ខេត្តបាត់ដំបង ៖ អគ្គិភ័យមួយ បានឆាបឆេះកុដិឈើចាស់មួយខ្នង នៅក្នុងវត្តបួរខ្នា បង្កឱ្យខូចខាតគ្រែ ចំនួន៥ និងមានការភ្ញាក់ផ្អើលដល់ព្រះសង្ឃ និងប្រជាពលរដ្ឋ ជួយបាញ់ទឹកពន្លត់ និងរាយការណ៍ប្រាប់សមត្ថកិច្ច បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចុះអន្តរាគមន៍ភ្លាមៗ។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នៅចំណុចបរិវេណវត្តបួរខ្នា មានទីតាំងស្ថិតក្នុងឃុំវត្តតាមិម ស្រុកសង្កែ។

លោកយុត តុងហូ អធិការស្រុកសង្កែ បានបញ្ជាក់ប្រាប់ថា កុដិដែលត្រូវភ្លើងឆេះ ជាកុដិចាស់ទ្រុឌទ្រម ទុកចោល មិនមានព្រះសង្ឃគង់នៅទេ។ លោកអធិការ បានបន្តថា កុដិនោះ សាងសង់ពីថ្មក្រោម ឈើខាងលើ តែសមត្ថកិច្ចមិនទាន់ដឹងពីមូលហតុដែលនាំឱ្យមានអគ្គិភ័យកើតឡើងទាំងកណ្តាលថ្ងៃនេះនៅឡើយ។

តាមប្រភពអ្នកភូមិ នៅក្បែរវត្ត បានឱ្យដឹងថា កុដិដែលត្រូវភ្លើងឆេះ នៅក្បែរសាលារៀន ហើយគេមិនបានដឹងពីមូលហេតុទេ ស្រាប់តែសុខៗ មានអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ ជាមួយនឹងផ្សែងខ្មួលខ្មាញ់ ព្រះសង្ឃ រត់ប្រ សាចពេញវត្ត រីឯប្រជាពលរដ្ឋ ផ្អើលពេញភូមិ រត់ទៅជួយអន្តរាគមន៍ ជាមួយនឹងរថយន្តពន្លត់អគ្គិភ័យ របស់សមត្ថកិច្ច។

លោកអធិការស្រុកសង្កែ បានបញ្ជាក់ថា បើតាមការសាកសួរបឋម មន្ត្រីមូលដ្ឋាន បានប្រាប់ថា នៅក្នុងកុដិនោះ ពុំមានព្រះសង្ឃគង់នៅទេ ហើយក៏ពុំមានទុកដាក់សម្ភារអ្វីសំខាន់ដែរ មានតែគ្រែចាស់ៗ ចំនួន៥ប៉ុណ្ណោះ។

លោកអធិការ បានបញ្ជាក់ទៀតថា អគ្គិភ័យបានឆេះយ៉ាងលឿន ដោយសារកុដិឈើនោះ ទុកចោល រីឯរថយន្តពន្លត់អគ្គិភ័យ បានត្រឹមតែជួយបាញ់ទប់ស្កាត់កុំឱ្យឆេះរាលដាលតែប៉ុណ្ណោះ។ ចំពោះមូលហេតុ មន្ត្រីជំនាញបាននិងកំពុងធ្វើការស្រាវជ្រាវបន្ត៕


