊ីចឹងនយោបាយរបៀបនេះ គឺជានយោបាយដែលឆក់ឱកាសនេះ វាមិនមែនជានយោបាយដែលធ្វើឲ្យជាតិដំណើរការទៅមុខបានល្អទេ“ ៕ កុលបុត្រ

RELATED ARTICLES