ភ្នំពេញ ៖ ប្តីប្រពន្ធ ២នាក់ ជិះម៉ូតូ ១គ្រឿង ដឹកគ្នាទៅរកទិញមីឆាបាយឆាហូប ស្រាប់តែត្រូវជនសង្ស័យ ១ក្រុម មានគ្នា៤នាក់ ជិះម៉ូតូ ២គ្រឿង ប្រដាប់ដោយដាវ បានជិះដេញតាមកាប់ប្លន់ម៉ូតូ យកទៅបាត់។

ករណីកាប់ប្លន់ម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។
ជនរងគ្រោះសុំមិនបញ្ចេញឈ្មោះ គ្រាន់តែប្រាប់ថា ម៉ូតូដែលជនសង្ស័យប្លន់យកទៅនោះ ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២៥ ពាក់ស្លាកលេខ ភ្នំពេញ 1LF-5803 ជាម៉ូតូបង់រំលស់ មិនទាន់ដាច់នៅឡើយ។

តាមការរៀបរាប់ពីជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ ពួកគេទាំង២នាក់ប្តីប្រពន្ធបានជិះម៉ូតូ មួយគ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1LF-5803 ចេញពីផ្ទះ បំណងទៅទិញមីឆាហូប នៅកន្លែងកើតហេតុ ខណៈពេលកម្មង់ទិញ ស្រាប់តែលេចមុខជនសង្ស័យចំនួន៤នាក់ ជិះម៉ូតូ ២គ្រឿង (ម៉ាកហុងដា ឌ្រីម សេ១២៥ និងម៉ាកស៊ុយស៊ូគី និច) មិនចាំស្លាកលេខ បានមកធ្វើសកម្មភាពដកដាវគំរាមកាប់ពួកគេ ធ្វើឱ្យពួកគេភ័យ បានរត់ចោលម៉ូតូ និងស្រែកថាចោរ!ៗ ឱ្យគេជួយ តែមិនមានអ្នកជួយ ឡើយ ធ្វើឱ្យជនសង្ស័យមានឱកាសយកម៉ូតូរបស់ពួកគេ ជិះនាំគ្នីគ្នាគេចបាត់ស្រមោលអស់តែម្តង។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅសាកសួរជនរងគ្រោះ រួចហើយបានណែនាំឱ្យជនរង គ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋក្រាំងពង្រ ដើម្បីឱ្យសមត្ថកិច្ចជំនាញ ស្រាវជ្រាវកំណត់មុខ សញ្ញាជនសង្ស័យ និងតាមចាប់ខ្លួន នាំយកមកចាត់ការតាមច្បាប់៕