ភ្នំពេញ ៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ បានប្រកាសព័ត៌មានស្តីពីជនជាតិកូរ៉េខាងត្បូង ២នាក់ ត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន ទម្ងន់ប្រមាណ២គីឡូក្រាម បម្រុងជិះយន្តហោះដឹកចេញទៅក្រៅប្រទេស។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សូមជម្រាបថា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ កម្លាំងជំនាញនៃការិយាល័យប្រឆាំបទល្មើសគ្រឿងញៀនឆ្លងដែន សហការជាមួយសមត្ថកិច្ចគយនិងរដ្ឋាករ នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឃាត់ខ្លួនបានជនសង្ស័យឈ្មោះ HAN KWANGSU ភេទប្រុស កើតឆ្នាំ២៩៨៣ ជនជាតិកូរ៉េខាងត្បូង។ រហូតមកដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ សមត្ថកិច្ចបានបន្តស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀត ឈ្មោះ CHO WONJUN ភេទប្រុស កើតឆ្នាំ១៩៨៨ ជាជនជាតិកូរ៉េខាងត្បូង ដែលពាក់ព័ន្ធក្នុងករណីគ្រឿងញៀនខាងលើ។
ក្នុងរង្វង់ប្រតិបត្តិការ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ ដកហូតបានវត្ថុតាងគ្រឿងញៀន ជាប្រភេទកេតតាមីន (KETAMINE) ទម្ងន់ ១ ៩៨៣ក្រាម ។

ក្រោមបញ្ចប់ប្រតិបត្តិការនេះ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំង២នាក់ ខាងលើ មកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ចំណែកបក្ខពួកដែលពាក់ពន្ធនឹងករណីគ្រឿងញៀន ខាងលើនេះ តំណាងអយ្យការ បានសម្រេចចោទប្រកាន់លើជនសង្ស័យទាំង២នាក់ និងបក្ខពួក ពីបទដឹកជញ្ជូននិងផ្តើមគំនិតក្នុងអំពើដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចស្ថានីយអ្នកដំណើរចេញ នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា៤០ និងមាត្រា៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

បន្ទាប់ពីតំណាងអយ្យការ ធ្វើការចោទប្រកាន់ជនសង្ស័យទាំង២នាក់ ជាផ្លូវការ សំណុំរឿងបានចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួរ ដើម្បីឃុំខ្លួនដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន រង់ចាំកាត់ទោសតាមផ្លូវច្បាប់៕