Thursday, August 21, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្នងការរាជធានីភ្នំពេញ ដាក់បញ្ជាត្រៀមកម្លាំង យុទ្ធោបករណ៍ ចាំអនុវត្តបទបញ្ជា

ស្នងការរាជធានីភ្នំពេញ ដាក់បញ្ជាត្រៀមកម្លាំង យុទ្ធោបករណ៍ ចាំអនុវត្តបទបញ្ជា

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងត្រួតពិនិត្យសកម្មភាពការងាររបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងផ្សព្វផ្សាយ សេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចដើម្បីត្រួតពិនិត្យកម្លាំង និងយុទ្ធោបករណ៍ តាមបណ្តាស្នងការដ្ឋាន នគរបាលរាជធានី-ខេត្ត និងផ្សព្វផ្សាយផែនការរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្នុងការបែងចែកថ្នាក់ដឹកនាំ អគ្គស្នងការរងនគរបាលជាតិ ចុះសំណេះសំណាល សួរសុខទុក្ខ និងត្រួតពិនិត្យសកម្មភាពការងារ តាមស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត។

ពិធីនេះមានការចូលរួមពីលោក-លោកស្រីស្នងការរង លោកអនុប្រធានផែន លោក-លោកស្រីនាយការិយា ល័យជំនាញទាំង៣៣ លោកអធិការនគរបាលខណ្ឌទាំង១៤ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាដល់លោកអធិការនគរបាលខណ្ឌ ទាំង១៤ និងការិ យាល័យជំនាញទាំងអស់ ត្រូវរៀបចំបែងចែកកម្លាំងឱ្យ បានរៀបរយជាស្រេច ពិសេសត្រូវត្រួតពិនិត្យឱ្យបានហ្មត់ចត់ទៅលើយុទ្ធោបករណ៍ សម្ភារនិងមធ្យោបាយ ត្រៀម សម្រាប់អនុវត្តបទបញ្ជារបស់ថ្នាក់ដឹកនាំ ពេលមានសភាពការណ៍ណាមួយ ដែលជាតម្រូវការចាំបាច់របស់ប្រទេសជាតិ។ ត្រូវបែងចែកវេនប្រចាំការ និងកម្លាំងចេញល្បាតត្រួតពិនិត្យ ជាប្រចាំ ដើម្បីពិនិត្យសភាពការណ៍ តាមភូមិសាស្ត្រទាំងអស់ក្នុងរាជធានីភ្នំពេញ ពិ សេសអន្តរាគមន៍ ឱ្យបានទាន់ពេលវេលា ជូនប្រជាពលរដ្ឋ រាល់ពេលមានបទល្មើស ឬអំពើអសន្តិសុខផ្សេងៗណាមួយកើតឡើង។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានផ្តោតសង្កត់ធ្ងន់លើបញ្ហាធំៗមួយចំនួន និងបានដាក់ចេញ បទបញ្ជាម៉ឺងម៉ាត់ទៅអធិការដ្ឋាន នគរបាលខណ្ឌទាំង១៤ និងកម្លាំងជំនាញពាក់ព័ន្ធយកទៅអនុវត្ត គឺបញ្ហាក្មេងទំនើង្ប បទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន និងសណ្តាប់ ធ្នាប់ចរាចរណ៍សាធារណៈ។ ដោយមួយរយៈចុងក្រោយនេះ លោកឧត្តមសេនីយ៍ស្នងការ បានពិនិត្យឃើញសកម្មភាពក្រុមក្មេងទំនើង ក៏បានកើត ឡើងជា បន្តបន្ទាប់ឡើងវិញ ប៉ុន្តែសមត្ថកិច្ចក្នុងនាមអ្នកអនុវត្តច្បាប់ មិនបណ្តែតបណ្តោយឱ្យសកម្មភាពនេះ អាចងើបឡើងមកវិញបានឡើយ ពោលគឺនឹងប្រើទាំងវិធានការទប់ស្កាត់ និងបង្ក្រាបឱ្យបានដាច់ខាត។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានណែនាំឱ្យមន្ត្រីបន្តយកចិត្តទុកដាក់ខ្ពស់ លើបញ្ហាកកស្ទះចរាចរណ៍ ព្រោះបញ្ហានេះ ជាទុកកង្វល់សំខាន់បំផុតរបស់ពលរដ្ឋអ្នកធ្វើ ដំណើរប្រចាំថ្ងៃ។ ដោយបានដាក់បញ្ជាឱ្យការិយា ល័យជំនាញ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវដាក់កម្លាំងចុះទៅសម្រួលលំហូរចរាចរណ៍ នៅតាមគោលដៅងាយទទួលរងនូវការកកស្ទះជាប្រចាំ។ បញ្ហាសណ្តាប់ធ្នាប់ ក៏ត្រូវតែពង្រឹងឱ្យបាន ខ្ពស់នៅតាមតំបន់ប្រជុំជន ក៏ដូចជាតំបន់ផ្សារមានការលក់ដូរ ដោយត្រូវយកចិត្តទុកដាក់រៀបចំឱ្យមានរបៀបរៀបរយ បញ្ចៀសបានពីការបាត់ បង់សណ្តាប់ធ្នាប់លើដងផ្លូវសាធារណៈ។

