Friday, August 15, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលក់ថ្នាំបោកទេសចរ ជាប់ខ្នោះ៤

លក់ថ្នាំបោកទេសចរ ជាប់ខ្នោះ៤

ខេត្តសៀមរាប ៖ បុរសជាជនជាតិប៉ាគីស្ថាន ១ក្រុម បានធ្វើសកម្មភាពលួងលោមភ្ញៀវទេសចរបរទេស ដែលមានរាងធាត់ ដុះក្បាលពោះ ឬក្បាលតម្ពែក ឱ្យទិញផលិតផលឱសថរុក្ខជាតិ នៅហាងរបស់ខ្លួន ដោយអះអាងថា ជាឱសថរុក្ខជាតិល្អ ប្រសិទ្ធភាពខ្ពស់ មកពីទីក្រុងឌូបៃ អាចជួយឱ្យស្រកទម្ងន់ ស្រកក្បាលពោះ ឬអាចជួយឱ្យដុះសក់វិញបាន តែតាមពិត ជាការបោកប្រាស់ ទីបំផុតត្រូវបានកម្លាំងសមត្ថកិច្ចជំនាញខេត្តសៀមរាប ស្រាវ ជ្រាវចាប់ឃាត់ខ្លួនចំនួន៤នាក់ នាំយកមកចាត់ការតាមច្បាប់។

ការឃាត់ខ្លួនក្រុមជនសង្ស័យឆបោកនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ នៅចំណុចទីតាំងហាងឱសថធម្មជាតិថៃ ស្ថិតនៅក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។

ជនសង្ស័យទាំង៤នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះ ARIF MUHAMMAD ភេទប្រុស កើតថ្ងៃទី២០-០៣-១៩៩៣ ជនជាតិប៉ាគីស្ថាន កាន់លិខិតឆ្លងដែនលេខ DQ1987772។ ទី២-ឈ្មោះ RAZA SALMAN ភេទប្រុស កើតថ្ងៃទី២១-០៥-១៩៨១ ជនជាតិប៉ាគីស្ថាន កាន់លិខិតឆ្លងដែនលេខ GD9896473។ ទី៣-ឈ្មោះ KHAN IRFAN ភេទប្រុស កើតថ្ងៃទី៣០-០៨-១៩៩៩ ជនជាតិប៉ាគីស្ថាន កាន់លិខិតឆ្លងដែនលេខ PN4146642។ និងទី៤-ឈ្មោះ ABBAS SIKANDAR ALI ភេទប្រុស កើតថ្ងៃទី២១-០៣-២០០០ ជនជាតិប៉ាគីស្ថាន កាន់លិខិតឆ្លងដែនលេខ PC1011652។ ក្រុមជនសង្ស័យទាំង៤នាក់ខាងលើ ស្នាក់នៅសណ្ឋាគារ Angkor Hotel Indian and Restaurant ស្ថិតនៅក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ដោយមានការសម្រប សម្រួលនីតិវិធីដោយលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត នៅវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានចាត់កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី ចុះដល់ទីតាំងហាងឱសថធម្មជាតិថៃ ស្ថិតនៅក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប និងបានធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យ ចំនួន៤នាក់ (ជាជនជាតិប៉ាគីស្ថាន) រួមទាំងវត្ថុតាងមួយចំនួន បញ្ជូនមកធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យទាំង៤នាក់ខាងលើ បានឆ្លើយសារភាពថា កន្លងមកបក្ខពួកខ្លួនតែងតែធ្វើសកម្មភាពទំនាក់ទំនងលួងលោមភ្ញៀវទេសចរបរទេស ដែលមានរាងធាត់ មានក្បាលពោះ ឬក្បាលតម្ពែក និងដែលធ្វើដំណើរដោយថ្មើរជើង នៅចំណុចតាម បណ្តោយផ្លូវស៊ីវត្ថា ចាប់ពីស្តុបឡាប៉េ រហូតដល់ផ្សារត្រីកោណ ក្នុងតំបន់ផាប់ស្ទ្រីត ឱ្យចូលទៅទិញផលិតផលឱសថរុក្ខជាតិ នៅហាងរបស់ខ្លួន ដោយអះអាងថា ពួកគេមកពីទីក្រុងឌូបៃ ពួកគេមានឱសថរុក្ខជាតិដែលមានប្រសិទ្ធភាពខ្ពស់ អាចជួយឱ្យស្រកទម្ងន់ ស្រកក្បាលពោះ ឬអាចជួយឱ្យដុះសក់វិញបាន ហើយតម្រូវឱ្យភ្ញៀវបង់ប្រាក់ឱ្យពួកគេ ចំនួនចន្លោះពី ៦០ដុល្លារ-៤៥០ដុល្លារ ដែលតាមការពិត ឱសថរុក្ខជាតិទាំងអស់នេះ ជារុក្ខជាតិធម្មតា ដែលពួកគេបានទិញពីផ្សារ នៅក្នុងក្រុងសៀម រាប មិនមែនជាឱសថរុក្ខជាតិពិតប្រាកដ ដូចដែលពួកគេបានបង្ហាញ និងរៀបរាប់ប្រាប់ភ្ញៀវនោះឡើយ។

ក្រុមជនសង្ស័យទាំង៤នាក់ខាងលើ ព្រមទាំងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES