Sunday, May 18, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផឹកស៊ីបាញ់លុយខុសកុង ភ្ញៀវវ៉ៃ---/ថៅកែហាង

ផឹកស៊ីបាញ់លុយខុសកុង ភ្ញៀវវ៉ៃ—/ថៅកែហាង

ភ្នំពេញ ៖ បុរស២នាក់ បានចូលផឹកស៊ីហាងចិន មួយកន្លែង ដោយបានហៅថៅកែហាង ជាជនជាតិចិន មកអង្គុយផឹកជាមួយទៀតផង លុះផឹកចប់ ឱ្យគិតលុយ ថៅកែជនជាតិចិន បានប្រាប់ថា “កុងមាន២ កុង១របស់ខ្ញុំ ១ទៀតរបស់ប្រពន្ធ” ស្រាប់តែភ្ញៀវនោះបាញ់ច្រឡំចូលកុងប្រពន្ធ ដែលមិននៅហាង ធ្វើឱ្យថៅកែហាងខឹង កើតមានជម្លោះពាក្យសម្តី និងធ្វើឱ្យភ្ញៀវ២នាក់ខឹងសម្បា ព្រួតវាយថៅកែហាង បណ្តាលឱ្យប៉ោងមុខ និងវាយកម្ទេចរបស់របរក្នុងហាងថែមទៀត រួចគេចខ្លួនបាត់អស់។

ករណីអំពើហិង្សានេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១និង៤០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវ១០០៧ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមសម្តីបុរសរងគ្រោះ ជាថៅកែហាង ជនជាតិចិន ដែលចេះនិយាយភាសាខ្មែរគួរសម បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ មានម៉ូយចាស់របស់គាត់ ចំនួន២នាក់ ដែលធ្លាប់ចូលផឹកស៊ី ជាច្រើនដងមកហើយ បាននាំគ្នាចូលមកផឹកស៊ី អស់ជាច្រើនម៉ោង ដោយភ្ញៀវនេះបានហៅគាត់ឱ្យចូលរួមផឹកជាមួយផងដែរ។ លុះដល់ម៉ោងកើតហេតុ ភ្ញៀវឈប់ផឹក គិតលុយ គាត់បានបញ្ជាក់ប្រាប់ថា កុង មាន២ គឺកុងរបស់គាត់ ធនាគារ ABA ចំណែកកុងប្រពន្ធគាត់ ធនាគារអេស៊ីលីដា។ ស្រាប់តែភ្ញៀវបានបាញ់លុយចូលកុងអេស៊ីលីដា របស់ប្រពន្ធគាត់ ដែលមិននៅហាងទៅវិញ ។

បន្ទាប់មក ថៅកែចិនខាងលើ បានខឹងភ្ញៀវដែលបាញ់លុយខុសកុង ទើបធ្វើឱ្យកើតជាការឈ្លោះប្រកែកគ្នាទៅ វិញទៅមក ស្រាប់តែភ្ញៀវទាំង២នាក់ ដែលកំពុងស្រវឹង បានព្រួតវាយថៅកែចិន បណ្តាលឱ្យប៉ោងមុខ ព្រមទាំងវាយបំផ្លាញរបស់របរក្នុងហាង រួមមាន តុ កៅអី និងផើងផ្កា បណ្តាលឱ្យបែកខ្ទេចខ្ទី រាយប៉ាយពេញហាង រួច ហើយក្រុមភ្ញៀវបង្កហេតុ បាននាំគ្នាគេចខ្លួនបាត់អស់។

ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ ដឹកនាំដោយលោកនាយប៉ុស្តិ៍ភ្នំពេញថ្មី បានចុះមកដល់ សាកសួរ និងបាននាំជនរងគ្រោះជាថៅកែចិន ទៅសាកសួរបន្ត ព្រមទាំងដាក់ពាក្យបណ្តឹង៕

RELATED ARTICLES