Tuesday, June 24, 2025
Homeចរាចរណ៍បើកឡានដេក បុកប៉ាណូ កៀ.../បជើងថៅកែ

បើកឡានដេក បុកប៉ាណូ កៀ…/បជើងថៅកែ

ភ្នំពេញ៖ បុរសម្នាក់ បើកបររថយន្ត ១គ្រឿង ធ្វើដំណើរចេញពីសៀមរាប ឆ្ពោះមកភ្នំពេញ រួមដំណើរដោយថៅកែជនជាតិចិន ម្នាក់ លុះបើកបរផ្លូវឆ្ងាយអស់កម្លាំង ងងុយដេក រេចង្កូតរថយន្តឡើងខឿនសួនច្បារពុះចែកទ្រូងផ្លូវ ជ្រុលទៅបុកប៉ាណូផ្សាយពាណិជ្ជកម្ម បណ្តាលឱ្យកៀបជើងថៅកែចិន រងរបួសធ្ងន់។

 ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ទល់មុខវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។

តាមប្រភពអ្នកបើកបររថយន្តបង្កហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ខ្លួនបានបើកបររថយន្ត ១គ្រឿង ម៉ាក KIA ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AE-8861 ដោយគាត់ជាអ្នកបើក ចំណែកថៅកែចិន របស់គាត់ ជាអ្នករួមដំណើរជាមួយ ដោយធ្វើដំណើរពីខេត្តសៀមរាប មកភ្នំពេញ មានចម្ងាយឆ្ងាយ ធ្វើឱ្យនឿយហត់ ងងុយដេក ងោកមួយភាំង ធ្វើឲ្យរថយន្តរេចង្កូត ទៅឆ្វេងដៃ ឡើងខឿនសួនច្បារពុះចែកទ្រូងផ្លូវ ជ្រុលទៅបុកផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម កៀបជើងថៅកែចិន នៅក្នុងរថយន្ត និងខូចខាតរថយន្ត។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកធ្វើការវាស់ វែង យករថយន្តបង្កហេតុ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយ នៅពេលក្រោយ៕

RELATED ARTICLES