ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរា តាមរយៈនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍និងវប្បធម៌ បាននិងកំពុងសាង សង់ជណ្តើរថ្មី ចំនួន ៧ទីតាំង ដើម្បីសម្រួលដល់ភ្ញៀវទេសចរ ឡើងទៅទស្សនាជាន់ទីបី នៃប្រាសាទបាយ័ន ដែលគ្រោងនឹងបើកឱ្យចូលទស្សនាឡើងវិញឆាប់ៗ។

លោកហេង ប៊ុនណារ៉ា បុគ្គលិកបច្ចេកទេសនៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍និងវប្បធម៌ បានឱ្យដឹងថា គោលបំណងសំខាន់នៃការរៀបចំនេះ ដើម្បីសម្រួលដល់ការឡើងទស្សនារបស់ភ្ញៀវទេសចរ ខណៈដែលជណ្តើរចាស់ មានភាពទ្រុឌទ្រោមខ្លាំង។

លោកបន្តថា ការរៀបចំនេះ ស្របពេលដែលអាជ្ញាធរជាតិអប្សរា គ្រោងនឹងបើកជាន់ទីបី ឬកំពូលប្រាសាទបាយ័ន ឱ្យទេសចរឡើងទស្សនាឡើងវិញ នាពេលឆាប់ៗខាងមុខ បន្ទាប់ពីគម្រោងជួសជុលបានរួចរាល់មួយផ្នែកធំហើយ។

តាមការរៀបរាប់របស់លោក ហេង ប៊ុនណារ៉ា ជណ្តើរថ្មីនេះ មានប្រវែងចន្លោះពី ៦ម៉ែត្រ ទៅជាង៦ម៉ែត្រ និងរចនាមិនឱ្យរអិល នៅពេលឡើងចុះ។ បច្ចុប្បន្ន ជណ្តើរនេះ ដំឡើងបានចំនួន៤ទីតាំងរួចហើយ គឺនៅជ្រុងខាងកើត ខាងជើង និងខាងលិច។ គម្រោងនេះ គ្រោងនឹងបញ្ចប់ ទាំងស្រុង នៅក្នុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ៕
