Tuesday, August 26, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរឆក់ប៉ះនារីក្លាហាន ជិះម៉ូតូដេញបុក ចាប់បាន២នាក់

ចោរឆក់ប៉ះនារីក្លាហាន ជិះម៉ូតូដេញបុក ចាប់បាន២នាក់

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពជិះម៉ូតូដឹកគ្នា ឆក់ទូរស័ព្ទដៃរបស់នារីម្នាក់ បានសម្រេច បន្ទាប់ មកព្យាយាមជិះម៉ូតូគេចខ្លួន តែភ្លាមនោះត្រូវនារីរងគ្រោះជិះម៉ូតូប្រដេញតាមស្រែកថា “ចោរ!ៗ” លុះពេលដេញតាមទាន់ ក៏ជិះម៉ូតូបំបុកម៉ូតូជនសង្ស័យ បណ្តាលឱ្យដួល លដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចល្បាត ដេញចាប់ វាយខ្នោះជនសង្ស័យទាំង២នាក់ យកមកចាត់ការតាមច្បាប់។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង២រសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅតាមផ្លូវបេតុង ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យទាំង២នាក់ ទី១-ឈ្មោះម៉ៅ វាសនា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ ស្នាក់នៅភូមិ ដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ និងទី២-ឈ្មោះទូច សេរីបញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិព្រៃទ័រ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។ ចំពោះវត្ថុតាងដកហូតបាន រួមមាន ម៉ូតូ ១គ្រឿង ម៉ាក SUZUKI NEX ពណ៌ស ស៊េរីឆ្នាំ២០២៥ ពាក់ស្លាកលេខ ភ្នំពេញ 1KY-0069 ជារបស់ជនសង្ស័យជិះធ្វើ សកម្ម ភាពឆក់។

ចំណែកនារីរងគ្រោះ មានឈ្មោះហាយ ថារី អាយុ៣២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលស្ថិតនៅក្នុងភូមិទ្រា សង្កាត់ស្ទឹង មានជ័យទី៣ ខណ្ឌមានជ័យ។ រីឯទូរស័ព្ទដៃដែលត្រូវជនសង្ស័យឆក់នោះ ម៉ាក iPhone 12Pro Max ពណ៌មាស ត្រូវបាននគរបាលប្រគល់ជូនវិញ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះ បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1KT-4300 ធ្វើដំណើរតាមផ្លូវបេតុង ភូមិទួលពង្រ ស្រាប់តែមានជនសង្ស័យទាំង២នាក់ ជិះម៉ូតូ ១គ្រឿង បានជិះមកអែប ក្បែរ រួចឆក់ទូរស័ព្ទបានសម្រេច ហើយព្យាយាមជិះរត់គេចខ្លួន តែភ្លាមនោះ នារីរងគ្រោះបានជិះម៉ូតូប្រដេញតាម ស្រែកថា “ចោរ!ៗ” លុះពេលដេញតាមទាន់ នារីរងគ្រោះបានជិះម៉ូតូបំបុកម៉ូតូជនសង្ស័យ បណ្តាលឱ្យដួលម៉ូតូ។ ភ្លាមនោះ ជនសង្ស័យបានស្ទុះក្រោករត់គេច តែត្រូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី១ ជិះម៉ូតូល្បាតទៅដល់ ជួយដេញតាមឃាត់ខ្លួនជនសង្ស័យបាន ទាំង២នាក់ ព្រមទាំងដកហូតទូរស័ព្ទដៃ បានមកវិញ រួចប្រគល់ជូននារីរងគ្រោះវិញ។

ជនសង្ស័យទាំង២នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES