Friday, July 18, 2025
Homeសង្គម និងជីវិតលួចចាប់ព្រាបវត្ត ធ្លាក់ពីលើដំបូលវិហារ

លួចចាប់ព្រាបវត្ត ធ្លាក់ពីលើដំបូលវិហារ

ខេត្តតាកែវ ៖ យុវជនម្នាក់ បានលួចឡើងទៅចាប់សត្វព្រាប នៅលើដំបូលព្រះវិហារវត្តមួយ ដោយមួលកសម្លាប់អស់ជាច្រើនក្បាល ស្រាប់តែអកុសល រអិលជើងធ្លាក់ពីលើដំបូលព្រះវិហារ បណ្តាលឱ្យរងរបួសធ្ងន់ សន្លប់ស្តូក ត្រូវបានព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្ត ទាក់ទងហៅរថយន្តសង្គ្រោះ មកដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចព្រះវិហារវត្តធម្មមង្គលសក្ការៈ មានទីតាំងស្ថិតនៅក្នុងភូមិអង្គតាសោម ឃុំញ៉ែញ៉ង ស្រុកត្រាំកក់។

យុវជនដែលលួចចាប់សត្វព្រាប នៅក្នុងវត្ត ធ្លាក់ពីលើដំបូលព្រះវិហារ នោះ មានឈ្មោះ ណន ធារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ (កើតឆ្នាំ២០០១) មានស្រុកកំណើតនៅភូមិសាមគ្គី ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា គេមិនដឹងថា យុវជនខាងលើ បានឡើងទៅលួចចាប់សត្វព្រាប នៅលើដំបូលព្រះវិហារវត្តធម្មមង្គលស្ការៈ តាំងពីពេលណាមកទេ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុ លាន់ឮសំឡេងដូចជាធ្លាក់អ្វីម៉្យាងពីទីខ្ពស់ ទើបព្រះសង្ឃ និងកូនសិស្ស បាននាំគ្នានិមន្តនិងរត់ទៅមើល លុះទៅដល់ ប្រទះឃើញយុវជនម្នាក់ កំពុងដេកស្តូកស្តឹង នៅលើឥដ្ឋការ៉ូ ក្នុងព្រះវិហារ ដោយមានសភាពរបួសហូរឈាមពេញមុខ និងមានជាប់រោមសត្វព្រាប ពេញផ្ទៃមុខ និងដងខ្លួនទៀតផង ហើយនៅក្បែរជនរងគ្រោះ មានសត្វព្រាបងាប់ ជាច្រើនក្បាល ទើបដឹងថា យុវជនរូបនេះ បានឡើងចាប់សត្វព្រាប នៅលើដំបូលវិហារ មួលកសម្លាប់ ហើយក៏រអិលជើងធ្លាក់ដោយខ្លួនឯង។

 ក្រោយកើតហេតុ ព្រះសង្ឃ និងពុទ្ធបរិស័ទ បានទាក់ទងហៅរថយន្តសង្គ្រោះ មកដឹកបញ្ជូនយុវជនខាងលើ ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តតាកែវ ដើម្បីសង្គ្រោះភ្លាមៗ។

ដោយឡែក មន្ទីរពេទ្យបង្អែកខេត្តតាកែវ នៅព្រឹកថ្ងៃដដែលនោះ ក៏បានបង្ហោះរូបភាពយុវជនខាងលើ ចំនួន២សន្លឹក ដោយភ្ជាប់ជាមួយនឹងដំណឹងស្វែងរកសាច់ញាតិអ្នកជំងឺ ដោយបញ្ជាក់ថា «មន្ទីរពេទ្យបង្អែកខេត្តតាកែវ សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋដែលមានសាច់ ញាតិដូចមានភិនភាគក្នុងរូបខាងក្រោមនេះ សូមអញ្ជើញមកទំនាក់ទំនងនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។ អ្នកជំងឺឈ្មោះធារ៉ា បានចូលមកសម្រាកពេទ្យ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ដោយមូលហេតុ គាត់បានគ្រោះថ្នាក់ធ្លាក់ពីលើអគារ ហើយសន្លប់បាត់ស្មារតី។ សូមមេត្តាជួយ ចែករំលែកម្នាក់មួយៗ ដើម្បីឱ្យព័ត៌មាននេះបានដឹងដល់សាច់ញាតិអ្នកជំងឺផង…»៕

RELATED ARTICLES