Saturday, July 19, 2025
Homeចរាចរណ៍ជិះម៉ូតូធំបុកគូទគោយន្ត ស្លា.../ប់១ របួសធ្ងន់១

ជិះម៉ូតូធំបុកគូទគោយន្ត ស្លា…/ប់១ របួសធ្ងន់១

ខេត្តកណ្តាល ៖ យុវជន ២នាក់ ជិះម៉ូតូធុនធំ ១គ្រឿង ដឹកគ្នាក្នុងល្បឿនយ៉ាងលឿន នៅវេលាទៀបភ្លឺ រួចជ្រុលទៅបុកពីក្រោយគោយន្ត ១គ្រឿង ពេញទំហឹង បណ្តាលឱ្យយុវជនជាអ្នកបើកម៉ូតូ ស្លាប់នៅនឹងកន្លែង ចំណែកយុវជនជាអ្នករួមដំណើរ បានរងរបួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ៤និង២៣នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២៥ នៅលើផ្លូវជាតិលេខ៤២ ស៊្ថិតក្នុងភូមិស្រែតាម៉ែង ឃុំទំនប់ធំ ស្រុកពញាឮ។

យុវជនរងគ្រោះ ដែលបាត់បង់ជីវិត មានឈ្មោះហ៊ឺម ម៉េងលី ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅភូមិ ត្រពាំងក្រឡ សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ (ជាអ្នកបើកម៉ូតូ)។ ចំណែកយុវជនជាអ្នករួមដំណើរដែលរងរបួសធ្ងន់ មានឈ្មោះ ស៊្រន តុលា ភេទប្រុស អាយុ១៦ឆ្នាំ មានលំនៅ ភូមិត្រពាំងស្នោ ឃុំម្កាក់ ស្រុកអង្គស្នួល។

តាមប្រភពសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលស្រុកពញាឮ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរង គ្រោះឈ្មោះហ៊ឺម ម៉េងលី ជិះម៉ូតូ ១គ្រឿងម៉ាក Honda CRF ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1IL-1311 និងមានអ្នករួម ដំណើរម្នាក់ឈ្មោះស៊្រន តុលា (ពាក់មួកសុវត្ថិភាពទាំង២នាក់) ធ្វើដំណើរក្នុងទិសដៅពីកើត ទៅលិច ក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ ចំណុចកើតហេតុ ស្រាប់តែជ្រុលទៅបុកគោយន្ត ១គ្រឿង ដែលកំពុងបើកបរស្របទិសគ្នា ចំពីក្រោយ ពេញទំហឹង បណ្តាលឱ្យយុវជនជាអ្នកបើកម៉ូតូ ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកអ្នករួមដំណើរ រងរបួសធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។  រីឯអ្នកបើកបរគោយន្ត មិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុ បានបើកគោយន្តគេចបាត់ មុនពេលសមត្ថកិច្ចទៅដល់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យវាស់វែង និងអូសយកម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តស្រាវជ្រាវរកអ្នកបើកបរគោយន្ត យកមកដោះស្រាយតាមច្បាប់។

ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES