Tuesday, May 13, 2025
Homeសង្គម និងជីវិត ខឹម វាសនា ថាពួកខ្វា.../ក់ខួរ មិនស្គាល់ព្រហ្ម

 ខឹម វាសនា ថាពួកខ្វា…/ក់ខួរ មិនស្គាល់ព្រហ្ម

ខេត្តសៀមរាប ៖ លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដែលតាំងខ្លួនជាព្រហ្មរក្សាលោក បាននិងកំពុងពន្យល់ធម៌ដល់សាវ័ករាប់រយនាក់ នៅចម្ការ នាជើងភ្នំគូលែន ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប នោះ បានលោកឡើងថា អ្នកដែលមិនស្គាល់ រូបលោកជាព្រហ្មរក្សាលោក និងមិនស្តាប់ការពន្យល់ធម៌របស់លោក ជាមហាអភ័ព្វជនខ្វាក់ខួរ នឹងរងគ្រោះក្នុងមហន្តរាយទឹកលិចលោក នាពេលខាងមុខនេះ ។

នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ លោកខឹម វាសនា បានបង្ហោះក្នុងគណនីនិងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នូវរូបភាពនិងសំណេរសាវ័ករបស់ខ្លួនម្នាក់ ដែលសរសេរឆ្លើយតបទៅអ្នកមិនគាំទ្រស្តាប់ការពន្យល់ធម៌របស់លោកខឹម វាសនា និងប្រមាថទៅលើតារាចម្រៀង មាស សុខសោភា  ដែលចេញវីដេអូ «១ ឃ្លីបនេះ ផ្ញើជូនលោកគ្រូនិងអ្នកគ្រូ រៀនមនុ្តវិជ្ជាខ្មៅៗ ស្តាប់កម្សាន្ត» កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ នោះ ដោយសរសេរថា «យកនាងនេះទៅប្រៀបធៀបជាមួយនិងម្តាយអ្ហែងទៅ បានវាសមបានវាត្រូវ ព្រោះឆ្កួតដូចគ្នា»។

លោកខឹម វាសនា បានសរសេរនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ថា «សុទ្ធតែពួកអាខ្វាក់ខួរហ្នុងក្មួយ»។

លោកខឹម វាសនា បានសរសេរបន្ថែម នៅថ្ងៃដដែលនោះថា «ហ្នឹងហើយ អាចេះជាងពូ ដែលវារលាយខ្លួនហ្នុងណាក្មួយ ពូថាកុំរង់ចាំដឹងតាមភ្នែកមុនឲ្យសោះណា ដឹងតាមភ្នែក គឺងាប់ហើយណា ដឹងដោយគិតហេតុនឹងទ្វារខួរ យល់ពីធម៌មុនណា ឲ្យតែយល់ធម៌ គឺយល់ថាលោកិយ មិនពិតហើយ ដឹងថាពូជាព្រហ្ម ហើយដឹងថា មានទឹកលិចលោកឬអត់ហើយ ព្រោះគ្មានអ្នកមានសមត្ថភាពពន្យល់ធម៌នោះទេ គឺអ្នកអាចពន្យល់ធម៌បាន គឺព្រហ្ម មែនហ្នុងហើយ នោះគឺស្គាល់ពូជាព្រហ្ម ដោយទ្វារខួរ មុនទ្វារភ្នែក។ នេះគឺដឹងត្រូវតាមលំហូរកម្មផល តែវារឹងក្បាល ព្រោះវាល្ងង់ហើយច្រឡំថាឆ្លាត ថាគេល្ងង់ទៅទៀត។ ពួកអាល្ងង់ មិនដឹងគុណអ្នកមានគុណ ពួកវាត្រូវតែរងគ្រោះក្នុងមហន្តរាយលោក នាពេលខាងមុខនេះហើយ។ ទល់ភ្នែកចាំមើលសត្វអកតញ្ញូនេះ រងទុក្ខដោយភាពល្ងើរបស់វាទៅក្មួយ ក្បាលគេទុកគិតហេតុផលរកការយល់រឿងពិត តែក្បាលពួកអាសត្វទុគ្គតិភពទាំងនេះ ទុកគិតបម្រើតណ្ហា។ ឲ្យវាចេះងាប់ហ្នុងទៅក្មួយ»។

លោកខឹម វាសនា បានសរសេរបន្ថែមនៅថ្ងៃដដែលនោះថា «មនុស្សដែលមិនស្តាប់ការពន្យល់ដំណើរធម៌ដែលពូប្រឹងពន្យល់ស្ទើរស្លាប់ស្ទើររស់សព្វថ្ងៃនេះ សុទ្ធតែមានអារម្មណ៍ថា គេឆ្លាតជាងពូហើយ។ គួរឲ្យសង្វេគនឹងអភ័ព្វជនទាំងហ្វូងហ្នុងជាពន់ពេកណាស់ ពួកគេមិនចេះជួយខ្លួនគេឲ្យបានយល់ការពិតថា ពូពន្យល់ពីរឿងអីទេ។ បើគេមិនបានស្តាប់ ហើយយកពាក្យដែលគេបានឮទាំងនោះ ទៅគិតរកការយល់ថា ពូនិយាយពន្យល់ពីរឿងអីផង ម្តេចគេអាចសម្រេចថា ខុសឬត្រូវ បានត្រឹមត្រូវបានទៅ? ចិត្តអញ្ចឹង សីលក៏គ្មាន ជួយខ្លួនឯងក៏មិនជួយ។ តើបុគ្គលណាជួយមនុស្សបែបហ្នឹងបានទៅ? ព្រះពុទ្ធ ប្រាប់សត្វទាំងអស់ ជួយខ្លួនឯង អត្តាហិ អត្តនោ នាថោ ឥឡូវវាចេះជាងព្រះពុទ្ធ ទៅទៀត រឿងអីត្រឹមពូ វាមិនជាងនោះ បើវាចេះជាងព្រះពុទ្ធ ទៅទៀតនោះ?  ព្រះពុទ្ធ ប្រាប់ថា អត្តាហិ អត្តនោ នាថោ ជួយខ្លួនឯងឲ្យយល់ការពិត ព្រោះខ្លួនឯងជាវិញ្ញាណ វិញ្ញាណ ត្រូវប្រើទ្វារខួរ គិតហេតុផល រកអារម្មណ៍យល់ ទើបវិញ្ញាណជាវាបានដឹង ចុះបើឥឡូវវាមិនព្រមអត្តាហិ អត្តនោ នាថោ តើអាឆ្កែណា ទៅជួយវាបាន? ជាបុគ្គលមហាសែនអភ័ព្វ ក្នុងហ្គេមកម្មបង្កើតលោកិយនេះហើយ»៕ ខៀវទុំ

RELATED ARTICLES