ខេត្តត្បូងឃ្មុំ ៖ លោកនេន ចំនួន៣អង្គ បាននិមន្តចុះទៅស្រង់ទឹកលេងនៅរណ្តៅដីមួយកន្លែង ស្រាប់តែអកុសល នេនចំនួន២អង្គ បានលង់ទឹកសុគត។
ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៦ កក្កដា ឆ្នាំ២០២៥ នៅចំណុចទឹករណ្តៅដីមួយកន្លែង ស្ថិតក្នុងឃុំគរ ស្រុកត្បូងឃ្មុំ។

សាមណេររងគ្រោះទាំង២អង្គ ដែលលង់ទឹកសុគត ទី១-ព្រះនាម ហ័ង លីហួរ ព្រះជន្ម១៣វស្សា មានស្រុក កំណើតនៅភូមិ ក្បាលបឹងសេះ ឃុំគរ ស្រុកត្បូងឃ្មុំ និងទី២-ព្រះនាម ម៉ៅ សេងហុង ព្រះជន្ម១១វស្សា មានស្រុកកំណើតនៅភូមិក្បាលបឹងសេះឃុំគរ ស្រុកត្បូងឃ្មុំ។ ចំណែកសាមណេរ១ដែលរួចផុតពីគ្រោះថ្នាក់ ព្រះនាម រឿន ឌីណា ព្រះជន្ម១៥វស្សា មានស្រុកកំណើតភូមិក្បាលបឹងសេះ ឃុំគរ ស្រុកត្បូងឃ្មុំ។ សាមណេទាំង៣អង្គ គង់នៅក្នុងវត្តគិរីទក្ខិណារាម ហៅវត្តក្បាលបឹងសេះ ស្ថិតក្នុងភូមិក្បាលបឹងសេះកើត ឃុំគរ ស្រុកត្បូងឃ្មុំ។

តាមប្រភពសមត្ថកិច្ច ឱ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ថាទីតាំងកន្លែងរណ្តៅដីដែលគេជីកនោះ គឺស្ថិតនៅមិនឆ្ងាយប៉ុន្មានពីវត្ត នោះទេ គឺប្រហែលមិនដល់១០០០ម៉ែត្រ។ កន្លងមកអាជ្ញាធរមូលដ្ឋានបានធ្វើការណែនាំដល់ព្រះសង្ឃជាច្រើនអង្គ ដែលតែងតែនិមន្តមកលេងនៅទឹករណ្តៅដីនេះ សូមកុំមកទៀត ប្រយ័ត្នជួបគ្រោះថ្នាក់ បណ្តាលឱ្យលង់សុគត។

តាមការបំភ្លឺរបស់ព្រះសង្ឃឈ្មោះរឿន ឌីណា បានឱ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោងប្រហែល១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃកើតហេតុ ព្រះអង្គនិងសាមណេរដទៃទៀត បាននាំគ្នាទៅលេងទឹករណ្តៅដីដែលជាកន្លែងកើតហេតុខាងលើ លុះលេងបានប្រហែល ១ម៉ោងជាង ក៏ស្រាប់តែមានសាមណេរ ២អង្គ លង់ទឹកតែម្តង។ បន្ទាប់មក ព្រះអង្គនិងសាមណេរដទៃទៀតក៏រត់ទៅហៅអ្នកភូមិនៅជិតនោះ មកជួយ តែជាអកុសលសាមណេរ ២អង្គ បានលក់ទឹក បណ្តាលឱ្យសុគត។

ការសន្និដ្ឋានរបស់គ្រូពេទ្យមណ្ឌលសុខភាពគរ សាមណេរទាំង២អង្គ សុគតដោយសារលង់ទឹកប្រាកដមែន ពុំមានពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ៕
