ខេត្តបាត់ដំបង ៖ គ្រឿងក្នុងជ្រូក ទម្ងន់ប្រមាណ ១តោន ត្រូវបានឈ្មួញលួចនាំចូលពីប្រទេសថៃ ដោយគ្មានលិខិតអនុញ្ញាត និងត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ស្ទាក់បង្ក្រាប ដកហូតយកទៅដុតបំផ្លាញចោល។

ការបង្ក្រាបនេះ បានធ្វើឡើង កាលពីព្រលប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្លូវជាតិលេខ៥ រង្វង់មូលស្រុកថ្មគោល ស្ថិតក្នុងស្រុកថ្មគោល។

លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ថា គ្រឿងក្នុងជ្រូក នាំចូលពីប្រទេសថៃ ខុសលក្ខណៈបច្ចេកទេស និងគ្មានលិខិតអនុញ្ញាត ប្រមាណ១តោន ត្រូវបាន សមត្ថកិច្ចជំនាញ ស្ទាក់ឃាត់បាន នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង យកមកដុតកម្ទេចចោល។

លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ បានបន្តថា កាលពីព្រលប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ លោក វរសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំកម្លាំងក្នុងការិយាល័យ ស្ទាក់បង្ក្រាបករណីដឹកជញ្ជូនគ្រឿងក្នុងជ្រូក ខុសលក្ខណៈបច្ចេកទេស និងគ្មានលិខិតអនុញ្ញាត នាំចូលពីប្រទេសថៃ ស្ថិតនៅចំនុចផ្លូវជាតិលេខ៥ រង្វង់មូលស្រុកថ្មគោល ស្ថិតក្នុងស្រុកថ្មគោល។ ដោយក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់រថយន្ត ១គ្រឿង ម៉ាកហាយឡែនដឺរ ពណ៌ទឹកមាស ស៊េរីឆ្នាំ២០០៣ ពាក់ស្លាកលេខ ភ្នំពេញ 2AU -9764 បើកបរដោយឈ្មោះ ញា ចិន្តា ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅខេត្តបន្ទាយមានជ័យ និងបានរកឃើញគ្រឿងក្នុងជ្រូក ចំនួន២០កេស ក្នុង១កេស ទម្ងន់៥០គីឡូក្រាម សរុបទម្ងន់ ស្មើនឹង ១០០០គីឡូក្រាម (១តោន) និងបាននាំយកមកធ្វើការសាកសួរ នៅស្នងការដ្ឋាននគរនបាលខេត្តបាត់ដំបង។

ក្រោយការសាកសួរ សមត្ថកិច្ចជំនាញ បានរាយការណ៍ជូនលោកកែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង អំពីបញ្ហានេះ ហើយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ដោយមានលោកទូត វីនីត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងដឹកនាំមន្ត្រីជំនាញ រួមមានមន្ត្រី ការិយាល័យផលិតកម្ម មន្ត្រីបសុព្យាបាល មន្ត្រីសាខា (ក.ប.ប) ខេត្តបាត់ដំបង និងមន្ត្រីនគរបាល យកទៅដុតបំផ្លាញចោលនៅទីលានចាក់សំរាម ស្ថិតនៅភូមិអូរមុនី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ រីឯអ្នកដឹកជញ្ជូន សមត្ថកិច្ចបន្តនីតិវិធីតាមផ្លូវច្បាប់៕