Sunday, July 6, 2025
Homeសង្គម និងជីវិតតាយាយគេរំលោភដី ប្តឹងចាប់ដាក់គុ---/ក សាលា​ដំបូង ​ផ្តល់យុត្តិធម៌ សាលាឧទ្ធរណ៍កោះហៅ

តាយាយគេរំលោភដី ប្តឹងចាប់ដាក់គុ—/ក សាលា​ដំបូង ​ផ្តល់យុត្តិធម៌ សាលាឧទ្ធរណ៍កោះហៅ

ខេត្តកំពង់ឆ្នាំង ៖ លោកតា លោកយាយ៣នាក់ ដែលជាអតីតយុទ្ធជន និងជាជនពិការដៃម្ខាង ដង្ហោយសុំក្តីមេត្តាពីឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំសាលាឧទ្ធរណ៍ភ្នំពេញ បន្តជួយដល់ពួកគាត់ដែលបានរងបណ្តឹងជាលើកទី២ នៅសាលាឧទ្ធរណ៍ ភ្នំពេញ ពីបុគ្គលម្នាក់ ដែលមានទ្រព្យធន តាម​ព្យាបាទគ្រួសាររបស់ពួកគាត់ ដោយគ្មានក្តីមេត្តា និងអាណិតអាសូរ ដល់ក្រុមគ្រួសាររបស់ពួកគាត់ ដែលមានជីវភាពក្រីក្រសោះឡើយ។ សាលាឧទ្ធរណ៍ភ្នំពេញ បានដេញដីកាកោះ ឱ្យគាត់ចូលបំភ្លឺនៅម៉ោង៨ព្រឹក ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ក្រោយលើកពេលម្តងរួចមកហើយ។

គ្រួសារអតីតយុទ្ធជនទាំង៣នាក់ខាងលើនេះ ទី១-ឈ្មោះព្រំ សាង ភេទប្រុស អាយុ៥៩ឆ្នាំ ជាអតីតយុទ្ធជនត្រូវបានចូលនិវត្តន៍ ដោយ សារធ្លាក់ខ្លួនពិការដាច់ដៃម្ខាងនៅក្នុងសមរភូមិប្រយុទ្ធព្រំដែនខ្មែរ-ថៃ អំឡុងឆ្នាំ១៩៨៤។ ទី២-ឈ្មោះម៉ោញ ជន អាយុ៥៩ឆ្នាំ ត្រូវជាប្រពន្ធ របស់លោកតាព្រំ សាង និងទី៣-ឈ្មោះម៉ោញ សុន អាយុ៧១ឆ្នាំ ជាស្ត្រីមេម៉ាយ និងត្រូវជាបងស្រីបង្កើតរបស់លោកយាយម៉ោញ ជន។ ពួកគាត់ទាំង៣នាក់រស់នៅភូមិក្រោយវត្ត ឃុំខ្លុងពពក ស្រុកទឹកផុស។

តាមការរៀបរាប់ពីតាយាយទាំង៣នាក់ បានឱ្យដឹងថា កាលអំឡុងឆ្នាំ២០១៧ ពួកគាត់ទាំង៣នាក់ ត្រូវបានបុគ្គលម្នាក់រស់នៅក្នុងឃុំ ជាមួយគ្នាបានប្តឹងពួកគាត់ទៅតុលាការ ពីបទព្រហ្មទណ្ឌ រហូតមកដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ពួកគាត់ទាំង៣នាក់ ត្រូវបានសមត្ថកិច្ចចាប់ ដាក់ពន្ធនាគារ ដោយតម្រូវឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និងឱ្យសងសំណងរដ្ឋប្បវេណីទៅឱ្យដើមបណ្តឹងចំនួន៨លានរៀល។ រហូតមកដល់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ សាលាដំបូងខេត្តកំពង់ឆ្នាំង ក៏បានសើរើសំណុំរឿងនេះឡើងវិញ បន្ទាប់មកក៏បានលើកលែងការចោទប្រកាន់ និងបាន ដោះលែងឱ្យពួកគាត់ទាំង៣នាក់ ឱ្យមានសេរីភាពវិញផងដែរ។

លោកតាលោកយាយទាំង៣នាក់ បញ្ជាក់បន្ថែមថា ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ពួកគាត់ទាំង៣នាក់ បានទទួលដីកាមួយពីសាលា ឧទ្ធរណ៍រាជធានីភ្នំពេញ បានកោះហៅពួកគាត់ទាំង៣នាក់ ឱ្យចូលទៅកាន់សាលា​ឧទ្ធរណ៍ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ២ៈ០០នាទីរសៀលជាកំណត់ ដើម្បីជំនុំជម្រះលើបណ្តឹងឧទ្ធរណ៍ពីបទធ្វើឱ្យខូចខាតដោយចេតនា (មានស្ថានទម្ងន់ទោស)។ ប៉ុន្តែត្រូវបានពន្យារពេល រហូតមានដីកាកោះហៅម្តងទៀត កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ តែដីកាទើបតែដល់ដៃលោកតា និងលោកតានៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥។

តាមដីកាកោះ តម្រូវឱ្យលោកយាយលោកតា ចូលទៅបំភ្លឺនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង៨ព្រឹក។

ដោយសារតែពួកគាត់ទាំង៣នាក់ បច្ចុប្បន្នមានវ័យចាស់ជរាណាស់ទៅហើយ និងម៉្យាងមានជំងឺប្រចាំកាយទៀតផង ចំណែកលោកតា ព្រំ សាង គាត់មានជំងឺតេតាណុស ដើរមិនរួច ដោយមានដុំពកពេញដៃពេញជើង ដោយ​សារតែគាត់ រងរបួសពេញខ្លួននៅក្នុងសមរភូមិកន្លងមក។ ដោយជួបការលំបាកបែបនេះ និងដោយមានការភ័យខ្លាចគេចាប់ពួកគាត់ដាក់គុក ដោយអយុត្តិធម៌ ដូចលើកមុនទៀត ទើបពួកគាត់គោរពស្នើសុំថ្នាក់ដឹកនាំ ជួយផ្តល់មេធាវី ដើម្បីជួយដល់ពួកគាត់ ក្នុងរឿងក្តីនេះដោយក្តីអនុគ្រោះ។

សូមរំលឹកថា លោកតា លោកយាយទាំង៣នាក់ ជាគ្រួសារអតីតយុទ្ធជនខាងលើនេះ កន្លងមកត្រូវបានសាលា​ដំបូងខេត្តកំពង់ឆ្នាំង ផ្តន្ទា ទោសពួកគាត់ទាំង៣នាក់ ដាក់ពន្ធនាគារ រយៈពេល២ឆ្នាំ តាមអំណាចសាលក្រមលេខ០៤ (ខ) ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ពីបទធ្វើឱ្យ ខូចខាតដោយចេតនា (មានស្ថានទម្ងន់ទោស) ពីបទព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា៤១១ នៃក្រមព្រហ្មទណ្ឌ។ ពួកគាត់ទាំង ៣នាក់ថា បានចូលកាប់ដើមដូងងាប់១ដើម ដើមគងាប់១ដើម ព្រមទាំងបានរុះរបងរបស់ដីរបស់គេ លុះក្រោយមកនៅពេលដែលប្រធានសាលា ដំបូងខេត្តកំពង់ឆ្នាំង ចូលមកគ្រប់គ្រងថ្មី លោកក៏បានសើរើសំណុំរឿងនេះឡើងវិញ និងបានផ្តល់យុត្តិធម៌ជូនក្រុមគ្រួសារពួកគាត់ផងដែរ។

ករណីនេះផងដែរ កន្លងមកពួកគាត់បានព្យាយាមបញ្ជាក់ប្រាប់តុលាការថា ដីនោះ គឺជាដីកេរ្តិ៍របស់ពួកគាត់ដែលឪពុកម្តាយ ចែកឱ្យតែ បុគ្គលម្នាក់នោះ រំលោភយកហើយប្តឹងពួកគាត់ទាំង៣នាក់ ឱ្យតុលាការចាប់ពួកគាត់ដាក់​គុក។ រីឯកាចោទប្រកាន់ខាងលើនេះ ពួកគាត់ក៏បានឆ្លើយ ប្រាប់តុលាការថា ពួកគាត់មិនបានប្រព្រឹត្តដូចការកោរ​ប្រកាន់នោះឡើយ អ្នកដែលកាត់ដើមឈើងាប់ទាំង២ដើមនោះ ពួកគាត់ក៏តែងតែព្យាយាម ឆ្លើយប្រាប់ឈ្មោះ និងលំនៅរបស់បុគ្គលម្នាក់នោះ ទៅកាន់តុលាការជាញឹកញាប់ផងដែរ ប៉ុន្តែតុលាការលោកពុំ បានកោះហៅបុគ្គលនោះ ទៅសួរនាំម្តងណាឡើយ។ បច្ចុប្បន្នដីមួយកន្លែងដែលមានទំនាស់នោះ ត្រូវបានតុលាការ ចេញដីការក្សាការពារជាបណ្តោះអាសន្នផងដែរ៕

RELATED ARTICLES