Tuesday, August 26, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចិន បង្ហោះដ្រូន នៅវិមានឯករាជ្យ ប៉ូលិសចាប់

ចិន បង្ហោះដ្រូន នៅវិមានឯករាជ្យ ប៉ូលិសចាប់

ភ្នំពេញ ៖ ជនជាតិចិន ចំនួន៥នាក់ បានបង្ហោះដ្រូន ពីខុនដូអគារខ្ពស់ ផ្តិតយករូបភាពម្តុំវិមានឯករាជ្យ និងទី ក្រុងកោះពេជ្រ ដោយគ្មានច្បាប់អនុញ្ញាត និងត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួនម្នាក់ ដែលជាអ្នកបញ្ជាដ្រូន យកទៅសាកសួរ។

ករណីបង្ហោះដ្រូននេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅចំណុចខុនដូ L H សណ្ឋាគារ OCEAN HOTEL តាមផ្លូវលេខ៩ ស្ថិតនៅក្នុងភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឱ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានប្រទះឃើញដ្រូនដែលបង្ហោះនៅលើអាកាស ក៏នាំគ្នាថតនិងអ្នកខ្លះបានទូរស័ព្ទរាយការណ៍ទៅសមត្ថកិច្ច។ ដ្រូននោះ បានបង្ហោះថតយករូបភាពជុំវិញវិមានឯករាជ្យ និងបង្ហោះបន្តទៅយក រូបភាពនៅជុំវិញកោះពេជ្រ ដោយសរុបមានដ្រូន ចំនួន២។

ភ្លាមៗនោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ និងកម្លាំងព្រហ្មទណ្ឌនៃអធិការដ្ឋានខណ្ឌចម្ការមន បានចុះធ្វើការស្រាវជ្រាវជាបន្ទាន់ រហូតដេញតាមដ្រូនមកដល់អគារខុនដូ L.H ហើយបានសហការជាមួយមេការគ្រប់គ្រងនៅអគារ ដើម្បីរកម្ចាស់ដ្រូន រហូតនាំយកជនបរទេសនៅសណ្ឋាគារ OCEAN HOTEL មានជនជាតិចិន សរុប៥នាក់ (ស្រី១) ក្នុងចំណោមនោះមានម្នាក់ ជាម្ចាស់និងជាអ្នកបង្ហោះដ្រូន ត្រូវបានសមត្ថកិច្ចនាំយកទៅសាកសួរនៅប៉ុស្តិ៍រដ្ឋបាល។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ថា ពិតជាបាននាំយកជនជាតិចិន ម្នាក់ ទៅសាកសួរ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ប្រាកដមែន ដោយជនបរទេសនោះ មានឈ្មោះ LIN YONGGUO ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EQ4150146 បានបង្ហោះដ្រូនចេញពីចំណុចអគារ LH ជាន់ទី១៥ (Crown Sky Bar) អគារលេខ១៣ ផ្លូវលេខ៩ ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។ ចំពោះសម្ភារៈដកហូត មានដ្រូន ចំនួន១គ្រឿង ពណ៌ប្រផេះ។

បន្ទាប់ពីធ្វើការសាកសួរ បុរសជនជាតិចិន ជាម្ចាស់ដ្រូន បានអះអាងថា គោលបំណងដែលខ្លួនបង្ហោះដ្រូន ចេញពីសណ្ឋាគារ ទៅម្តុំវិមានឯករាជ្យ និងទៅកោះពេជ្រ ដើម្បីថតយករូបភាពទៅបង្ហាញមិត្តភក្តិនៅប្រទេសចិន មិនមានបំណងលើសពីនេះទេ។

ជុំវិញករណីនេះ សមត្ថកិច្ចជំនាញបានអប់រំណែនាំ ធ្វើកិច្ចសន្យា និងដកហូតដ្រូន យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់៕

RELATED ARTICLES