ខេត្តសៀមរាប ៖ ក្រសួងទេសចរណ៍ បានបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០២៥ កម្ពុជា ទទួលស្វាគមន៍ភ្ញៀវទេស ចរអន្តរជាតិ ជាង ៣,៣លាននាក់ កើនឡើង ៦,២ភាគរយ ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៤។

ក្រសួងទេសចរណ៍ បានបង្ហាញថា ក្នុងចំណោមទេសចរណ៍ជាង ៣,៣លាននាក់ មានទេសចរណ៍ថៃជាង៩២ ម៉ឺននាក់ ធ្លាក់ចុះ២,៨ភាគរយ វៀតណាម ជាង៦០ម៉ឺននាក់ ធ្លាក់ចុះ៣ភាគរយ ចិន ជាង៥៨ម៉ឺននាក់ កើនឡើង៥០,៧ភាគរយ ឡាវ ជាង១១ម៉ឺននាក់ ធ្លាក់ចុះ៣៧,៥ភាគរយ និងអាមេរិក ជាង១១ម៉ឺននាក់ កើន៥,៣ភាគរយ។
ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍អង្គរ លោកខៀវ ធី បានឱ្យដឹងថា ភ្ញៀវទេសចរបរទេសនៅក្នុងខែ ឧសភា និងខែមិថុនា ធ្លាក់ចុះ និងចាប់ផ្តើមកើនឡើងនៅដើមខែកក្កដា និងខែសីហា ប្រទេសមួយចំនួននៅអឺរ៉ុប ចាប់ផ្តើមវិស្សមកាល ពោលគឺគេចាប់ផ្តើមដើរលេង។ លោកយល់ឃើញថា ស្ថានភាពភ្ញៀវទេសចរបរទេស នៅថេរ ខណៈតួលេខភ្ញៀវទេសចរ នៅតែមានសន្ទុះកើនឡើង។ លោកខៀវ ធី អះអាងថា ថៃបិទច្រកព្រំដែន មិនប៉ះពាល់ដល់ទេសចរណ៍នៅតំបន់អង្គរ នោះទេ ខណៈទេសចរបរទេសភាគច្រើន មកតាមច្រកវៀតណាម ប្រ មាណ៩០ភាគរយ។

ដោយឡែក លោកនី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ក្រោយការដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាល វិស័យទេសចរណ៍ បានរីកចម្រើនឡើងវិញ គួរឱ្យកត់សម្គាល់ ដែលកំណើនទេសចរណ៍បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
លោកបន្ថែមថា “នៅក្នុងវិស័យទេសចរណ៍ តាំងពីសម័យកាលកូវីដ-១៩ រហូតមកដល់បច្ចុប្បន្ន យើងរៀបចំយុទ្ធ សាស្ត្រមួយក្នុងការសម្របខ្លួន ដូច្នេះការរៀបចំគោលនយោបាយថ្មីៗ និងយុទ្ធសាស្ត្រ គឺត្រូវតែសម្របខ្លួនឱ្យមានភាពធន់ឱ្យមានទៅនឹងការបម្រែបម្រួល ទោះបីមាន កូវីដ ឬមានអីផ្សេងក្រៅពីកូវីដ ស្ថានភាពនយោបាយក្នុងតំបន់ ឬយ៉ាងណា យើងមានគោលនយោបាយមួយគឺភាពធន់ ដូច្នេះរដ្ឋាភិបាលបាន ដាក់ចេញនូវគោល នយោបាយច្រើន ដើម្បីពង្រឹងភាពធន់នៅក្នុងវិស័យទេសចរណ៍ យើងព្យាយាមប្រែក្លាយបញ្ហាប្រឈមទៅជា កាលានុវត្តភាព”។

កម្ពុជា រំពឹងស្វាគមន៍ភ្ញៀវទេចរអន្តជាតិ ប្រមាណ ៧,៥លាននាក់ នៅឆ្នាំ២០២៥ ដែលនឹងបង្កើតចំណូលចូលសេដ្ឋកិច្ច ជាង៥ពាន់លាន ដុល្លារ។ នៅក្នុងឆ្នាំ២០២៤ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង៦,៧លាននាក់ កើនឡើងជិត ២៣ភាគរយ ដោយទទួលបានប្រាក់ចំណូលសរុប ជាង ៣,៦៣ពាន់លានដុល្លារ កើនឡើងប្រមាណជាង ១៧ភាគរយ ធៀបនឹងឆ្នាំ២០២៣៕