ភ្នំពេញ ៖ បុរសជាមន្ត្រីអង្គរក្សម្នាក់ ទើបចេញពីកម្មវិធីមង្គលការ ជិះម៉ូតូ ១គ្រឿង ក្នុងល្បឿនលឿន រួចជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រ ១គ្រៀង ដែលចតលើចិញ្ចើមផ្លូវ ពេញទំហឹង បណ្តាលឱ្យស្លាប់នៅនឹងកន្លែង។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែ កក្កដា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

ជនរងគ្រោះដែលស្លាប់ នៅមិនទាន់ស្គាល់អត្តសញ្ញានៅឡើយ គ្រាន់តែដឹងថា ជាមន្ត្រីកងអង្គរក្ស BHQ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះខាងលើ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JE-8130 ម្នាក់ឯង ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងល្បឿនលឿន លុះពេលមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតជ្រុលទៅបុកពីក្រោ យរថយន្តកុងតឺន័រ ១គ្រឿង ដែលកំពុងចតចោលនៅលើចិញ្ចើមផ្លូវ ពេញទំហឹង បណ្តាលឱ្យអ្នកជិះម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ រីឯអ្នកបើករថយន្តកុងតឺន័រ មិនបាននៅកន្លែងកើតហេតុនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការវាស់វែង រួចអូសយកម៉ូតូនិងរថយន្ត ទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