ភ្នំពេញ ៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ថា កាល ពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៥ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិ ស្ថាន សហការជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិ និងសហគមន៍មូលដ្ឋាន បានរកឃើញសម្បុកពងក្រពើភ្នំ ចំនួន៣សម្បុក ដែលមានពងសរុបចំនួន៤៣គ្រាប់ នៅឧទ្យានជាតិជួរភ្នំក្រវាញ ក្នុងឆ្នាំ២០២៥ នេះ។ ដោយឡែក កាលពីឆ្នាំ២០២៤ បានរកឃើញចំនួន ៦៥គ្រាប់ ដែលបានញាស់ជាកូន ចំនួន៦០ក្បាល ចូលទៅក្នុងធម្មជាតិ ប្រកបដោយជោគជ័យ។

ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឱ្យដឹងបន្តថា ក្នុងចំណោមពងសរុបចំនួន៤៣នេះ ពងដែលមានលទ្ធភាពបង្កកំណើតបាន មានចំនួន៣៤គ្រាប់ ដែលត្រូវបានយាមការយ៉ាងហ្មត់ចត់ពីសំណាក់មន្ត្រីជំនាញ និងសហគមន៍មូលដ្ឋាន ហើយពងទាំងនេះ រំពឹងថានឹងញាស់ នៅចន្លោះខែសីហា ខាងមុខ។

ក្រពើភ្នំ គឺជាប្រភេទសត្វជិតផុតពូជបំផុតនៅក្នុងធម្មជាតិ។ ការរកឃើញជាបន្តបន្ទាប់ រយៈពេល២ឆ្នាំចុងក្រោយនេះ បង្ហាញពីជោគជ័យនៃការងារអភិរក្សក្រពើភ្នំ ហើយបញ្ជាក់ថា តំបន់ជួរភ្នំក្រវាញ គឺជាជម្រកដ៏សំខាន់បំផុតសម្រាប់សត្វក្រពើធម្មជាតិ ហើយផ្តល់នូវក្តីសង្ឃឹម សម្រាប់ការកើនឡើងនៃក្រពើប្រភេទនេះ នៅក្នុងធម្មជាតិ។

យោងតាមអង្គការសត្វព្រៃនិងរុក្ខជាតិ រយៈពេល២៥ឆ្នាំមកនេះ វត្តមានក្រពើភ្នំ នៅក្នុងប្រទេសកម្ពុជា បានកើនឡើងជាលំដាប់ ក្រោយស្ថាប័នរដ្ឋាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិ សហគមន៍មូលដ្ឋាន និងដៃគូពាក់ព័ន្ធ ពួតដៃគ្នាអភិរក្សយ៉ាងសកម្ម។ ជាក់ស្តែង មកទល់ពេលនេះ មាន ក្រពើភ្នំ ចំនួន ២៣៦ក្បាលហើយ ត្រូវបានលែងចូលក្នុងទីជម្រកធម្មជាតិ នៅតំបន់ជួរភ្នំក្រវាញ និង១០ក្បាលទៀត លែងចូលក្នុងទីជម្រកធម្មជាតិ នៅឧទ្យានជាតិវីរៈជ័យ បន្ទាប់ពីបានបាត់វត្តមាននៅតំបន់នេះ ជាង២០ឆ្នាំកន្លងទៅ។

ក្នុងការងារអភិរក្សនេះ កម្ពុជា បានបង្កើតស្ថានីយបង្កាត់ពូជក្រពើភ្នំសុទ្ធ ដែលមកដល់ពេលនេះ បង្កាត់បានប្រមាណ ៥០០ក្បាលហើយ។ ចំណែកនៅក្នុងធម្មជាតិ មានក្រពើភ្នំ ចំនួន៦០ ត្រូវបានញាស់ដោយជោគជ័យ នៅតំបន់ជួរភ្នំក្រវាញ ដែលនេះជាចំនួនច្រើនបំផុត ត្រូវបាន កត់ត្រាក្នុងរយៈពេលជាច្រើនមួយទសវត្សរ៍។

ក្រពើភ្នំ គឺជាប្រភេទសត្វទឹកសាប មានកំណើតនៅតាមបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដូចជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី ប៊្រុយណេ ម៉ាឡេស៊ី ថៃ និងវៀតណាម។ ក្រពើភ្នំ ត្រូវបានចុះជា “ប្រភេទសត្វជិតផុតពូជបំផុត” ក្នុងបញ្ជីក្រហម អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN) ក្នុងឆ្នាំ២០១២ ហើយវាត្រូវបានបាត់វត្តមានពីតំបន់ដែលវាធ្លាប់រស់នៅ ជាច្រើនរួចមកហើយ។

ចំណែកនៅក្នុងប្រទេសកម្ពុជា ក្រពើភ្នំ ត្រូវបានគិតថា ផុតពូជទៅហើយ ប៉ុន្តែក្រោយមក វាត្រូវបានប្រទះឃើញឡើងវិញ នៅតាមជួរភ្នំក្រវាញ ក្នុងឆ្នាំ២០០០៕