ខេត្តស្វាយរៀង ៖ ស្ត្រីជាគ្រូបង្រៀនម្នាក់ ទើបសម្រាលកូន៨ខែ ត្រូវភៀសសឹកចេញពីខេត្តឧត្តរមានជ័យ មក ស្នាក់នៅស្រុកកំណើតខាងប្តី ឯខេត្តស្វាយរៀង តែពេលមកដល់ ធ្លាក់ខ្លួនឈឺ និងត្រូវបានបញ្ជូនទៅនៅមន្ទីរ ពេទ្យកាល់ម៉ែត ព្យាបាលអស់ជាច្រើនថ្ងៃ នៅតែមិនបានធូរស្រាល ក៏ត្រូវក្រុមគ្រួសារដឹកត្រឡប់មកផ្ទះប្តី ឯ ខេត្តស្វាយរៀងវិញ ស្រាប់តែបានដាច់ខ្យល់ស្លាប់ចោលប្តីនិងកូនស្រីតែម្តង។

អ្នកគ្រូបង្រៀនរងគ្រោះ មានឈ្មោះម៉ាន់ ស្រីលឺ អាយុ២៨ឆ្នាំ ទើបនឹងសម្រាលកូនបាន ៨ខែ មានលំនៅ ភូមិគោកមន ឃុំគោកមន ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ មានប្តីឈ្មោះចាន់ ស មានលំនៅ ភូមិថ្នល់ពាម ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។
យោងតាមប្រភពអាជ្ញាធរស្រុក បានឱ្យដឹងថា អ្នកគ្រូបង្រៀន ឈ្មោះម៉ាន់ ស្រីលឺ ដែលទើបនឹងសម្រាលកូនស្រីបាន៨ខែ ត្រូវភៀសសឹកចេញពីភូមិគោកមន ឃុំគោកមន ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ មកដល់ស្រុកកំណើតខាងប្តី ឈ្មោះចាន់ ស នៅភូមិថ្នល់ពាម ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ លុះមកដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ អាការរបស់ស្ត្រីជាប្រពន្ធ មានជំងឺធ្ងន់ ត្រូវបុរសជាប្តី បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក ប៉ុន្តែព្យាបាលនៅតែនៅតែមិនធូរស្រាល ក៏បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥។
ប្រភពដដែល បន្តថា រហូតដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ លោកគ្រូពេទ្យ បានបញ្ជូនឱ្យយកមកផ្ទះវិញ ដោយ សារជំងឺតម្រងនោម មានកម្រិតធ្ងន់។ បន្ទាប់មក នៅវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ខណៈដែលបុរសជាប្តី បានដឹកបញ្ជូនប្រពន្ធមកផ្ទះនៅខេត្តស្វាយរៀងវិញ ខ្វះ២០០ម៉ែត្រទៀត ដល់ផ្ទះទៅហើយ ស្រាប់តែស្ត្រីជាព្រពន្ធបានទទួលមរណភាពចោលប្តីនិងកូនស្រីតូចតែម្តង។

សូមបញ្ជាក់ថា ស្ត្រីរងគ្រោះ ជាគ្រូបង្រៀន នៅសាលាមឋមសិក្សារនាមធំ ឃុំគោកមន ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ និងបានភៀសសឹក មានគ្នាសរុបចំនួន៥នាក់ (ឪពុកម្តាយបង្កើតអ្នកគ្រូរងគ្រោះ ប្តីនិងកូនស្រីអាយុ៨ខែ)៕