បញ្ហាគ្រឿងញៀន ក៏ត្រូវបានដាក់បញ្ជាឱ្យបង្កើនការយកចិត្តទុកដាក់ទ្វេគុណ ពិសេសបង្ក្រាបឱ្យចំគោលដៅទាំងតូច ទាំងធំ នៅតាម មូលដ្ឋាន និងតាមបណ្តាក្លឹបកម្សាន្ត សំដៅធ្វើយ៉ាងណា អនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ឱ្យមានប្រសិទ្ធិភាពខ្ពស់ ស្របតាម យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន របស់រាជ រដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃកម្ពុជា។ក្នុងនោះដែរ បញ្ហាម៉ូតូប្រើប្រាស់បំពង់ស៊ីម៉ាំងកៃច្នៃ ក៏ត្រូវបានដាក់ បញ្ជាទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ឱ្យទប់ស្កាត់ឱ្យមានប្រសិទ្ធភាព ព្រោះបញ្ហានេះ បានបង្កនូវជាក្តីរំខានទៅដល់ប្រជាពលរដ្ឋអ្នកដំណើរ និងពលរដ្ឋរស់នៅក្នុងលំនៅឋានជាដើម។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ណែនាំឱ្យបន្ត ឃាត់ម៉ូតូបំពាក់បំពង់ស៊ីម៉ាំងប្រែន មកកាន់អធិការដ្ឋាននគរ បាលខណ្ឌ ដើម្បីឱ្យសាមីខ្លួនដោះបំពង់ស៊ីម៉ាំងប្រែនចេញ និងយកបំពង់ស៊ីម៉ាំងដើមដែលត្រឹមត្រូវ យកមកធ្វើ ការផ្លាស់ប្តូរដោយខ្លួនឯង និងធ្វើការអប់រំ ហើយអញ្ជើញ អាណាព្យាបាលមកធានាទទួលកូនចៅ ទើបអនុញ្ញាតឱ្យត្រឡប់ទៅលំនៅឋានវិញ។

បន្ថែមពីការងារខាងលើ ឯកឧត្តមស្នងការ ក៏បានក្រើនរំលឹក ឱ្យសមត្ថកិច្ចពាក់ព័ន្ធ ពិសេសលោកអធិការនគរ បាលតាមបណ្តាខណ្ឌ ត្រូវ តាមដានចំពោះទីតាំង ឬលំនៅឋានទាំងឡាយណាដែលលួចលាក់បង្កប់ល្បែងស៊ីសង ឬអំពើឆបោកតាមប្រព័ន្ធអនឡាញខុសច្បាប់ ធ្វើយ៉ាងណា ត្រូវយកចិត្តទុកដាក់ស្រាវជ្រាវនិងកំណត់ឱ្យបានច្បាស់លាស់ ដើម្បីឈានទៅបង្ក្រាបឱ្យមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

RELATED ARTICLES