ភ្នំពេញ ៖ រថយន្តសាំងយ៉ុង ១គ្រឿង កំពុងបើកបរពេញល្បឿន ស្រាប់តែអ្នកបើកបរងងុយដេក ងោក១ភាំង ធ្វើឱ្យរេចង្កូតបុករថយន្តដឹកទឹកកក ១គ្រឿង ពេញទំហឹង បណ្តាលឱ្យកៀបជាប់ រងរបួសធ្ងន់៣នាក់ និងត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ចុះជួយអន្តរាគមន៍កាត់គាស់រថយន្ត ដើម្បីជួយសង្គ្រោះជនរងគ្រោះភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៥និង៥០ទៀបភ្លឺ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវបេតុងថ្មី ខាងលិចវត្តឃ្មួញ ស្ថិតនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកទឹកកក ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2K-2400 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងថ្មី ក្នុងទិសដៅពីកើត ទៅលិច ក្នុងល្បឿនយ៉ាងលឿន លុះបើកមកដល់ចំណុចកើតហេតុ ឃើញរថយន្តសាំងយ៉ុង ១គ្រឿង ពណស៌ ពាក់ស្លាក លេខ ភ្នំពេញ 2V-5370 បើកតាមបណ្តោយផ្លូវបេតុងថ្មី ក្នុងទិសដៅពីលិច ទៅកើត (បញ្ច្រាសទិសគ្នា) ក្នុងល្បឿនយ៉ាងលឿន រួចក៏រេចង្កូតទៅខាងឆ្វេងដៃ ជ្រុលទៅបុករថយន្តដឹកទឹកកកពេញទំហឹង បណ្តាលឱ្យរថយន្តទាំង ២គ្រឿង កៀបជាប់ និងរងរបួសធ្ងន់៣នាក់ ភាគីរថយន្តសាំងយ៉ុង) ចំណែកម្នាក់ទៀត (ភាគីរថយន្តដឹក ទឹកកក) មិនមានរងរបួសទេ។

តាមប្រភពអ្នកបើកបររថយន្តសាំងយ៉ុង ដែលរងរបួសធ្ងន់ បានប្រាប់ឱ្យដឹងថា ដោយសារតែពេលបើកបរ គាត់ងោកមួយភាំង ទើបរថយន្តគាត់រេចង្កូតទៅបុករថយន្តដឹកទឹកកកតែម្តង។
ក្រោយកើតហេតុ រថយន្តសង្គ្រោះបន្ទាន់របស់អង្គភាពកងពលតូចលេខ៧០ អង្គភាព៧១១ បានចុះមកដល់ជួយអន្តរាគមន៍ កាត់រថយន្ត ដើម្បីជួយសង្គ្រោះយកជនរងគ្រោះយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ភ្លាមៗ។
ដោយឡែក រថយន្តទាំង២គ្រឿង ក្រោយពីសមត្ថកិច្ចជំនាញធ្វើការវាស់វែងរួច ក៏អូសយកទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ៕