ខេត្តក្រចេះ ៖ ចំនួនផ្សោតទន្លេមេគង្គ នៅកម្ពុជា កើនឡើងដល់១១១ក្បាលហើយ គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីកូនផ្សោតកើតថ្មី ១ក្បាល អាយុប្រមាណ២ថ្ងៃ ត្រូវបានប្រទះឃើញនៅអន្លង់កាំពី ភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

ក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF ថតបានកូនផ្សោតថ្មីនេះ នៅវេលាម៉ោង ១០និង៣៥នាទីព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥។ កូនផ្សោតនេះស្ថិតនៅក្នុងក្រុមសត្វផ្សោតធំៗចំនួន ៤ក្បាល ផ្សេងទៀត។

គិតត្រឹមដើមខែឧសភា ឆ្នាំ២០២៥ នេះ កម្ពុជា ទទួលបានកូនផ្សោតកើតថ្មី ចំនួន៧ក្បាល ក្នុងនោះ ៥ក្បាល កើតនៅខេត្តក្រចេះ និង ២ក្បាល នៅខេត្តស្ទឹងត្រែង ដែលធ្វើឱ្យចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា សរុបកើន ឡើងដល់ចំនួន ១១១ក្បាល។
ដើម្បីគាំទ្រដល់ការរស់រានមានជីវិតរបស់សត្វផ្សោតទន្លេមេគង្គ រដ្ឋបាលជលផល និងអង្គការ WWF កំពុងបន្តធ្វើការយ៉ាងសកម្ម ជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ប្រជាសហគមន៍ និងដៃគូដទៃទៀត ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីជលផល និងបម្រាមនៃការប្រើប្រាស់មង នេសាទក្នុងទីជម្រករបស់សត្វផ្សោត និងបន្តផ្តល់នូវជម្រើសមុខរបរសម្រាប់ការចិញ្ចឹមជីវិតដល់ប្រជាសហគមន៍ដែលរស់នៅតាមដងទន្លេមេគង្គ បន្តការអប់រំបរិស្ថាន និងការផ្សព្វផ្សាយនៅសហគមន៍មូលដ្ឋាន ព្រមទាំងបន្តការស្រាវជ្រាវនិងតាមដានស្ថានភាពនិងចំនួនសត្វផ្សោត។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងរដ្ឋបាលជលផល ជាសេនាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅអស់ពីដួងចិត្ត ចំពោះការលះបង់របស់បងប្អូនឆ្មាំទន្លេ ទាំង៧២រូប នៅខេត្តស្ទឹងត្រែង និងក្រចេះ ក្នុងបុព្វហេតុអភិរក្សសត្វផ្សោតទន្លេមេគង្គ ហើយក្រសួង នឹងខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីគាំទ្រការងាររបស់បងប្អូនឆ្មាំទន្លេយើង។
ក្រសួង ក៏បានអរគុណផងដែរចំពោះអង្គការដៃគូ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលបានចូលរួមថែរក្សា និងការពារធនធានជលផលដ៏មានតម្លៃ។

ប្រសិនបងប្អូនប្រជានេសាទ បានប្រទះឃើញសត្វផ្សោត ពិសេសកូនផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខ ទូរស័ព្ទ 012 897 943, 011 355 883, 099 791 919, 092 918 144 និង 017 818 382 ៕