Tuesday, June 17, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជិះកង់លួចដូរម៉ូតូ កន្លះខែ ជា.../ប់ខ្នោះ

ជិះកង់លួចដូរម៉ូតូ កន្លះខែ ជា…/ប់ខ្នោះ

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពជិះកង់ ១គ្រឿង មកចូលលួចម៉ូតូរបស់គេ១គ្រឿង ដែលចតទុកមុខផ្ទះ បានសម្រេច ដោយទុកកង់ ឲ្យម្ចាស់ម៉ូតូ រួចរត់គេចខ្លួនបាត់ អស់រយៈពេលជាងកន្លះខែ ទើបត្រូវបានកម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវឃាត់ខ្លួនបាន នាំយកមកចាត់ការតាមច្បាប់។

ការឃាត់ខ្លួនជនសង្ស័យនេះ ធ្វើឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចលើស្ពានឆ្លងទន្លេបាសាក់ ស្រុកកោះធំ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះលី សុវណ្ណរិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិព្រែកមេស្រុក សង្កាត់ព្រែកស្តី ក្រុងសំពៅពូន។ ចំណែកម៉ូតូដែលជនសង្ស័យលួចយកទៅ ម៉ាក HONDA BEAT ពណ៌សលាយខៀវ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JD-0486 ជារបស់ជនរងគ្រោះឈ្មោះហៃ សុវណ្ណ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរលក់ដូរ មានលំនៅ ភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ។ រីឯវត្ថុតាងចាប់យក កង់តួប្រុស ពណ៌ខ្មៅ ចំនួន១គ្រឿង ដែលជាមធ្យោបាយរបស់ជនសង្ស័យជិះធ្វើ សកម្មភាពដើរលួច។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ ជន រងគ្រោះឈ្មោះហៃ សុវណ្ណ បានដើរចូលទៅអូសម៉ូតូ ១គ្រឿង ម៉ាក HONDA BEAT ពណ៌សលាយខៀវ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JD-0486 ចេញពីក្នុងផ្ទះ យកមកទុកនៅខាងមុខផ្ទះវិញ ហើយបានបែរ ក្បាលម៉ូតូទៅទិសខាងកើត ដោយបានទុកកូនសោម៉ូតូ នៅក្នុងឃ្លុបម៉ូតូ ខាងមុខ។ ក្រោយពេលអូសម៉ូតូចេញយកមកខាងក្រៅផ្ទះរួច ជនរងគ្រោះ បានដើរចេញមកក្រៅផ្ទះ ហើយបានបើកឡានដឹកអីវ៉ាន់ ចេញទៅលក់ដូរបាត់ទៅ។ ក្រោយមក ស្រាប់តែកូនស្រីរបស់ជនរងគ្រោះ ឈ្មោះវណ្ណ ស្រីណុច បានទូរស័ព្ទមកប្រាប់ថា “ប៉ាៗ ម៉ូតូរបស់យើង ត្រូវបានចោរលួចបាត់ហើយ” ឮដូច្នេះគាត់ ក៏បានបើកឡានត្រឡប់មកផ្ទះវិញ។

នៅពេលមកដល់ផ្ទះ ជនរងគ្រោះ បានសុំអ្នកជិតខាង ឱ្យជួយឆែកកាមេរ៉ាសុវត្ថិភាពមើល ទើបដឹងថា មានជនសង្ស័យម្នាក់ បានជិះកង់ ចូលមកលួចយកម៉ូតូរបស់គាត់ ជិះចេញទៅតាមផ្លូវជាតិលេខ២១ បាត់ទៅ ដោយបានបន្សល់ទុកនូវកង់តួប្រុស ពណ៌ខ្មៅ ចំនួន១គ្រឿង នៅកន្លែង កើតហេតុ។ បន្ទាប់មក ជនរងគ្រោះបានមករាយការណ៍និងដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីឱ្យសមត្ថកិច្ចជួយធ្វើការស្រាវជ្រាវកជនសង្ស័យ។

រហូតមកដល់វេលាម៉ោង ៧យប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រែកថ្មី សហការជាមួយកម្លាំងជំនាញស្រុកកោះធំ បានចេញល្បាតមកដល់ចំណុចលើស្ពានឆ្លងទន្លេបាសាក់ ក៏បានជួបប្រទះ មុខសញ្ញាជនសង្ស័យ ឈ្មោះលី សុវណ្ណរិទ្ធ កំពុងតែជិះកង់ លេង នៅលើស្ពាន តែម្នាក់ឯង ក៏ធ្វើការឃាត់ខ្លួន បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះលី សុវណ្ណរិទ្ធ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ ប្រាកដមែន គឺដោយសារជនរងគ្រោះបានទុកកូនសោម៉ូតូ នៅក្នុងឃ្លុបម៉ូតូខាងមុខ ដោយឃើញមានឱកាសល្អ ទើបខ្លួនដើរចូលទៅលួចម៉ូតូរបស់ជនរងគ្រោះ ជិះចេញទៅបាត់ ដោយបានបន្សល់ ទុកកង់តួប្រុស ពណ៌ខ្មៅ ចំនួន១គ្រឿង នៅកន្លែងកើតហេតុ។

ជនសង្ស័យបានសារភាពបន្តថា ក្រោយពេលលួចម៉ូតូបានហើយ គេបានជិះម៉ូតូនោះ យកទៅដាក់បញ្ចាំឱ្យទៅឈ្មោះហ៊ីម ភេទប្រុស រស់នៅសង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្តាល បានប្រាក់ចំនួន ២០០ដុល្លារ យកមកទិញទូរស័ព្ទដៃថ្មី ១គ្រឿង ម៉ាក VIVO ពណ៌ផ្ទៃមេឃ តម្លៃ១០០ដុល្លារ ហើយប្រាក់ដែលនៅសេសសល់ ចំនួន១០០ដុល្លារទៀត គឺទុកសម្រាប់ស៊ីចាយ។

ជនសង្ស័យខាងលើ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកកោះធំ កសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES