ភ្នំពេញ ៖ បុរសម្នាក់ បានបើកបររថយន្ត ១គ្រឿង ទាំងស្ថានភាពស្រវឹងធ្លាក់ភ្នែក ជ្រុលទៅបុករបងផ្ទះប្រជា ពលរដ្ឋ បណ្តាលឱ្យរងការខូចខាត ចំណែករថយន្ត ខូចខាតធ្ងន់ តែសំណាងល្អ មិនបង្កឱ្យមានមនុស្សណាម្នាក់រងរបួសឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទីទៀបភ្លឺ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវលេខ៩០៧ ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។
តាមប្រភពព័ត៌មានពីទីតាំងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បានបើករថយន្ត ១គ្រឿង ម៉ាក KIA CARNIVAL ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AL-3331 តាមបណ្តោយផ្លូវលេខ៩០៧ ក្នុងទិសដៅពីត្បូង ទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានរេចង្កូតទៅផ្នែកខាងស្តាំ បណ្តា លឱ្យបុករះសម្ភារៈនៅខាងមុខបរិវេណផ្ទះប្រជាពលរដ្ឋ និងខ្ទាតថ្មទៅចំកញ្ចក់ទ្វារ បណ្តាលឱ្យបែកកញ្ចក់ ចំនួន២ផ្ទាំងថែមទៀត។

ប្រភពដដែល បន្តថា ភ្លាមៗនោះ រថយន្តមិនទាន់អស់ល្បឿន បានបន្តទៅបុករះផើងផ្កា រានទេវតា និងសម្ភារផ្សេងទៀត តែសំណាងល្អ មិនប៉ះចំរថយន្ត ១គ្រឿងទៀត ដែលចតនៅមុខផ្ទះនោះឡើយ។
ករណីនេះមិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះទេ ប៉ុន្តែរថយន្តត្រូវបានរងការខូចខាតផ្នែកខាងមុខ មិនអាចបន្តដំណើរទៅមុខទៀតបាន ខណៈម្ចាស់រថយន្ត ចុះមកទាំងស្ថានភាពស្រវឹងជោក។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទុកឱ្យភាគីខាងរថយន្តធ្វើការដោះស្រាយ តែការដោះស្រាយមិនត្រូវគ្នា ទើបសមត្ថកិច្ចមូលដ្ឋាន ទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកធ្វើការវាស់វែង យករថយន្តបង្កហេតុ និងអ្នកបើកបរ ទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើ ម្បីដោះស្រាយ៕